ការរៀនពេទ្យគឺជាក្តីស្រមៃរបស់មនុស្សភាគច្រើន ដោយសារតែជាការងារដែលគេគិតថាឡូយ អស្ចារ្យ ជាពិសេសថែមទាំងរកលុយបានច្រើនទៀតផង។ តែសម្រាប់ការសិក្សាមិនមែនជាការងាយនោះទេ ថែមទាំងចំណាយពេលរៀនច្រើនឆ្នាំផងដែរ លើសពីនោះមិនមែនថាមានលុយរៀនទើបអាចចូលរៀនតែម្តងនោះទេ នោះគឺត្រូវឆ្លងកាត់ការប្រលងចូលសិន ប្រសិនជាប្រលងជាប់ទើបមានសិទ្ធបង់ថ្លៃសិក្សាចូលរៀនបាន។
ដូច្នេះសម្រាប់អ្នកដែលទើបតែប្រលងជាប់ថ្មីៗ តោះមកអានពីគន្លឹះនៃការប្រលងចូលសាលាពទ្យមួយចំនួនដូចខាងក្រោមនេះ៖
១. សួរខ្លួនឯងថា ចង់រៀនពិតប្រាកដអត់?
វាអាចថាជាគន្លឹះសំខាន់មួយដែរ ព្រោះថានៅពេលដែលអ្នកមានចិត្តរៀន និងមានឆន្ទះខ្ពស់ចង់ចូលរៀនពេទ្យ និងចង់ក្លាយទៅជាគ្រូពេទ្យនាពេលអនាគត អ្នកនឹងខិតខំប្រឹងប្រែងខ្លាំងជាមិនខាន។ តែមិនមែនជាការចង់រៀនដោយសារតែឃើញគេល្អ គេរកលុយបាន ឬការបង្ខំពីក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួនឡើយ។
២. ខ្លួនឯងមានសមត្ថភាពឬអត់?
ចូលរៀនពេទ្យ មិនមែនថាចង់រៀនក៏រៀនបានទេ ព្រោះការរៀនពេទ្យត្រូវការរៀនទ្រឹស្តីច្រើន អានសៀវភៅច្រើនណាស់ ឯការអនុវត្តលើសាកសពមនុស្ស និងសត្វឆៅៗក៏មាន។ ដូច្នេះត្រូវសួរខ្លួនឯងថា តើអ្នកពិតជាមានសមត្ថភាពរៀនពេទ្យឬអត់? អ្នកឆ្លាតវៃក្នុងការសិក្សាឬអត់? អ្នកពូកែអានសៀវភៅឬអត់? តើអ្នកខ្លាចឈាមឬក៏អត់? បើថាលំៗទេកុំប្រថុយរៀនពេទ្យអី។
៣. បាននិទ្ទេសអ្វីទើបរៀនពេទ្យបាន?
កាលពីមុនមានតែអ្នកបាននិទ្ទេសល្អទើបអាចប្រលងចូលពេទ្យបាន តែពេលនេះអ្នកមាននិទ្ទេសជាប់អ្វីក៏ដោយក៏អាចមានសិទ្ធប្រលងបានដែរ ដោយការប្រលងមានការរឹតបន្តឹងណាស់ គ្មានការបើកចម្លង ឬស៊ីសំណូកឡើយ។
៤. ប្រលងលើវិញ្ញាសារអ្វី?
ជាធម្មតា និងរៀងរាល់ឆ្នាំ ការប្រលងថ្នាក់ជាតិគេប្រលងតែលើមុខវិជ្ជា ៣ តែប៉ុណ្ណោះ មានដូចជា គណិតវិទ្យា គីមីវិទ្យា និង ជីវវិទ្យា ។ ដោយវិញ្ញាសារប្រលង មិនមែនមានលក្ខណៈ QCM ទាំងអស់នោះឡើយ មានទាំងបំពេញចន្លោះខ្លះ និងឆ្លើយសំនួរខ្លះ ដោយមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា ត្រូវបានដកចេញពីលំហាត់ចេញក្នុងសៀវភៅ ពុម្ពក្រសួងអប់រំទាំងស្រុង។ គីមីវិទ្យាភាគច្រើនចេញតែសំនួរទេ ហើយចេញដូចក្នុងសៀវភៅពុម្ពក្រសួងទាំងអស់ ជីវវិទ្យាក៏ដូចគ្នាដែរ។ ចំពោះគណិតវិទ្យាមានសៀវភៅពីរ គឺសៀវភៅកម្រិតមូលដ្ឋាន និងសៀវភៅកម្រិតខ្ពស់។ តែវាមិនងាយស្រួលទេ ព្រោះអ្នកត្រូវធ្វើដោយរហ័សបន្តិច ដោយសារតែសំនួរ និងលំហាត់មានច្រើន តែពេលវេលាខ្លីណាស់។
៥. មុនប្រលងត្រៀមអ្វីខ្លះ?
ក្រោយថ្ងៃប្រលងបាក់ឌុបចប់ អ្នកគួរតែមករៀនគួរបន្ថែមនៅតាមសាលានានាក្នុងរាជធានីភ្នំពេញ ជាពិសេសគឺសាលាជ័យថាវី ដើម្បីរៀនវិញ្ញាសារបន្ថែម។
សូមជូនពរប្អូនៗដែលត្រៀមប្រលងចូលពេទ្យ ទទួលបានជោគជ័យណា!
រក្សាសិទ្ធ៖ Kalib9