បើយកមិត្តភាពធ្វើជាស្នេហា ១​គឺ​បាន​ទាំង​អស់ ២​គឺ​បាត់បង់​ទាំង​អស់ – Kalib9 ជីវិតកម្សាន្ត | Pelklas

បើយកមិត្តភាពធ្វើជាស្នេហា ១​គឺ​បាន​ទាំង​អស់ ២​គឺ​បាត់បង់​ទាំង​អស់

គួរ​ឬ​អត់​មាន​ស្នេហា​ដែល​ចាប់​ផ្ដើម​ពី​មិត្តភាព? តើ​ពួក​យើង​នឹង​ទទួល​បាន​សង្សារ បូក​រួម​នឹង​មិត្ត​១០០​ឆ្នាំ ឬ​ក៏​សូម្បី​តែ​មិត្តភ័ក្ដិ ក៏​មិន​អាច​រក្សា​បាន​នោះ?

តើ​អ្នក​ជឿ​ទេ​ថា រវាង​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​អាច​គ្រាន់​តែ​មិត្ត​ធម្មតា​បាន។ ការ​ពិត​បាន​គឺ​បាន​ហើយ តែ​នឹង​ដល់​រយៈពេល​មួយ នឹង​មាន​ម្នាក់​ក្នុង​ចំណោម​២​នាក់ ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​សម្រាប់​បុគ្គល​ម្នាក់​ទៀត។ ការ​ពិត​មាន​ស្នេហា​មិន​តិច​ឡើយ​ដែល​ចាប់​ផ្ដើម​ពី​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ។ មាន​មនុស្ស​ជា​ច្រើន ស្រលាញ់​មនុស្ស​រាប់​មិន​អស់ ដល់​ចុង​បញ្ចប់​ទើប​ដឹង​ថា អ្នក​ដែល​ក្បែរ​យើង ទើប​ជា​មនុស្ស​ដែល​យល់​ពី​យើង​ជាង​គេ។

យើង​នៅ​ជាមួយ​គ្នា​យូរ​ទៅ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​នឹង​គ្នា ហើយ​បើ​អារម្មណ៍​នេះ ដុះ​ចេញ​ពី​សងខាង​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ។ យ៉ាងណាមិញ ស្រលាញ់​មិត្ត​ជិតស្និទ្ធ​ប្រៀប​ដូច​ជា​​ការ​លេង​ល្បែង​ដែរ ១​គឺ​អ្នក​បាន​ទាំង​អស់ និង​២​គឺ​អ្នក​បាត់បង់​ទាំង​អស់។ មនុស្ស​មួយ​ចំនួន ស្រលាញ់​គេ​​តែ​មិន​ហ៊ាន​និយាយ​ចេញ ត្បិត​ខ្លាច​មិន​បាន​ទាំង​ស្នេហា ហើយ​បាត់​មិត្តភ័ក្ដិ​ទៀត។ ដោយ​ហេតុផល​នេះ ពួក​គេ​បាន​បាត់បង់​ឱកាស​ដើម្បី​បាន​នៅ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់ គួរ​ឲ្យ​សោកស្ដាយ។

អីចឹង ​តើ​យើង​គួរ​ស្រលាញ់​មិត្តភ័ក្ដិ​ឬ​អត់? ចម្លើយ​គឺ​ស្ថិត​នៅ​លើ​បេះដូង​របស់​អ្នក ហើយ​គ្មាន​ដំបូន្មាន​ណា​ល្អ​ជាង​នេះ​ឡើយ ព្រោះ​ស្នេហា​គឺ​ជា​រឿង​ធម្មជាតិ​មិន​អាច​ហាម​ឃាត់​បាន​ឡើយ ចង់​មក​ក៏​មក ចង់​ទៅ​ក៏​ទៅ។ មាន​​គូស្នេហ៍​មិន​តិច​ទេ ដែល​ចាប់​ផ្ដើម​ពី​មិត្តភ័ក្ដិ​រហូត​ដល់​រៀបការ​នឹង​គ្នា។ ដូច​នេះ​ហើយ នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​សូម​ស្ដាប់​បេះដូង​យើង​ដែរ៕

ប្រភព៖កញ្ញា