សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ដោយសារតែភាពមានះ និងយល់ថាអ្វីដែលខ្លួនឯងធ្វើសុទ្ធតែត្រូវ បានធ្វើឱ្យក្រុមហ៊ុនទូរស័ព្ទដ៏ល្បីមួយដួលរលំរហូតដល់សព្វថ្ងៃ!

By Shield

July 16, 2019

Nokia គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បី ពេញនិយម និងនាំមុខគេនៅលើពិភពលោក បានត្រូវដួលរលំដោយសារតែប្រធានក្រុមហ៊ុនខ្សោយមិនមានចក្ខុវិស័យវែងឆ្ងាយ និងមិនព្រមផ្លាស់ប្តូរខ្លួនឲ្យទាន់សម័យកាល។

នៅខែកញ្ញា ឆ្នាំ២០១៣ ក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់ពិភពលោក Nokia បានប្រកាសលក់ក្រុមហ៊ុនទាំងមូលទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក្នុងតម្លៃ ៧.១៧ពាន់លានដុល្លារអាមេរិក ដោយសារតែមិនអាចប្រកួតប្រជែងនៅលើទីផ្សារបានតទៅទៀត ខណៈតម្លៃកាលពីមិនទាន់មានវត្តមានទូរស័ព្ទចុចលើអេក្រង់ ក្រុមហ៊ុននេះមានតម្លៃដល់ទៅជាង ៥០ពាន់លានដុល្លារអាមេរិកឯណោះ។

លោក Stephen Elop នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានប្រសាសន៍នៅថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ក្រុមហ៊ុនទាំងទឹកមុខក្រៀមក្រំ លាយឡំដោយទឹកភ្នែកថា៖ “យើងមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែយើងបរាជ័យ។”

ក្រុមហ៊ុនផលិតទូរស័ព្ទមួយនេះ បានក្លាយជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក ខណៈពេលដែលមិនទាន់មានវត្តមានទូរស័ព្ទ iPhone កាលពីឆ្នាំ ២០០៧។ ប៉ុន្តែក្រោយពេលដែលមានវត្តមានទូរស័ព្ទស្មានហ្វូននេះភ្លាម បានធ្វើឱ្យមនុស្សម្នាងាកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ ស្របពេលជាមួយគ្នានេះ បណ្តាក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងៗទៀត បានព្យាយាមអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ដែលមានតែ Nokia ប៉ុណ្ណោះដែលនៅតែយល់ថា ខ្លួននៅតែល្អដាច់គេ និងនៅតែជឿជាក់ថា មនុស្សនឹងនៅតែប្រើប៊ូតុងចុច។

ដោយមានអំនួតលើផលិតផលរបស់ខ្លួន ហើយដោយសារតែមិនបានសម្លឹងមើលឱ្យបានវែងឆ្ងាយ ធ្វើឱ្យកាលលក់នៅលើទីផ្សាររបស់ Nokia កាន់តែធ្លាក់ចុះបន្តិចម្តងៗប្រមាណ៦០ភាគរយជាប់ៗគ្នារយៈពេល២ឆ្នាំ រហូតទម្រាំតែភ្ញាក់ខ្លួនអភិវឌ្ឍនបច្ចេកវិទ្យារបស់ខ្លួន វាស្ទើរតែហួសពេលទៅហើយ។

ក្រោយពីព្យាយាមអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនបរាជ័យជាច្រើនលើក ធ្វើឱ្យក្រុមហ៊ុននេះអស់ជំនឿថានឹងអាចប្រកួតប្រជែងលើទីផ្សារបានតទៅទៀត ដោយសារតែការអភិវឌ្ឍន៍ទៅលើរូបរាង ទៅផ្ទៃផ្នែកខាងក្នុងនៃទូរស័ព្ទ ទៅលើ Software និងHardware ពុំសូវទទួលបានការចាប់អារម្មណ៍ ទើបក្រុមហ៊ុននេះសម្រេចលក់ទៅឱ្យក្រុមហ៊ុន Microsoft តែម្តង និងបានបញ្ឈប់បុគ្គលិករបស់ខ្លួននៅក្នុងឆ្នាំ ២០១៣នោះ ប្រមាណជិត៣ម៉ឺននាក់។

បច្ចុប្បន្ន អ្នកដែលធ្លាប់ប្រើប្រាស់ទូរស័ព្ទ Nokia និងជាអតិថិជនពិតរបស់ Nokia នៅតែមានជំនឿថា អតីតក្រុមហ៊ុនយក្សមួយនេះ នឹងអាចត្រលប់មកវិញ ដោយផ្តល់ទំនុកចិត្តថ្មីដល់អ្នកប្រើប្រាស់ ហើយកាលពេលថ្មីៗនេះ វត្តមានសាជាថ្មីរបស់ទូរស័ព្ទដៃ Nokia ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត បានកំពុងទាក់ចិត្តអ្នកដែលធ្លាប់ប្រើប្រាស់ផលិតផល Nokia ទ្រាំចាំទិញស្ទើរតែមិនបាន៕

“ការផ្លាស់ប្តូរគឺជារឿងដ៏លំបាក ប៉ុន្តែវានៅតែជាជម្រើសដ៏ល្អបំផុត”

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia