សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គន្លឹះ

តិចនិច ៧ យ៉ាងជួយអោយអ្នកផ្តោតអារម្មណ៍បានល្អពេលកំពុងរៀន

By Shield

August 26, 2019

ការផ្តោតអារម្មណ៍លើកិច្ចការអ្វីមួយជារឿងសំខាន់ ហើយការអានជារឿងមួយដែលអាចជួយអោយខ្លួនយើង មានការលូតលាស់ខាងគំនិតដែរ។ ទម្លាប់សិក្សា មានការពិបាកបន្តិចសម្រាប់បុគ្គលចាប់ផ្តើមរៀនជាលើកដំបូង ជាពិសេសពិបាកក្នុងការផ្តោតអារម្មណ៍ក្នុងការសិក្សាមុខវិជ្ជាផ្សេងៗ។

តិចនិច ៧ យ៉ាងខាងក្រោមនេះអាចជួយអ្នកផ្តោតអារម្មណ៍បានល្អបំផុតនៅពេលអ្នកកំពុងសិក្សា

១. ការប្រើប្រាស់ទូរស័ព្ទ

ត្រូវបា្រកដថាទូរស័ព្ទរបស់អ្នកមានសំលេងស្ងៀមស្ងាត់ពេលអ្នកកំពុងសិក្សា បើជៀសវាងបានអ្នកគួរដាក់ទូរស័ព្ទអោយនៅឆ្ងាយពីខ្លួនអ្នកទើបជាការល្អ។ នៅពេលទូរស័ព្ទបញ្ចេញពន្លឺប្រាប់ពីព័ត៌មានម្តងៗ ភ្នែករបស់ខ្ញុំតែងក្រឡេកមើលរហូតស្ទើរគ្រប់ពេល ហើយនេះជាឧទាហរណ៍ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់ ដើម្បីជៀងវាង ខ្ញុំតែងផ្កាប់មុខទូរស័ព្ទទៅនឹងតុរៀនជានិច្ច។

២. ការប្រើប្រាស់ពេលវេលា

ជាការល្អ អ្នកគួរពិចារណាលើពេលវេលាដែលអ្នករៀន គ្មាននរណាម្នាក់រៀនជាប់ជានិច្ចទេ មនុស្សពូកែភាគច្រើន គេមានការកំណត់ពេលវេលារបស់គេ។ ការកំណត់ម៉ោងច្បាស់លាស់ក្នុងការរៀនជារឿងមួយធ្វើអោយមានទម្លាប់ល្អ និងជួយពន្លឿនការរៀនសូត្របានឆាប់រហ័ស ជាមួយនឹងពេលវេលាសម្រាកគ្រប់គ្រាន់របស់ពួកគេ។ អ្នកគួរពិចារណាបែងចែកពេលវេលាក្នុងការសិក្សា និងការសម្រាក។

៣. ដាស់តឿនខ្លួនឯង

អាហារជារឿងមួយចាំបាច់ដែលមនុស្សគ្រប់គ្នាត្រូវគិត អ្នកមិនអាចចៀសវាង ឬបង្អត់ អាហារខ្លួនឯងបានទេ ព្រោះសុខភាពជារឿងសំខាន់ទីមួយ។ អ្នកត្រូវញុំាអាហារអោយបានទៀងទាត់ទើបជារឿងដ៏ល្អបំផុត។ អ្នកមិនអាចរៀនទាំងហេវហត់ អស់កម្លាំង គ្មានថាមពលបានឡើយ វាអាចធ្វើអោយអ្នកប្រឈមមុខនឹងជម្ងឺផ្សេងៗ។

៤. លើកទឹកចិត្ត

នៅពេលអ្នកសម្រាកពីការរៀនសូត្រ អ្នកត្រូវស្វែងរកពេលវេលារីករាយខ្លះជាមួយមិត្តភក្តិ ដៃគូ ក្រុមគ្រួសារ។ អ្នកអាចបង្ហាញពីអារម្មណ៍នឹករលឹក ចែករំលែកភាពសប្បាយរីករាយផ្សេងៗ ដើម្បីបន្ធូរអារម្មណ៍ ភាពតានតឹង ក៏ដូចជាការលើកទឹកចិត្តខ្លួនឯងអោយខិតខំរៀនសូត្រផងដែរ។

៥. ការចែកជាជំហានតូចៗ

កុំព្យាយាមសិក្សាក្នុងរយៈពេលជាប់គ្នាពេក ជាក់ស្តែងនៅសាលា ឬសាកលវិទ្យាល័យ​ មានការរៀបចំម៉ោងសម្រាកសម្រាប់សិស្ស និងនិស្សិតទាំងអស់យ៉ាងហោច ១៥នាទីដែរ។ ការសម្រាកបែបនេះ អាចកាត់ន្ថយការធុញទ្រាន់ មានភាពស្រឡះ អារម្មណ៍ល្អឡើងវិញ។ ហើយអ្នកក៏អាចប្រើប្រាស់ទូរស័ព្ទ អានសៀវភៅ ឬធ្វើកិច្ចការផ្សេងៗទាក់ទងនឹងការរៀនផងដែរ។

៦. ជៀសវាងការសិក្សាជុំគ្នាជាមួយមិត្តភក្តិ

ស្តាប់មើទៅហាក់មិនគួរសម ប៉ុន្តែមានយុវជ័យជាច្រើនកំពុងខ្ជះខ្ជាយពេលវេលាយ៉ាងច្រើន ពេលនៅជុំគ្នាម្តង ពួកគេអាចលែងហ្គេម សកម្មភាពឥតប្រយោជន៍ ឬនិយាយលេងច្រើន ដូចនេះបើសិនជាអាចជៀសវាង សូមអ្នកពិចារណាលើចំនុចនេះផងដែរ។ ផ្ទុយមកវិញបើអ្នកនៅជុំគ្នា អ្នកអាចដាស់តឿនមិត្តភក្តិ ជៀសវាងនិយាយច្រើនរំខានដល់ការសិក្សាក្នុងក្រុម។

៧. ដាក់សំឡេងកំដរអារម្មណ៍ក្នុងការសិក្សា

អ្នកអាចដាក់ចម្រៀងបែបស្ងៀមស្ងាត់កំដរអារម្មណ៍ដែលមាននៅក្នុងអ៊ីនធឺណែត ឬទូរស័ព្ទដៃរបស់អ្នក ដើម្បីអោយអារម្មណ៍ផ្តោតសំខាន់លើការសិក្សា ជៀសវាងការចាក់លឺៗ អ្នកមិនអាចទទួលរឿងពីរបានល្អក្នុងពេលតែមួយទេ។ ម្យ៉ាងទៀត ពេលអ្នកកំពុងសម្រាកពីការសិក្សាអ្នកអាចស្តាប់ចម្រៀងដែលអ្នកចូលចិត្ត ឬចម្រៀងដែលអាចលើកទឹកចិត្តអ្នកក៏បាន។

ប្រភព society19.com

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent & Geo