សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

តោះ! ​អ្នកជិតការ ​អ្នកការហើយ មកដឹងពីលក្ខណៈសម្បត្តិនៃស្វាមីល្អ ៥យ៉ាង និង​ភរិយាល្អ ​៥យ៉ាង ទាំងអស់គ្នា!

By Shield

November 18, 2019

ការរៀបការជាគូស្វាមីភរិយាពេញច្បាប់ ដោយសារតែការស្រលាញ់ពេញចិត្ត ​ស្មោះស្ម័គ្រ  និងគិតថាអាចរួចរស់សាងគ្រួសារ ​និងអនាគតរួមគ្នា។  តែជិវិតស្វាមីភរិយាក្រៅពីមានស្មោះត្រង់ ​ស្មោះស្ម័គ្រ ​ស្រលាញ់ជឿជាក់គ្នា  អ្នកក៏ត្រូវបំពេញកាតព្វកិច្ចជាស្វាមីល្អ ​និងភរិយាល្អដូចគ្នាដែរ។

ដូច្នេះមកតាមដាន ​៥ចំណុច ​នៃការធ្វើជាស្វាមីល្អ ​និងភរិយាល្អដូចខាងក្រោម៖

# ប្តី៖ ប្តីល្អកម្ររកបានណាស់

រៀបការប្តីប្រពន្ធ តាមការស្មានដូចរាវម្ជុលក្នុងបាតសមុទ្រអញ្ចឹង មិនដឹងចិត្តគំនិតគេយ៉ាងម៉េចទេ។ តែអ្នកទាំងសងខាង គួរខំប្រឹងខាំមាត់សង្កត់ចិត្ត បំពេញតួនាទីរៀងខ្លួន ឲ្យបានល្អបរិបូណ៌។ មានរឿងអ្វីបន្តិចបន្តួច ចេះអត់ឱនគ្នាកុំអង្គុយចាប់កំហុសមិនល្អទេ។ មិនមែនយកគេមកបម្រើខ្លួនទេ គឺយកគេជាភរិយា។

ដូច្នេះស្វាមីល្អត្រូវមានតួនាទីដូចខាងក្រោម ៖

១. យកជាភរិយាឲ្យពេញច្បាប់៖ យកពេញមុខពេញមាត់ ជាភរិយាពេញលក្ខណៈ កុំលាក់លៀម បិទបាំង យកគ្នាធ្វើស្រីកំដរអារម្មណ៍ ហើយបោះចោលនោះឡើយ។

២. កុំប្រមាទមើលងាយភរិយា៖ ដោយវាយដំ ជេរប្រទេច ត្មេះតិះដៀល ធ្វើទុក្ខបុកម្នេញ ធ្វើបាបចិត្តគ្នា។ ត្រូវចេះស្រឡាញ់ថ្នាក់ថ្នម អាណិតអាសូរ ជួយលើកទឹកចិត្ត ជួយណែនាំដោយបំណងល្អ។

៣. ប្រគល់ភាពជាធំឲ្យភរិយា៖ គឺការចាត់ចែងផ្ទះសម្បែង លុយកាក់ កូនចៅ។ កុំឲ្យគ្នាគ្មានសិទ្ធិគ្មានអំណាចអ្វីសោះ មិនល្អទេ ឲ្យគ្នាបានបញ្ចេញគំនិតយោបល់ មានមតិចូលរួមសម្រេចចិត្តផង កុំយកឈ្នះតែម្នាក់ឯង ប្រពន្ធនិយាយមិនបានឡើយ។

៤. កុំក្បត់ចិត្តភរិយា៖ ប្រុសខ្លះតាមអំណាចតណ្ហា មានប្រពន្ធពីរ បី ធ្វើបាបចិត្តប្រពន្ធដើម ដើរប៉ោឡែ មិនគិតផ្ទះសម្បែង វក់នឹងល្បែង ផឹកស្រា ផ្គាប់ចិត្តស្រីស្នេហ៍ ស្រីពេស្យាជាដើម។ ធ្វើយ៉ាងនេះ គ្មានកំណើតទេ កើតទុក្ខក្តៅក្រហាយណាស់។

៥. ឲ្យគ្រឿងអង្ការ៖ គ្រឿងប្រដាប់តាក់តែងរាងកាយ សម្លៀកបំពាក់ គ្រឿងសម្អាង ជាតម្រូវការរបស់ស្ត្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន ព្រោះចង់ស្អាត ចង់ល្អ ចូលជំនុំ ចំណោមគេចុះ។

# ភរិយាៈ ប្រែថា ស្រីដែលប្តីចិញ្ចឹម

ខ្លួនជាស្រីមានប្តីហើយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ កុំឆេវឆាវ ងង៉ក់ ដូចក្មេង ក្រែងនៅមិនបានសុខ។ ភរិយាមានតួនាទីដូចខាងក្រោម៖

១.ចាត់ចែងការងារផ្ទះឲ្យបានល្អ៖  រៀបចំទុកដាក់សម្លៀកបំពាក់ ចានឆ្នាំង របស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឲ្យបានស្អាតបាតសមរម្យ។ កុំទុកឲ្យកើតអពមង្គល។ សរុបមកត្រូវមានមារយាទល្អ។

២. ជួយសង្គ្រោះញាតិទាំងសងខាង៖ លកលៃឲ្យបានសមរម្យ កុំស្គាល់តែម៉ែឪឯង ញាតិឯង កុំលបលាក់លុយកាត់ កិបកេងក្រោយខ្នងប្តីឡើយ ពេលគេដឹង មិនបានសុខទេ។

៣. កុំក្បត់ចិត្តប្តី៖ មិនត្រូវលបលួចលាក់ មានសាហាយស្មន់តាមតម្រេកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឲ្យខូចពូជពង្សវង្សត្រកូល ខូចអនាគតកូនចៅ ឈ្លោះទាស់ទែងគ្នា រកសុខគ្មានទេ។

៤. រក្សាទ្រព្យឲ្យគង់វង្ស៖ លុយកាក់ដែលប្តីរកមក ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុច ប្រើប្រាស់ ឈឺថ្កាត់ ឬមានហេតុការណ៍ណាមួយ។ ចាយវាយឲ្យចេះប្រមោណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះកញ្ជើធ្លុះ យកលុយលេងល្បែង ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់តម្លៃជាស្ត្រី។

៥. ឆ្លាតវាងវៃ មិនខ្ជិលច្រអូស៖ កុំដេកចាំសំណាងប្តី ចេះលៃលកឆ្លៀត រករបរនេះ របរនោះ កុំឲ្យទំនេរអត់ប្រយោជន៍។ កុំខ្ជិលងើបគូទមិនរួច ស្ងាបហាមាត់មួយចំអាម អង្គុយរកចៃមាត់ជណ្តើរ បាយមិននឹក ទឹកមិនផឹក ។ ត្រូវរវៀសរវៃប្រើបញ្ញាចាត់ចែងការឲ្យបានសព្វគ្រប់៕

ប្រភព៖ Buddhism for Education of Cambodia(BEC)