CBC ប្រកាសផលិតផលថ្មី Credit Report Plus

រាជធានីភ្នំពេញ, ០៦​​ មករា ២០២២ ​- ក្នុងកិច្ចបន្តការប្រឹងប្រែងកែលម្អអក្ខរកម្មហិរញ្ញវត្ថុ នៅកម្ពុជា ការិយាល័យឥណទានកម្ពុជា (CBC) ពិតជាមានសេចក្ដីសោមនជាក្រៃលែងក្នុងការប្រកាសនូវផលិតផលថ្មីគឺ Credit Report Plus។

នេះជាមុខងារសេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដែលមានតែនៅលើកម្មវិធីទូរស័ព្ទដៃ CBC Mobile App តែប៉ុណ្ណោះ។ មុខងារនេះនឹងជួយឱ្យអ្នកខ្ចីប្រាក់គ្រប់រូបអាចគ្រប់គ្រងសុខភាពហិរញ្ញវត្ថុរបស់ខ្លួនបាន។

CBC Chair   Mdm Chea Serey

មុខងារ Credit Report PLUS រួមបញ្ចូលរបាយការណ៍ឥណទាន និងពិន្ទុ ខេ-ស្ករ នៅក្នុងមុខងារតែមួយ ដោយបង្ហាញអ្នកខ្ចីឱ្យឃើញ ពីស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់ខ្លួន។ មុខងារនេះផ្តល់ជូនក្នុងតម្លៃសមរម្យជាងការបញ្ជាទិញរបាយការណ៍ឥណទាន និងពិន្ទុ ខេ-ស្ករ ដាច់ដោយឡែកពីគ្នា ដែលជួយឱ្យការពិនិត្យសុខភាពហិរញ្ញវត្ថុបានគ្រប់ជ្រុងជ្រោយ និងមានតម្លៃសមរម្យ សម្រាប់ អ្នកប្រើប្រាស់ពេញផ្ទៃប្រទេស។ អតិថិជនដែលបានស្នើសុំរបាយការណ៍សុខភាពហិរញ្ញវត្ថុតែមួយមុខពី CBC ឥឡូវនេះអាចទាញយកនូវអត្ថប្រយោជន៍ (1 Credit Report + 1 K-Score) នៃមុខងារ Credit Report PLUS ដោយចំណាយបន្ថែមតិចតួចបំផុត។

CBC CEO   Mr Oeur Sothearoath

តាមរយៈការកែលម្អពិន្ទុ ខេ-ស្ករ របស់ខ្លួន អ្នកប្រើប្រាស់ទំនងជាអាចបង្កើនកម្រិតកម្ចីរបស់ខ្លួនបានច្រើន ដោយអាស្រ័យលើគោលការណ៍ ផ្តល់កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា។ ពិន្ទុនោះរំលេចឡើងនូវភាពសក្តិសមនឹងទទួលបានឥណទានរបស់អតិថិជនណាម្នាក់ជាចំនួនទោល ដែលជួយឱ្យអ្នកខ្ចីបានដឹងថាខ្លួនស្ថិតក្នុងស្ថានភាពបែបណាហើយ។

លោក អឿ សុធារ័ត្ន អគ្គនាយកប្រតិបត្តិរបស់ CBC មានប្រសាសន៍ថា៖​ «យើងខ្ញុំបានសម្ភោធឲ្យប្រើប្រាស់មុខងារ Credit Report PLUS ដើម្បីឲ្យស្របតាមតម្រូវការឱ្យកាន់តែប្រសើរឡើង ហើយផ្តល់នូវជម្រើសតាមការពេញចិត្ត ដល់អ្នកប្រើប្រាស់ បន្ទាប់ពីបានសម្ភោធឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់យើងខ្ញុំបាន ១ឆ្នាំរួចមកហើយ។ មុខងារថ្មីនេះសំដៅកែលម្អអក្ខរកម្មហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ឥរិយាបថហិរញ្ញវត្ថុ ប្រកបដោយ ការទទួលខុសត្រូវនៅកម្ពុជា។ អ្នកខ្ចីនឹងបានឃើញទិដ្ឋភាពសុខភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែច្បាស់ ហើយនឹងអាចធ្វើការកែលម្អ ភាពសក្តិសមនឹងទទួលបានឥណទានរបស់ខ្លួន រក្សាពិន្ទុ ខេ-ស្ករ ហើយរាយការណ៍ពីភាពអសុក្រឹត្យទាំងឡាយ នៅក្នុងរបាយការណ៍ឥណទាន របស់ខ្លួនបាន។

យោងតាមទិន្នន័យចុងក្រោយ ក្នុងរបាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលប្រចាំត្រីមាសទី៣ បោះពុម្ពដោយ CBC ការដាក់ពាក្យសុំ ឥណទានរបស់អ្នកប្រើប្រាស់ កើនឡើងបាន ៣៨ភាគរយ ធៀបនឹងត្រីមាសទី២។ ទិន្នន័យបានបង្ហាញពីកំណើនសមតុល្យកម្ចីបាន ៥.៨៤ ភាគរយ។ កម្ចី៣០ថ្ងៃ ផុតកំណត់សង ក៏កើនឡើងបាន៦ភាគរយដែរ ដែលចំណុចនេះបង្ហាញពីសារៈសំខាន់នៃការបង្កើតប្រព័ន្ធជឿជាក់មួយ ដែលវាយតម្លៃហានិភ័យឥណទានបានភ្លាមៗ។ ជាមួយនឹងមុខងារ Credit Report Plus អ្នកខ្ចីអាចធ្វើការសម្រេចចិត្ត ដោយមានការគិតគូរប្រសើរជាងមុន។

Credit Report Plus

មុខងារថ្មីលើកម្មវិធីទូរស័ព្ទដៃ CBC Mobile នេះនឹងបង្កើនអក្ខរកម្មហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបង្កើតនូវបរិយាកាសមួយដែលអាចឱ្យវិស័យហិរញ្ញវត្ថុអាចរីកចម្រើនបាន។ កាលណាសុខភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីត្រូវបានគេស្គាល់ទុកចិត្ត នោះអ្នកផ្តល់កម្ចី អាចបែងចែកកម្ចីដោយភាពជឿជាក់ ហើយបណ្តាអ្នកខ្ចីអាចធ្វើការកែលម្អភាពសក្តិសមនឹងទទួលបានឥណទានរបស់ខ្លួនបានដែរ។

ប្រព័ន្ធប្រកបដោយតម្លាភាពមួយនេះនឹងលើកទឹកចិត្តអ្នកខ្ចីឱ្យគិតគូរដល់សុខភាពហិរញ្ញវត្ថុរបស់ខ្លួន តាមរយៈការរក្សារបាននូវពិន្ទុ ខេ-ស្ករ ខ្ពស់ ដែលផ្តល់ភាពបត់បែនផ្នែកហិរញ្ញវត្ថុផងដែរ។

របាយការណ៍ឥណទានផ្ទាល់ខ្លួន គូសបង្ហាញយ៉ាងព្រឹតព្រាងនូវប្រវត្ដិកម្ចីរបស់អ្នកប្រើប្រាស់ ហើយពិន្ទុ ខេ-ស្ករ ប្រើវិធីវិភាគទិន្នន័យឈានមុខ ដើម្បីប្រមូលផ្តុំប្រវតិ្តនេះ ចូលជាពិន្ទុទោល ដែលចង្អុលបង្ហាញពីភាពសក្តិសមនឹងទទួលបានឥណទានរបស់អ្នកខ្ចីម្នាក់នោះ។

សព្វថ្ងៃ CBC ជាគ្រឹះស្ថានរាយការណ៍ឥណទានតែមួយនៅកម្ពុជា ដែលផ្តល់ជូននូវរបាយការណ៍ឥណទាន និងពិន្ទុ ខេ-ស្ករ។

អំពីក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី

ចាប់តាំងពីឆ្នាំ២០១២ មក ស៊ីប៊ីស៊ី បានក្លាយជាអ្នកផ្ដល់ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយបែបវិភាគ និង សេវា​កម្មរបាយការណ៍ឥណទានដ៏ឈានមុខគេ ជូនដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនក្នុង ព្រះរាជាណាចក្រកម្ពុជា។ ស៊ីប៊ីស៊ីជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងការលើកទឹកចិត្តសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានបុគ្គល, របាយការណ៍ឥណទានក្រុមហ៊ុន, ពិន្ទុឥណទាន(ខេ-ស្ករ), របាយការណ៍បែបវិភាគទិន្នន័យ, សេវាគ្រប់គ្រងផលប័ត្រ, សេវាត្រួតពិនិត្យផលប័ត្រ, និងដំណោះស្រាយតាមតម្រូវការអតិថិជន។