កូរ៉េខាងត្បូង៖ ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ក្រោយពីលេចឮដំណឹងថា កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ នេះ តារាសម្តែងដែលជាគូស្នេហ៍ដ៏ស័ក្តិសម Song Joong Ki និង Song Hye Kyo (ហាន់ ជីអ៊ុន) បានសម្រេចដាក់ពាក្យលែងលះគ្នាតាមផ្លូវច្បាប់។
នៅក្នុងនោះ លោក Song Joong Ki បានសរសេរសំបុត្រផ្លូវការមួយច្បាប់ផងដែរថា «
លោកសុំអភ័យទោសចំពោះអ្នកគាំទ្រចំពោះដំណឹងមិនល្អមួយនេះ តែលោកបានសម្រេចចិត្តធ្វើការលែងលះហើយ ហើយលោកក៏សង្ឃឹមថាវានឹងដំណើរការដោយរលូន និងបញ្ចប់ដោយសន្តិនិធី។ បន្ថែមពីនោះលោកក៏បាននិយាយថា លោកមិនចង់និយាយពីហេតុផលអ្វីនោះទេ ព្រោះវាជារឿងផ្ទាល់ខ្លួនដែលពិបាកនឹងធ្វើការបកស្រាយណាស់។ ជាចុងក្រោយលោកនឹងខិតខំធ្វើការងារសម្តែងរបស់លោកឱ្យល្អជាងមុន ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្របន្តទៅទៀត »។
ចំណែកឱ្យអ្នកពាក្យផលិតកម្ម United Artists Agency របស់ភាគី Song Hye Kyo បានចេញមកបកស្រាយដែរថា ៖ « វាជារឿងអកុសលមួយ ដែលធ្វើឱ្យអ្នកទាំងអស់គ្នាមិនសប្បាយចិត្ត។ ក្រោយការគិតគូរយ៉ាងល្អិតល្អន់ តារាសម្ដែង Song Hye Kyo និងស្វាមីបានសម្រេចចិត្តលែងលះគ្នាហើយ ហើយហេតុផលនៃការលែងលះគឺដោយសារអត្តចរិតខុសគ្នា ររស់នៅមិនចុះសម្រុង និងព្រោះតែអ្នកទាំងពីរមិនអាចពុះពារនឹងភាពខុសគ្នារបស់ពួកគេបាន ពួកគេបង្ខំចិត្តឈានដល់ការសម្រេចចិត្តនេះ។ យើងខ្ញុំសុំមិនបញ្ជាក់វែងឆ្ងាយអំពីរឿងបុគ្គលទៀតនោះទេ សង្ឃឹមថាអ្នកគាំទ្រមិនបន្តរឿងអាស្រូវនេះឱ្យក្លាយទៅជារឿងធំដុំ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ»។
គួរឱ្យដឹងផងដែរថា អតីតគូស្នេហ៍ Song Joong Ki និង Song Hye Kyo (ហាន់ ជីអ៊ុន) បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ បន្ទាប់ពីបានចាប់ចិត្តលើគ្នាក្រោយពីសម្តែងខ្សែភាពយន្ត រឿង ម្ចាស់ព្រះអាទិត្យ ឬ Descendants of the Sun ដែលមិនធ្លាប់លេចឮបញ្ហា ឬជម្លោះណាមួយនោះទេ ស្រាប់តែសុខៗមានដំណឹងលែងលះតែម្តង ធ្វើឱ្យបណ្តាអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង៕