ផ្លែចេកត្រូវបានគេដឹងថាសម្បូរទៅដោយវីតាមីន និងសារធាតុសំខាន់ៗដែលមានគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងសម្រស់ ថែមទាំងអាចយកមកធ្វើជាភេសជ្ជៈ និងយកមកថែរក្សាសម្រស់ផ្ទៃមុខបានទៀតផង។ សូម្បីតែសម្បកចេកនោះក៏មានគុណតម្លៃមិនស្ទើរដែរ។
តោះ! ថ្ងៃនេះមកមើលពីគុណសម្បត្តិ និងវិធីធ្វើតែពីផ្លែសម្បកចេកទាំងអស់គ្នាដូចខាងក្រោម៖
១. វិធីធ្វើតែងាយៗចេញពីផ្លែចេក
គ្រឿងផ្សំ
-ចេក ១ស្និតទាំងសម្បក (យកទាំងសម្បកដោយគ្រាន់តែកាត់ក្បាលនិងកន្ទុយចេញលាងទឹកឱ្យស្អាត ឬកាត់ជាកង់ៗក៏បាន )
-ទឹក ៦ពែង
-ទឹកឃ្មុំ ឬ ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon) ដើម្បីបង្កើនរសជាតិ
ការអនុវត្ត
-ជាដំបូងដាំទឹកឱ្យពុះ បន្ទាប់មកដាក់ផ្លែចេកដែលកាត់ក្បាល និងកន្ទុយចេញនោះចូលស្ងោរឱ្យវាចេញជាតិប្រមាណជា ១០នាទីឱ្យវាឡើងប្រែពណ៌ បន្ទាប់មកអ្នកអាចយកទឹកវាមកច្រកទុកប្រើការបានហើយ
ឥរាល់ពេលទទួលទាន អាចបន្ថែមទឹកឃ្មុំ ឬ ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon) ពីលើតាមចំណូលចិត្តជាការស្រេច។
ចំណាំ៖ ចេកដែលអ្នកយកមកប្រើជាតែគួរតែជាចេកធម្មជាតិគ្មានជាតិគីមី ។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់អ្នកគួរតែជ្រើសរើសយកចេកដែលរាងស្ទើរទុំ មានលាយពណ៌បៃតងប្រសើរជាង ទើបមានប្រយោជន៍ជួយដល់ការដុតបំផ្លាញជាតិខ្លាញ់បានល្អ។ សម្រាប់អ្នកដែលជំនួយសុខភាពធម្មតាអ្នកអាចប្រើចេកទុំជាធម្មតាដោយគ្មានបញ្ហា។
# គុណសម្បត្តិធំៗរបស់តែធ្វើពីផ្លែចេក
១. ជួយបន្ថយសម្ពាធឈាម
ជាតិប៉ូតាស្យូមនៅក្នុងផ្លែចេកទាំងមូលអាចជួយធ្វើឱ្យបេះដូងមានសុខភាពល្អ បន្ថយសម្ពាធលើសសៃឈាមឱ្យមានតុល្យភាពល្អសម្រាប់អ្នកដែលមានជំងឺលើសឈាម ព្រមទាំងជួយកាត់បន្ថយភាពតានតឹងក្នុងសសៃឈាមផងដែរ។ ។
២. ជំនួយដល់ការគេង
តែធ្វើចេញពីផ្លែចេកសម្បូរទៅដោយជាតិ Tryptophan Serotonin Dopamine ដែលមានប្រយោជន៍អាចជំនួយដល់ការគេង ឱ្យអ្នកគេងលក់ស្រួល គេងលក់ស្កប់ស្កល់ និងអ្នកដែលមានជំងឺគេងមិនលក់ជាដើម។
៣. ជំនួយដល់បញ្ហាផ្លូវចិត្ត
សារធាតុ Dopamine និង Serotonin នៅក្នុងផ្លែចេក ក៏មានលទ្ធភាពអាច ជួយគ្រប់គ្រងកម្រិតអ័រម៉ូនស្ត្រេសធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើងបានផងដែរ។ ការទទួលទានតែពីផ្លែចេកជាប្រចាំអាចជួយបន្ធូរបន្ថយភាពតានតឹង បំបាត់ជំងឺស្ត្រេស និងជំងឺធ្លាក់ទឹកចិត្តបានយ៉ាងប្រសើរ។
៤. ពង្រឹងសុខភាពឆ្អឹង
សារធាតុរ៉ែសំខាន់ៗមួយចំនួននៅក្នុងផ្លែចេកដូចជាម៉ង់ហ្កាណែស និងម៉ាញ៉េស្យូម អាចជួយធ្វើឱ្យឆ្អឹងរបស់អ្នករឹងមាំមានសុខភាពល្អ បន្ថយការរលាកសន្លាក់ឆ្អឹង និងបង្ការហានិភ័យនៃជំងឺពុកឆ្អឹងនៅពេលដែលអ្នកមានវ័យកាន់តែចាស់បានផងដែរ។
៥. ជំនួយដល់ប្រព័ន្ធរំលាយអាហារ
ជាតិប៉ូតាស្យូម និងម៉ាញ៉ស្យូមនៅក្នុងផ្លែចេកក៏អាចមានលទ្ធភាពជំនួយដល់សុខភាពប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ជំរុញដល់ចលនាពោះវៀនធំដែលអាចជួយព្យាបាលជំងឺទល់លាមក ជំងឺហើមពោះ ការដុះក្បាលពោះ និងអាការរមួលក្រពើបានទៀតផង។ ម្យ៉ាងវិញទៀតវាក៏អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារអាចធ្វើការស្រូបយកសារធាតុសំខាន់ពីរបបអាហារមកចិញ្ចឹមរាងកាយបានប្រសើរជាងពេលធម្មតាបានផងដែរ។
៦. ធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ
វីតាមីន A និងវីតាមីនC ដែលមាននៅក្នុងផ្លែចេក បានដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជំនួយឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយកាន់តែរឹងមាំ មានលទ្ធភាពទប់ទល់នឹងជំងឺផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសជួយបង្កើនកោសិកាគ្រាប់ឈាមស និងការពារពីជំងឺភ្នែកផ្សេងៗដូចជាជាជំងឺឡើងបាយជាដើម។
៧. ជួយដល់ការសម្រកទម្ងន់
វីតាមីនB ជាតិប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែធ្វើចេញពីផ្លែចេកអាចជួយធ្វើឱ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ដោយសារតែ ភេសជ្ជៈតែធ្វើចេញពីផ្លែចេកមួយនេះអាចជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរីមិនល្អចេញពីរាងកាយ ថែមទាំងជួយបំបាត់ចំណង់អាហារ និងធ្វើឱ្យអ្នកឆ្អែតបានយូរមិនសូវឃ្លានដូចមុនបានផងដែរ៕