ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨

 

កំណើតចិត្តវិទ្យា

ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨ ព្រោះនាពេលនោះប្រទេសអាឡឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។

ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំនាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និង ស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីអោយប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។

ទាំងអស់នេះគឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និង ពិតប្រាកដ ដំបូងគេ ដែលត្រូវបានអោយឈ្មោះថា ចិត្តវិទ្យា។

នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែក ក្នុង ការងារ ឫ ការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា ដូចជា លោក ហេមហូល វន់ ហ៊ើមេន។

Hermann_von_Helmholtz

លោក ហេមហូល វន់ ហ៊ើមេន (Hermann von Helmholtz) ជា រូបវិទូ និង គ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ មួយរូប ដែលបានធ្វើការពិសោធន៍ទាក់ទងទៅនឹងល្បឿននៃការបញ្ជូនព័ត៌មានរបស់កោសិកាប្រសាទ ណឺរ៉ូនមួយទៅកោសិកាប្រសាទណឺរ៉ូនមួយទៀតរបស់មនុស្ស។

លោកបានអោយមនុស្សជាច្រើនជាង ១០០០ នាក់ ដែលបានស្ម័គ្រចិត្តចូលរួមការពិសោធន៍ ឈរកាន់ដៃគ្នាតាមផ្លូវទួលមួយ បន្ទាប់មកលោកបានកំណត់ពេល និង ចាប់ផ្ដើមរលាក់ដៃអ្នកដែលនៅមុខគេបង្អស់ ហើយលោកបានជិះស្គីចុះតាមទួលរហូតដល់អ្នកចុងក្រោយគេបង្អស់ហើយចាំគេរលាក់ដៃគាត់វិញទើបឈប់កំណត់ពេល។

ដោយការពិសោធន៍នេះ លោកអាចគណនានូវល្បឿននៃការបញ្ជូនព័ត៌មានរបស់ណឺរ៉ូនបានតាមរយៈការយកប្រវែងសរសៃរឈាមមនុស្សពីដៃម្ខាងទៅខួរក្បាល ហើយពីខួរក្បាលទៅដៃម្ខាងទៀត បន្ទាប់មកគុណនឹងចំនួនមនុស្ស ១០០០ នាក់ ហើយចែកនឹងរយៈពេលដែលបានវាស់កំណត់។

ដោយសារតែកាលពីមុន មនុស្សជឿថាល្បឿនបញ្ជូនព័ត៌មានរបស់ណឺរ៉ូនគឺមានល្បឿនលឿនណាស់ ពុំអាចវាស់ស្ទង់បានឡើយ ដោយហេតុនេះហើយការពិសោធន៍របស់លោក ហ៊ើមេន បានបញ្ជាក់អោយឃើញថាមនុស្សចាប់ផ្ដើមឈានជើងមួយជំហានទៀតក្នុងការសិក្សាចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រ។

លោក វេបឺ អើន (Ernst Weber) ជា គ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ ដែលត្រូវបានអោយឈ្មោះថា ជាអ្នកបង្កើតចិត្តវិទ្យាផ្នែកការពិសោធន៍។ លោកបានធ្វើការពិសោធន៍ទាក់ទងនឹងប្រវែងបន្ទាត់ដែលចាំបាច់បន្ថែមលើបន្ទាត់មួយទៀតថាតើចាំបាច់បន្ថែមប្រវែងប៉ុន្មាន ទើបអាចដឹងថាវែងជាង បើប្រៀបទៅនឹងប្រវែងដើម។

Ernst_Heinrich_Weber

ការពិសោធន៍របស់លោកបានបញ្ជាក់អោយឃើញថា ប្រវែងដែលត្រូវបន្ថែមអាស្រ័យនឹងប្រវែងដើមរបស់បន្ទាត់មានន័យថា ផលចែករវាងបម្រែបម្រួលប្រវែងនឹងប្រវែងដើមរបស់បន្ទាត់ស្មើនឹងចំនួនថេរមួយ។

សេចក្ដីសន្និដ្ឋាននេះបានបង្ហាញអោយឃើញវិញ្ញាណរបស់មនុស្សអាចសិក្សាតាមបែបវិទ្យាសាស្ត្របានដោយប្រើគណិតវិទ្យា ហើយ សេចក្ដីសន្និដ្ឋាននេះផងដែរបានក្លាយជាច្បាប់មួយដែលអាចអនុវត្តក្នុងវិញ្ញាណទាំង៥របស់មនុស្ស មានឈ្មោះថា ច្បាប់វេបឺ (Weber’s Law)។

ការពិសោធន៍របស់លោកទាំងពីរខាងលើក៏ដូចជាការពិសោធន៍ផ្សេងៗជាច្រើនទៀតបានបើកចំហផ្លូវកាន់តែធំឆ្ពោះទៅកាន់កំណើតរបស់ចិត្តវិទ្យា។ អ្នកដែលលើផ្លូវនេះដំបូងគេគឺលោក វ៉ុន វែលហេម។

លោក វ៉ុន វែលហេម (Wilhelm Wundt) ជា គ្រូពេទ្យ ជាទស្សនវិទូ ជីវវិទូ ចិត្តវិទូ ព្រមទាំងជាសាស្ត្រាចារ្យ ជនជាតិអាឡឺម៉ង់ម្នាក់ ដែលត្រូវបានស្គាល់ថាជា ចិត្តវិទូដំបូងគេបំផុតដោយសារលោកបានបង្កើតទីពិសោធន៍សម្រាប់ចិត្តវិទ្យា និង បានសរសេរសៀវភៅទាក់ទងនឹងចិត្តវិទ្យាដំបូងគេ ព្រមទាំងជា បិតានៃចិត្តវិទ្យាសម័យទំនើប។ លោកបានសិក្សាចិត្តវិទ្យាដោយប្រើវិធី អន្ដោបនីជ្ឈាន (Introspection) ដែលមានន័យថា ការត្រួតពិនិត្យចិត្ត គំនិត សម្បជញ្ញៈ របស់ខ្លួន។

លោកបានហ្វឹកហ្វឺនមនុស្សមួយក្រុមដោយអោយពួកគេចេះត្រួតពិនិត្យ ហើយរាយការណ៍អំពីអ្វីដែលកើតឡើងក្នុងចិត្តរបស់ពួកគេ នៅពេលលោកធ្វើការពិសោធ ដូចជាការបង្ហាញរូបភាព សំលេង សកម្មភាព ឬ វត្ថុផ្សេងៗទៅកាន់ពួកគេ។

គោលបំណងរបស់លោកគឺ ចង់ដឹងថា តើអារម្មណ៍ដែលយើងមាននៅពេលធ្វើអ្វីមួយដោយសម្បជញ្ញៈខុសពីឥតសម្បជញ្ញៈដូចម្ដេចខ្លះ តើសម្បជញ្ញៈរបស់មនុស្សមានទម្រង់ដូចម្ដេច ដែលបច្ចុប្បន្នគំនិតត្រូវអោយឈ្មោះថា ទម្រង់និយម (Structuralism)។

មានការជជែកវែកញែក ក៏ដូចជា សំនួរជាច្រើនរវាងអ្នកវិទ្យាសាស្ត្រ ស្ដីពីវិធីដែលលោក វែលហេមប្រើ ព្រោះការសិក្សារបស់លោកដោយប្រើវិធីនេះគឺមិនមែនសិក្សាពីសម្បជញ្ញៈរបស់មនុស្សដោយផ្ទាល់នោះទេ គឺលោកចាំបាច់ពឹងផ្អែកលើអ្នកដែលលោកបានហ្វឹកហ្វឺនក្នុងការរាយការណ៍ ហើយម្យ៉ាងវិញទៀតមានចម្ងល់ជុំវិញសំនួរមួយថា តើមនុស្សពិតជាអាចរាយការណ៍ពីអ្វីក្នុងចិត្តគេបានត្រឹមត្រូវ ច្បាស់លាស់ដែលអាចទទួលយកជាការពិត ដែរមែនទេ។

មិនយូរប៉ុន្មានចិត្តវិទ្យាចាប់ផ្ដើមរីករាលដាលដល់ប្រទេសដទៃ ជាពិសេស ប្រទេសអាមេរិច ដែលគេឃើញមានអ្នកប្រាជ្ញអាមេរិចចាប់ផ្ដើមចូលរួមក្នុងការអភិវឌ្ឍចិត្តវិទ្យា ដូចជាលោក ជេម វីលាម។

លោក ជេម វីលាម (William James) ជា ទស្សនវិទូ និង ចិត្តវិទូ ជនជាតិ អាមេរិច ដែលបានអោយឈ្មោះថា បិតាចិត្តវិទ្យាប្រទេសអាមេរិច។ លោកជាអ្នកពូកែគិតត្រិះរិះម្នាក់ ហើយលោកបានសរសេរសៀវភៅដ៏មានសារៈសំខាន់ទាក់ទងនឹងចិត្តវិទ្យា មានឈ្មោះថា “គោលការណ៍នៃចិត្តវិទ្យា” (Principles of Psychology) នៅឆ្នាំ ១៨៩០។

លោក ហ្វ្រ័ដ សេកម៉ន (Sigmund Freud) ជា គ្រូពេទ្យពេទ្យសរសៃរប្រសាទ (neurologist) ជនជាតិ អូទ្រីស ដែលជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចិត្តវិទ្យា។ ទស្សនៈរបស់លោកមានអត្ថន័យថា មនុស្សគ្រប់រូបទាំងអស់មានផ្នែកខ្មៅងងឹត ដែលសូម្បីតែខ្លួនឯងក៏ពុំដឹង។ លោកបានបែងចែកផ្នែកនៅខាងក្នុងចិត្តមនុស្សជា ៣ ផ្នែកធំៗ៖

– អ៊ីត (បកប្រែថា “វា”, English: id, German: das Es): ជាផ្នែកទទួលរងឥទ្ធិពលពីធម្មជាតិ ដែលមានក្នុងចិត្តមនុស្សតាំងពីជំនាន់មនុស្សនៅក្នុងសម័យយុគដំបូង។ ផ្នែកនេះរ៉ាប់រងនូវ ចំណង់ តណ្ហា អ្វីដែលមនុស្សចង់បាន ចង់ធ្វើស្រេចតែអំពើចិត្ត។

– ស៊ុបពើ-អ៊ីហ្គូ (បកប្រែថា “លើខ្ញុំ”, English: super-ego, German: das Über-Ich): ជាផ្នែកទទួលរងឥទ្ធិពលពីសង្គម ជាផ្នែកដែលចង់អោយខ្លួនជាមនុស្សល្អអត់ខ្ចោះ ជាមនុស្សដែលគេគោរពស្រឡាញ់ សរសើរ ដែលមានភាពជាអ្នកដឹកនាំ ដែលមានផលប្រយោជន៍ក្នុងសង្គម។

– អ៊ីហ្គូ (បកប្រែថា “ខ្ញុំ”, English: ego, German: das Ich): ជាផ្នែកដែលមានតូនាទីសម្របសម្រូល អ៊ីត និង ស៊ុបពើ-អ៊ីហ្គូ។ អ៊ីហ្គូចាំបាច់បំពេញតំរូវការរបស់ អ៊ីត ហើយមិនប៉ះពាល់ដល់ ស៊ុបពើ-អ៊ីហ្គូ។

ប្រភពទាំងស្រុងពី៖ េវីគីភីឌា