សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មូលហេតុហួសចិត្ត ​ដែលគេដាក់ឈ្មោះត្រីមួយប្រភេទនេះយ៉ាងអាក្រក់ស្តាប់ថា « ត្រីក្តចិន​ »

By Shield

July 16, 2019

ប្រហែលជាមានមនុស្សមិនតិចអ្នកទេ ​ដែលមានចម្ងល់ដូចៗគ្នាថា  ហេតុអ្វីបានជាត្រីងៀតប្រភេទនេះ មានឈ្មោះអាក្រក់ម្ល៉េះ? ​ហេតុអ្វីឈ្មោះថា  ត្រីក្ដចិន? ឯមានអ្នកខ្លះទៀតជាតិនិយម បែរជាសួរថាម៉េចមិនដាក់ថា ត្រីក្ដខ្មែរ? ​Sic!

ការពិតត្រីនេះ ជាប្រភេទត្រីខ្សោយ ឆាប់ងាប់ ឆាប់អន់សាច់ ហើយកម្រឃើញបានមកទាំងរស់ដូចត្រីផ្សេងៗណាស់។ ដើមឡើយ ត្រីនេះ គេកម្រហូប ពិសេសអ្នកនេសាទ ចាត់ទុកវាជម្រើសចុងក្រោយសម្រាប់អាហារ ព្រោះសាច់ផុយៗ ជ្រាយៗ​ សាបៗមិនសូវមានជាតិ ស្លស្លុកមិនសូវត្រូវ ។ ទើបតែក្រោយៗមក ពេលត្រីមិនសូវសម្បូរ គេចាប់ផ្ដើមច្នៃធ្វើប្រហិត​ ធ្វើងៀតនេះឯង។

ចុះហេតុអីបានក្ដចិន មិនមែនក្ដខ្មែរ ឬក្ដអីផ្សេង? យើងអាចពិចារណា  និងមើលទៅលើ ២ចំណុចធំៗមួយនេះ ៖

១. ចិន៖ ត្រីនេះមានសម្បុរស ដែលខ្មែរយើងសម្គាល់ថា ឲ្យតែសគឺចិន ឬបារាំង។

២. ក្ដ៖  ត្រង់នេះមានចរិតលក្ខណៈ ២ហេតុផលផ្សេងទៀត ​អាចថាជាការហៅនេះ មានលក្ខណៈបង្អាប់ បន្ទាប ព្រោះត្រីនេះ ខ្សោយ ទន់ជ្រាយ មិនធន់ ហើយតូចៗផង។  ហើយហេតុផលម្យ៉ាងទៀតជាការជេរដោយកំហឹង ពីព្រោះអ្នកនេសាទមិនចូលចិត្តត្រីមួយប្រភេទនេះ ទេ។ ពេលវាជាប់ពិបាកដោះធ្មេញវាណាស់ ​ជួនកាលបំផ្លាញមងច្រើន ហើយសាច់វាក៏គេមិនចូលចិត្តទទួលទានដែរ ។ ថាមិនត្រូវ អ្នកនេសាទ អាចនឹងនិយាយថា មិនដឹងជាត្រីក្ដអីទេ ឬក្ដអីទេ…។ល។ ហើយក្ដអីៗ យូរទៅ ក៏អាចក្លាយទៅជាក្ដចិន ផ្អែកតាមចំណុចទី១ខាងលើនេះ។

មានមតិមួយចំនួនទៀតក៏បានលើកឡើងថា ​ឈ្មោះត្រីក្តចិន ​អាចជាឈ្មោះដែលជនជាតិវៀតណាមដាក់ទៅវិញ ​ដោយហេតុថា  ជនជាតិវៀតណាមស្អប់ចិន ខ្លាំងណាស់។

ទោះមានហេតុផលយ៉ាងណាក៏ដោយ  តែដោយផ្អែកតាមចរិតលក្ខណៈមិនល្អរបស់ត្រីមួយនេះហើយ ​ដែលខ្មែរមិនអាចដាក់ថាក្ដខ្លួនឯងទេ ដូច្នេះកុំទាមទារយកមកធ្វើជាកម្មសិទ្ធិយើងអីណា ៕

ប្រភព៖ គណនីហ្វេសបុក  Thou Sok