ភ្នំពេញ៖ ប្រិយមិត្តគ្រប់គ្នាបានដឹងរួចមកហើយថា បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជិត ៣ខែរួចមក អ្នកនាង ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា កំពុងតែពរពោះទៅតាមបំណង។
ជាក់ស្តែងទោះជាកំពុងតែពរពោះក្តី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែទទួលការងារការសម្តែង Concert ជានិច្ច តែគ្រាន់តែត្រូវបានគេការពារ និងកាត់បន្ថយការងារខ្លះៗកុំឱ្យធ្ងន់ពេកប៉ុណ្ណោះ។ តែមិននឹកស្មានដល់សោះថា អ្នកនាង បានទទួលការងារថ្មីមួយ ទាំងមិនបានប្រាក់កម្រៃ នោះគឺការថតស្ពតដើម្បីចូលរួមចំណែកមួយក្នុងការងារសប្បុរសធម៌ដាំកូនឈើមួយ។
ដោយនៅក្នុងនោះ កញ្ញា សាឡាត់ស្រីឡាង ដែលជាអ្នករៀបចំកម្មវិធីនេះម្នាក់ដែរ បានសរសេររៀបរាប់ថា៖« អត់និយាយលេងទេណាហេតុអ្វីបានស្រលាញ់ មកឈរថតស្ពតដាំកូនឈេីទាំងកំពុងពពោះ សួរថាបាន1រៀលអត់គឺ No អស់លុយសាំងគាត់វិញ សួរថាក្ដៅអត់ អ្នកថតកុនដឹងហេីយ ភ្លេីងក្ដៅមិនបាច់និយាយម៉ាសុីនត្រជាក់ក៏ជួយមិនបាន សំខានឈរថតទៀត️❤️ពេលនឹងអាណិតគាត់តែគាត់វិញញញឹមរហូតអត់អីទេអូន អត់អីទេ….មួយថ្ងៃដែលត្រូវសំរាកមុនទៅក្រៅប្រទេសគាត់អត់សំរាកទេមកថត hmmm បងនឹងខ្ញុំជាប់កម្មជាមួយព្រៃឈេីហេីយ តែល្អត្រង់ពេលប្រុសតូចកេីតគឺកូនឈេីធំល្មម ពេលគាត់ធំដេីមឈេីនោះជាច្រេីនទុកសំរាប់ជាម្លប់ដល់គាត់ ជូនពរសុខភាពល្អទាំងម្ដាយទាំងកូនណាបង❤️#ប្រុសតូចព្រៃឈេី❤️ »។
នេះពិតជាស័ក្តសមជាតារាចម្រៀងដ៏ល្បីប្រចាំប្រទេសយើងមែន មិនត្រឹមតែមានសមត្ថភាពចម្រៀង តែអ្នកនាងតែងតែចូលជួយជួយការងារសង្គមស្ទើរមិនដាច់ ថែមទាំងមិនដែលផ្សព្វផ្សាយយកមុខយកមាត់ផងដែរ ដែលតាមប្រភពហ្វេនជិតស្និទ្ធរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានឱ្យដឹងថា អ្នកនាងតែងតែចូលជាថវិកា និងរួមចំណែករៀបចំកម្មវិធីសប្បុរសធម៌ជាច្រើនរាប់មិនអស់ផងដែរ៕