សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទង្វើគួរឱ្យសរសើរ! មិនឱ្យខ្ជះខ្ជាយអាហារដែលសល់ច្រើន ព្រះសង្ឃគង់នៅ វត្តពោធិវ័ន នាំយកចង្ហាន់ចែកជូនអ្នកជម្ងឺនៅពេទ្យគន្ធបុប្ផា!

By Shield

September 17, 2019

ភ្នំពេញ៖ ​ជាការពិតណាស់ ​រាល់ពេលបុណ្យទានសំខាន់ៗម្តងៗដូចជាបុណ្យចូលឆ្នាំខ្មែរ ​និងបុណ្យភ្ជុំបិណ្ឌ ​ប្រជាជនខ្មែរប្រុសស្រីតែងតែនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃធ្វើបុណ្យនៅវត្ត ​ដើម្បីបញ្ជូនបុណ្យកុសល្យទៅញាតិការទាំង៧សណ្តានដែលបានចែកឋានទៅសឹងតែគ្រប់ៗគ្នា។

នៅក្នុងនោះដែរ ​ដោយសារតែចង្ហាន់ច្រើនបបូរហូរហៀរលើសលប់ពេក ​ជារៀងរាល់ឆ្នាំអាហារតែងតែសេសសល់ជូរផ្អូមមិនអាចទទួលទានបាន  ដូច្នេះហើយបានជានាពេលនេះ ព្រះអង្គគ្រូ សីលវង្សា ព្រហ្ម​ សុភី​ ដែលគង់នៅវត្តពោធិវ័ន បានដឹកនាំព្រះសង្ឃក្នុងវត្តចុះចែកអាហារជូនដល់អ្នកជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ​ដែលទង្វើមួយនេះពិតជាទទួលបានការសរសើរមែនទែន ​ជាការធ្វើបុណ្យ ​និងធ្វើទានសម្រាប់អ្នកដែលអត់ឃ្លាន ​ឬខ្វះខាតផងដែរ។

យោងតាមប្រភពព្រះតេជគុណ នុន ណារ៉ុង បានរៀបរាប់ឲ្យដឹងថា៖ «វត្ត​ពោធិវ័ន សង្កាត់ស្នោរ ខណ្ឌកំបូល ក្រុងភ្នំពេញ! ក្រោមការដឹកនាំរបស់ព្រះអង្គគ្រូ សីលវង្សា ព្រហ្ម​ សុភី​ និង​ ខ្ញុំ​ព្រះករុណាអាត្មា នុន​ ណារ៉ុង បាននាំយកបាយម្ហូបទៅចែកជូនដល់អ្នកជម្ងឺញាតិញោមនៅពេទ្យគន្ធបុប្ផា» ៕