ក្រោយពីមានយុទ្ធនាការជាច្រើន នៅក្នុងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ថង់ផ្លាស្ទិក និងរាល់ផលិតផលផ្លាស្ទិចជាច្រើនជាពិសេសគឺទុយោបឺតតែម្តង ទាំងនៅទូទាំងប្រទេស រួមទាំងប្រទេសកម្ពុជាយើង ពេលនេះពិតជាពិសេសគួរឱ្យអបអរដោយក្រសួងបរិស្ថានកម្ពុជាគ្រោងនឹងចេញច្បាប់ថ្មីមិនឱ្យចរាចរណ៍ និងប្រើប្រាស់ទុយោជ័របឺតទឹកបន្តទៅទៀតនោះឡើយ។
ចំពោះច្បាប់ដែលគ្រោងនឹងដាក់បម្រាមការប្រើប្រាស់ទុយោជ័រមួយនេះ ក្រសួងនឹងបើកឱ្យប្រើប្រាស់ទុយោបែបធម្មជាតិវិញ នៅក្នុងប្រទសកម្ពុជា ដោយជំនួសមកវិញនូវការនាំចូលទុយោធម្មជាតិ មិនមានជាតិប្លាស្ទិក ដូចជាដើមផ្នក់ទឹក បំពង់ឬស្សី និងទុយោក្រដាសជាដើម ដោយគោលបំណងនៃការចេញច្បាប់នេះគឺដើម្បីគាំពារបរិស្ថាន ដោយសារតែទុយោប្លាស្ទីកដែលប្រើប្រាស់តែម្ដងហើយបោះចោល អាចបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ បរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះជាដើម។
គួរឱ្យដឹងផងដែរថា ការប្រើប្រាស់ទុយោប្លាស្ទីកនាពេលបច្ចុប្បន្ន កំពុងមានការកើនឡើង ដែលបាននឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាព ដោយការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ក្នុងមួយថ្ងៃ ប្រមាណជា ១ម៉ឺនតោន និងមួយឆ្នាំជិត ៤លានតោន(២០% ជាសំណល់ប្លាស្ទីក )៕