ម្នាស់ត្រូវបានគេរកឃើញថាមានសារធាតុ និងវីតាមីនល្អៗជាច្រើនដែលមិនត្រឹមតែជំនួយសុខភាពពេលទទួលទានទេ តែការប្រើប្រាស់ជាគ្រឿងផ្សំរូបមន្តថែស្បែកមុខបែបធម្មជាតិក៏អាចជួយឱ្យផ្ទៃមុខស្អាតបានដែរ ដោយមានគុណប្រយោជន៍ជាច្រើនរួមមាន៖
-សម្បូរសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ការពារ និងប្រឆាំងការរលាកផ្សេងៗលើស្បែកមុខ
-កម្ចាត់កោសិកាស្បែកចាស់ៗដែលខូចខាតចោលឱ្យអស់ ផ្តល់នូវកោសិកាស្ពែកថ្មីដ៏ស្រស់ផូរផង់
-បំបាត់មុខស្នាម និងខ្មៅស្រអាប់បណ្តាលពីកម្តៅថ្ងៃ ដោយផ្តល់ផ្ទៃមុខ ស ភ្លឺចែងចាំងស្អាត
-កម្ចាត់ខ្លាញ់ និងសារធាតុកខ្វក់ពីផ្ទៃមុខ ព្រមទាំងការពារ និងព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទ
-ធ្វើឱ្យស្បែកមុខ ស ទន់ ភ្លឺ ម៉ដ្ឋរលោងដូចស្បែកកូនក្មេង ពិសេសគឺពន្យារភាពចាស់ និងការពារស្នាមជ្រីវជ្រួញផងដែរ។
ដូច្នេះមកតាមដានវិធី៥យ៉ាងក្នុងការប្រើម្នាស់ឱ្យស្បែកមុខស្អាតដូចខាងក្រោមនេះ៖
១. ម្នាស់ និងខ្ទិះដូង
គ្រឿងផ្សំ
-ម្នាស់ ២ ទៅ៣ចំណិត
-ខ្ទិះដូង ១ពែង
ការអនុវត្ត៖ យកម្នាស់ និងខ្ទិះដូងក្រឡុកឱ្យហ្មត់ជាល្បាយមួយ រួចយកទៅលាបលើផ្ទៃមុខឱ្យសព្វម៉ាស្សាថ្នមៗ។ ទុកឱ្យវាស្ងួត សឹមលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។
ចំណាំ៖ អ្នកអាចអនុវត្តវិធីមួយនេះ ២ ទៅ៣ដងក្នុងមួយសប្តាហ៍។
២. ម្នាស់ និងប្រេងអូលីវ
គ្រឿងផ្សំ
-ម្នាស់ ២ ទៅ៣ចំណិត
-ប្រេងអូលីវ ២ ទៅ៣ស្លាបព្រាបាយ
ការអនុវត្ត៖យកម្នាស់ក្រឡុកឱ្យហ្មត់ រួចលាយជាមួយនឹងប្រេងអូលីវ។ បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ៤០នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់។
ចំណាំ៖ អាចប្រើវិធីនេះ ៤ដងក្នុងមួយសប្តាហ៍ ដោយបន្ថែមទឹកឃ្មុំទៀតរឹតតែបង្កើនប្រសិទ្ធភាព។
៣. ម្នាស់ និងស៊ុត
គ្រឿងផ្សំ
-ម្នាស់ ២ ទៅ៣ចំណិត
-ស៊ុត ១គ្រាប់ យកតែផ្នែកពណ៌.ស
ការអនុវត្ត៖ យកម្នាស់ និងស៊ុតពណ៌.ស ក្រឡុកឱ្យហ្មត់ រួចយកល្បាយនេះមកលាបលើផ្ទៃមុខឱ្យសព្វ។ ទុកចោលយ៉ាងហោចឱ្យបាន ១ម៉ោងសិន ចាំលាងចេញជាមួយនឹងទឹកត្រជាក់ធម្មតាក៏បាន ឬទឹកក្តៅឧណ្ហៗក៏បាន។
ចំណាំ៖អនុវត្តវិធីនេះឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
៤. ម្នាស់ និងជែលប្រទាលកន្ទុយក្រពើ
គ្រឿងផ្សំ
-ម្នាស់ ១ ទៅ២ចំណិត
-ជែលប្រទាលកន្ទុយក្រពើ ២ ទៅ៣ស្លាបព្រា
ការអនុវត្ត៖ យកម្នាស់ និងជែលប្រទាលកន្ទុយក្រពើក្រឡុកឱ្យហ្មត់ បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ៤៥នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់។
ចំណាំ៖អាចអនុវត្តវិធីមួយនេះ ៥ដងក្នុងមួយសប្តាហ៍។
៥. ម្នាស់
ងាយៗគ្រាន់តែយកចំណិតម្នាស់មកជូតលើផ្ទៃមុខរបៀបជាម៉ាស្សាថ្នមៗ បន្ទាប់មកទុកឱ្យវាស្ងួតរយៈពេល ៣០នាទី ទៅ ៤០នាទីសិន ចាំលាងចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។
ចំណាំ៖ អ្នកអាចអនុវត្តវិធិនេះជារៀងរាល់ថ្ងៃក៏បានដែរ។
បញ្ជាក់៖ សម្រាប់អ្នកដែលប្រតិកម្មជាមួយនឹងម្នាស់ហាមប្រើជាដាច់ខាត ឬក៏អាចសាកល្បងលាបលើខ្នងដៃសាកល្បងសិនក៏បាន៕