សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

គួរឱ្យសរសើរខ្លាំង កញ្ញា នី មុន្នីនាថ បានថតរូបផ្សព្វផ្សាយដ៏មានអត្ថន័យ នៃផលប៉ះពាល់ការប្រើប្រាស់ថង់ផ្លាស្ទិច

By Shield

November 08, 2019

ក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងព្រួយបារម្ភពីបញ្ហាកាកសំណល់ផ្លាស្ទិកដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចប៉ះពាល់ដល់ផែនដី ​និងបរិស្ថានទាំងមូលផងដែរ។

ហេតុនេះហើយ បានជាតារាទូទាំងពិភពលោកបានចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់នៃការប្រើថង់ផ្លាស្ទិកផង ដោយរួមទាំងតារាបរទេស ​និងតារាប្រទេសជិតខាងប្រទេសថៃ។

កាន់តែពិសេសពេលនេះតារាស្រុកខ្មែរយើងមួយរូបហើយ​​បានចេញមុខធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ផ្លាស្ទិច ​នោះគឺតារាសម្ដែងពូកែខាងដើរតួកម្សត់រ កញ្ញា នី មុន្នីនាថ ដោយកញ្ញាបានថតរូបបង្ហាញពីសកម្មភាពថង់ផ្លាស្ទិកដែលមើលទៅគួរឱ្យចាប់អារម្មណ៍ និងទទួលបានការកោតសរសើរជាខ្លាំងពីអ្នកគាំទ្រ។

ដោយកញ្ញា នី មុន្នីនាថ បានថតរូបបង្ហាញពីសកម្មភាពថង់ផ្លាស្ទិកលើទំព័រហ្វេសប៊ុកជាផ្លូវការផ្ទាល់ខ្លួនថា៖ « តើអ្នកដឹងទេ រាល់ថ្ងៃសម្រាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថាន យ៉ាងសកម្ម មិនថាក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក? តើប្លាស្ទិច កំពុងបំផ្លាញប្រទេសអ្នកបានកំរិតណាទៅហើយ? យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬ ដូចជា អត្រាការស្រាប់ របស់មនុស្ស ក៏ដូចជាសត្វពាហនៈ ឬ សត្វសមុទ្រជាដើម ថាហេតុអ្វី ខុសពីសម័យមុនដែល ពួកគេមានអាយុ វែងៗ និង មិនសូវមានជំងឺឈឺថ្កាត់ ហើយអាយុខ្លីដូចបច្ចុប្បន្ន? ដឹងថាហេតុអ្វីទេ? យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើន ស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថា ការរស់នៅក្នុងសម័យ បច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ ជាក់ស្តែង សម្រាមប្លាស្ទិច ដែលយើងបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រ ក៏ដូចជាមនុស្សជាតិដូចគ្នា។ សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយ ហើយគួរឲ្យខ្ពើមរអើមមែន តែមនុស្សដែលបោះសម្រាមចោលផ្តេសផ្តាស មិនត្រឹមត្រូវ ទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។ ចូលរួមកាត់បន្ថយថង់ប្លាស្ទិច ក៏ដូចជាសម្រាមនានា ដោយដាក់សម្រាមក្នុងធុងសម្រាម »៕

ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព