សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទង្វើគួរឱ្យសរសើរខ្លាំងមែន! ​គូស្នេហ៍មួយគូយកថ្ងៃមង្គលការ ​ធ្វើពិធីចែកអង្ករដល់អ្នកចាស់ជរាអត់ៗចំនួន ​២០០០នាក់

By Shield

November 23, 2019

ថៃ៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុង​ផូផារ៉ាម ខេត្ត រ៉ាត់ចាក់បូរី ប្រទេសថៃ មានរឿងមួយគួរឱ្យភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងបានកើតឡើង ​ដោយពិធីមង្គលការមួយកន្លែង ​បានធ្វើពិធីចែកអង្ករដល់ចាស់ជរាក្រីក្រដោយឥតគិតថ្លៃ ​ដើម្បីអបអរថ្ងៃពិសេសរបស់ខ្លួន។

ការរៀបចំពិធីចែកអង្ករដល់ចាស់ជរា មួយនេះត្រូវបានធ្វើឡើងតាំងពីព្រលឹមចាប់ពីម៉ោង  ៨ និង ​៣០នាទីព្រឹកតែម្តង ដោយការចែកអង្ករនេះ កូនកំលោះកូនក្រមុំជាអ្នកធ្វើការចែកអង្ករដោយផ្ទាល់ដៃតែម្តង ​។ ហើយនៅក្នុងការចែកអង្ករមួយនេះ ក្នុងម្នាក់ទទួលបានអង្ករ១កញ្ចប់ មានទម្ងន់ ៥ គីឡូក្រោម ដោយការចែកនេះមានរៀបចំដល់ទៅចំនួន២០០០ កញ្ចប់ សម្រាប់មនុស្សចំនួន ​២០០០នាក់ សរុបទាំងអស់អង្ករចំនួន ១០ តោន។

នៅក្នុងការរៀបចំពិធីដ៏ប្លែក ​ពិសេសបែបសប្បុរធម៌មួយនេះ ​ត្រូវបានគេដឹងថា ​គឺដើម្បីអបអរសាទរពិធីមង្គលការ ដោយមានកូនកម្លោះឈ្មោះ លោក ណាប៉ូផាភុនឡា និងកូនក្រមុំ កញ្ញា Pornthip Kamonphantip ដែលជាកូនស្រីរបស់លោក Chaithip Kamonphantip អតីតបេក្ខជនតំណាងរាស្ត្រមណ្ឌល។ ដោយឪពុកខាងស្រីបាននិយាយថាលោកជាអ្នកផ្តួចផ្តើមគំនិតចែកអង្ករនេះឡើង ​ដោយមានការយល់ស្របគាំទ្រពីកូនស្រី ​និងកូនប្រសាលោកផងដែរ ​ដោយសារតែថ្ងៃនេះជាថ្ងៃពិសេស ​មានសុភមង្គលរបស់កូនលោក ​ហើយលោកក៏ចង់ចែករំលែកភាពរីករាយដល់ជនអត់ឃ្លាន ​និងចាស់ជរាខ្វះខាតផងដែរ។

គួរឱ្យដឹងផងដែរថា មានអ្នកមកទទួលអង្ករ ​គ្រប់ចំនួន ២០០០ នាក់តែម្តង ​ដោយអ្នកដែលបានទទួលអង្ករសុទ្ធតែសម្តែងនូវក្តីរីករាយ ​ថែមទាំងបានធ្វើការជូនពរឱ្យគូស្នេហ៍ថ្មោងថ្មីមួយគូនេះ មានក្តីសុខ ​និងសុភមង្គលស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។

នេះបានចំជាពិធីមង្គល និងការសម្តែងចិត្តបុណ្យប្រាកដមែន៕

រក្សាសិទ្ធអត្ថបទ៖ ​Kalib9