សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសរសើរ និងយកគម្រូតាម! ​វត្តអារាម « ព្រៃឆ្លាក់» នៅខេត្តស្វាយរៀង បានរៀបចំបាយទឹកឱ្យសិស្សក្រីក្រ ដែលមកប្រលងបាក់ឌុបទទួលទានដោយឥតគិតថ្លៃទាំង៣ថ្ងៃ!

By Shield

August 19, 2019

ស្វាយរៀង៖ ជាការពិតណាស់ ​ការប្រលងបញ្ចប់ការសិក្សាថ្នាក់ទី ​១២ ​ទុតិយភូមិ នៅក្នុងឆ្នាំនេះមិនខុសពីឆ្នាំមុនទេ ​ដោយការប្រលងសុទ្ធតែត្រួវរឹតបន្តឹង ​និងមានវិន័យច្បាស់លាស់  ដែលជាហេតុធ្វើឱ្យសិស្សគ្រប់គ្នាសង្វាតសិក្សាតាំងពីដើមឆ្នាំមកម្ល៉េះមិនហ៊ានប្រហែលនោះទេ ​ដោយការប្រលងឆ្នាំនេះប្រព្រឹត្តិនៅថ្ងៃទី ​១៩ ​និង ២០ ​ខែសីហា ​ឆ្នាំ ​២០១៩ ។

អ្វីដែលកាន់តែភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងវត្តអារាមមួយកន្លែងនៅខេត្តស្វាយរៀង គឺវត្ត « ព្រៃឆ្លាក់» មិនត្រឹមតែជាទីគោរពសក្ការបូជាដ៏ថ្លៃថ្លានៃព្រះពុទ្ធសាសនាទេ ​តែទាំងព្រះសង្ឃ  និងបរិស័ទចំណុះជើងវត្តបានមូលមតិគ្នារៀបចំការរៀបចំបាយទឹកសម្រាប់សិស្សដែលមកប្រលងនៅវត្តព្រៃឆ្លាក់ផងដែរ។

ដោយការផ្តល់ជូនអាហារនេះនឹងផ្តល់ជូន អាណាព្យាបាល​ និងបេក្ខជន​ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១៩-២០​ ខែសីហា​ ឆ្នាំ២០១៩​  ដែលមានជីវភាពខ្វះខាត ហើយក៏អាចមកស្នាក់នៅវត្តព្រៃឆ្លាក់បានដែរ​ ចាប់ពីថ្ងៃទី១៨-២០​ ខែសីហា​ ឆ្នាំ២០១៩​  ដោយអាហារមានទាំង៣ពេល ​ពេលព្រឹកបបរ ​ហើយថ្ងៃត្រង់ និងល្ងាច ​គឺបាយសម្ល។

គួរឱ្យដឹងផងដែរថា  ការរៀបចំបាយទឹកជូនសិស្សក្រីក្រដែលមកប្រលងយកសញ្ញាបត្រ ក្រៅពីផ្តួចផ្តើមដោយ វត្តព្រៃឆ្លាក់ ​នៅក្នុងនោះមានសប្បុរសជនជិតឆ្ងាយជាច្រើនបាននាំគ្នាចូលរួមទាំងលុយកាក់ ​ទឹកសុទ្ធ ​បន្លែ ​ត្រី ​សាច់តាមលទ្ធភាពដែលខ្លួនមាន ​ដែលកាន់តែពិសេសនោះ ​ លោក​ តូច​ ប៉ូលីវ៉ា​ អនុប្រធាន​ សសយក​ ខេត្ត​ តំណាងលោក ឌី​ វិជ្ជា​ ប្រធាន​ សសយក​ ខេត្តស្វាយរៀង​ បាននាំយកសម្ភាររួមមានអង្ករ​ បន្លែត្រសក់​ ត្រឡាច​ ស្ពៃក្តោប​ ស្ពៃបូកគោ​ ការ៉ុត​ ដំឡូងបារាំង​ ខ្ទឹមបារាំងយកទៅប្រគេនព្រះចៅអធិការវត្តព្រៃឆ្លាក់សម្រាប់ចូលរួមចំណែកជាមួយព្រះចៅអធិការ​ ដេីម្បីទុកធ្វេីអាហារទទួលអាណាព្យាបាល​ និងបេក្ខជន​ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៀតផង៕