សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គុណប្រយោជន៍នៃការពិនិត្យអេកូ ​ដែលអ្នកជាម្តាយគ្រប់រូបគួរយល់ដឹងពេលមានផ្ទៃពោះ!

By Shield

September 10, 2019

ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ ជាធម្មតាអ្នកម្តាយត្រូវពិនិត្យអេកូសាស្ត្រ អោយបាន ៥ដង ទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ ប៉ុន្តែបើសិនក្នុងករណីណាមួយមិនធម្មតា អ្នកត្រូវពិនិត្យបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង។

ការពិនិត្យអេកូសាស្ត្រឲ្យបាន ៥ដងនេះ គឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖

១) លើកទី១ (នៅពេលបាត់រដូវ)៖

– តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?

– ទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?

២) លើកទី២ (១២សប្តាហ៍ – ១៥សប្តាហ៍)៖

– តើកូនតែមួយ ឬភ្លោះ? (ភ្លោះអាច ២ ឬ ៣ ឬ ៤)

– ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ

– វាស់កម្រាស់កញ្ចឹងកកូន (clarté nucale) និងពិនិត្យរក trisomie 21

– ភាពមិនប្រក្រតីរបស់ទារក (malformation):

• សន្ទះទ្រូងចំហ (hernie diaphragmatique)

• ពោះវៀនចេញក្រៅ (laparoschisis)

• ទារកអត់លលាដ៏ក្បាល (anencéphalie)

– តើជាកូនពង (កូនដែលមិនមានរូបរាងជាទារក grossesse môlaire) ឬកូនធម្មតា

– កំណត់ភេទកូន ស្រី ឬ ប្រុស ។

៣) លើកទី៣ (២៣សប្តាហ៍ – ២៥សប្តាហ៍)៖

ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក:

– ខួរក្បាល (មានទឹកក្នុងខួរក្បាល។ល។)

– មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប។ល។)

– បេះដូង (បេះដូងប្រហោង។ល។)

– សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ។ល។)

– ឆ្អឹងខ្នង សន្ទះទ្រូង (hernie diaphragmatique)

– អវយវៈ (លើស ឬខ្វះ)

៤) លើកទី៤ (៣៣សប្តាហ៍ – ៣៥សប្តាហ៍)៖

– ការលូតលាស់ និងសុខភាពទារក

– ទម្រង់ និងទម្ងន់កូន

– ទីតាំងរបស់សុក

– បរិមាណទឹកភ្លោះ

– បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក

៥) លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖

– តាមដានសុខភាពកូន (កូនខ្សោយ។ល។)

– តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក។ល។)

“ ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។

ប្រភពៈ មន្ទីរពេទ្យកាល់ម៉ែត្រ