សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មិនដែលដឹងសោះ! រោគគួរឱ្យខ្លាចទាំងនេះប៉ះពាល់ដល់សុខភាពខ្លាំង ពេលដែលអ្នកបែកបាក់ស្នេហា

By Shield

January 05, 2020

សេចក្តីស្នេហាកើតឡើងពីចិត្ត អារម្មណ៍ និងបេះដូង ហើយប្រសិនជាអ្នកមានបញ្ហារឿងខូចចិត្ត ឈឺចាប់ ឬបែកបាក់ស្នេហានោះ បញ្ហាកើតឡើងភាគច្រើន គឺនៅលើផ្លូវចិត្តតែម្តង ដោយគ្រាន់តែអ្នកខ្លះឈឺចាប់តិច និងអ្នកខ្លះឈឺចាប់ច្រើន។ តែការពិតទៅ ការបែកបាក់ស្នេហា និងរឿងខូចចិត្តនេះ ក៏អាចធ្វើឱ្យមានបញ្ហាដល់សុខភាពរាងកាយរបស់អ្នកបានផងដែរ។

ចង់ដឹងថាគ្រាន់តែរឿងខូចចិត្ត ព្រាត់ប្រាស់ និងបែកបាក់ស្នេហាធ្វើឱ្យអ្នកមានបញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តអ្វីខ្លះ មកតាមដានទាំងអស់គ្នា៖

១. ស្ត្រេសខ្លាំង៖ អ្នកដែលខូចចិត្ត និងបែកបាក់រឿងស្នេហា នឹងធ្វើឱ្យអារម្មណ៍ឈឺចាប់វិលវល់ ថែមទាំងកើតស្ត្រេសខ្លាំងផងដែរ។ ការកើនឡើងនៃភាពឈឺចាប់ និងស្ត្រេសទាំងនេះអាចធ្វើឱ្យរាងកាយរបស់អ្នកហត់នឿយ អស់កម្លាំង ថែមទាំងងាយរងគ្រោះរបួសផ្លូវចិត្ត កើតជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរទៀតផង។ ដូច្នេះគួរតែរកអ្វីសប្បាយៗ និងរកការលម្ហែអារម្មណ៍ខ្លះ ដើម្បីរំសាយពីការឈឺចាប់។

២.ឈឺចាប់នៅក្នុងរាងកាយ៖ បញ្ហាផ្លូវចិត្តនេះពិតជាធ្ងន់ធ្ងរ និងមានឥទ្ធិពលណាស់ ដែលអាចធ្វើឱ្យរាងកាយរបស់អ្នកឈឺចាប់ទៅតាមនោះដែរ។ អ្នកដែលមានអារម្មណ៍ឈឺចាប់ បាត់បង់ស្នេហានេះ នឹងធ្វើឱ្យកើតមានបញ្ហាទាក់ទងនឹងជំងឺជាក់ស្តែងតាមរាងកាយមួយចំនួនដូចជា៖ ឈឺក្រពះ ឈឺក្បាល ឈឺក្នុងបេះដូង រួមទាំងការឈឺចាប់នៅតាមរាងកាយមួយចំនួនទៀតផង។ ហើយការឈឺចាប់តាមរាងកាយធ្ងន់ធ្ងរខ្លាំង ឬតិចតួច ថែមទាំងអាស្រ័យទៅលើការឈឺចាប់នៅត្រង់ផ្លូវចិត្តមានទំហំប៉ុណ្ណា បានន័យថាឈឺចាប់បេះដូងកាន់តែធ្ងន់ធ្ងរ ការឈឺចាប់រាងកាយក៏កាន់តែខ្លាំងតាមនោះ។

៣.លែងឃ្លានអាហារ៖ ឱ្យតែពិបាកចិត្ត ស្ត្រេសច្រើន និងស្មុគច្រើនដឹងតែលេបបាយមិនចូល ចុះទម្រាំតែរឿងស្នេហាបែកបាក់ក៏រឹតតែប៉ះទង្គិចដល់ផ្លូវចិត្តទៅទៀត។ តែពេលខ្លះ វាក៏ធ្វើឱ្យអ្នកញ៉ាំច្រើនខុសពីធម្មតាផងដែរ។ ដូច្នេះបែកបាក់ស្នេហាអាចធ្វើឱ្យស្រកទម្ងន់ និងឡើងទម្ងន់លើសពីធម្មតាផងដែរ និយាយរួមវាសុទ្ធតែអាចនាំឱ្យប៉ះពាល់ដល់សុខភាពរាងកាយទាំងអស់។

៤. ក្រៀមក្រំខ្លាំង៖ គ្មានអ្នកណាដែលថាឈឺចាប់រឿងស្នេហាហើយសើចសប្បាយកើតទេ វាមានតែរឿងឈឺចាប់ និងខូចចិត្តតែប៉ុណ្ណោះ ហើយទំហំនៃការឈឺចាប់នេះធំធេងណាស់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរឈានទៅរកការគិតខ្លីផងដែរ។ ប្រសិនជាអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់មានបញ្ហាក្រៀមក្រំខ្លាំងចូរនាំគេទៅរកការព្យាបាលឱ្យបានលឿនបំផុត។

៥. បាត់បង់ការផ្តោតអារម្មណ៍៖ អារម្មណ៍ឈឺចាប់ និងបែកបាក់ស្នេហាអាចធ្វើឱ្យប៉ះទង្គិចដល់បញ្ហាសតិស្មារតី និងការផ្តោតអារម្មណ៍លើអ្វីមួយជាដើម។ ផលវិបាកនោះគឺវាអាចធ្វើឱ្យអ្នកភ្លេចភ្លាំងមួយពេល ឬធ្វើអ្វីមួយដោយមិនដឹងខ្លួនជាដើម ដែលទាំងនេះអាចនាំឱ្យអ្នកធ្វើអ្វីផ្តេសផ្តាសមិនចេះគិតនាំឲ្យមានផលវិបាក និងមានគ្រោះថ្នាក់ដល់សុខភាព ឬអាយុជីវិតជាដើម។

៦.អត្រាចង្វាក់បេះដូងដើរយឺត៖ តាមការស្រាវជ្រាវរកឃើញថា បទពិសោធន៍ស្នេហាឈឺចាប់ និងការបែកបាក់នេះ អាចធ្វើឱ្យប៉ះពាល់ដល់ចង្វាក់បេះដូងរបស់អ្នកបាន ដោយវាអាចលោតយឺតខុសពីប្រក្រតី ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមរបស់អ្នកបាន។ យកល្អ ប្រសិនជាអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន ឬបេះដូងលោតយឺតខុសពីធម្មតា ត្រូវប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។

៧. មានបញ្ហាការគេង៖ រឿងឈឺចាប់ដោយសារតែស្នេហានេះ ក៏អាចធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកធ្ងន់ធ្ងរដែរ ដោយអាចធ្វើឱ្យគេងមិនលក់បក់មិនល្ហើយ គេងមិនបានស្កប់ស្កល់ និងបញ្ឈរភ្នែកទាល់ភ្លឺជាដើម ដែលអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ប្រសិនជាអ្នកជួបប្រទះបញ្ហាទាំងនេះ សូមកុំព្យាយាមប្រើថ្នាំងងុយគេងដើម្បីដោះស្រាយបញ្ហា គួរតែធ្វើការហាត់ប្រាណ និងតាំងសម្មាធិប្រមូលអារម្មណ៍ទើបជាការល្អ។

៨. អារម្មណ៍ប្រែប្រួលខ្លាំង៖ សេចក្តីឈឺចាប់ និងរងរបួសរឿងស្នេហានេះ មិនត្រឹមតែអាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តទេ តែវាថែមទាំងធ្វើឱ្យអារម្មណ៍របស់អ្នកប្រែប្រួលឡើងចុះខុសពីធម្មតាផងដែរ ដូចជា ឆាប់ខឹង មួរម៉ៅ ឆេវឆាវ និយាយសម្តីមិនពិរោះពិសា និងគំរោះគំរើយ(ឈ្លើយ) ផងដែរ។ ដូច្នេះស្ថិតនៅក្នុងស្ថានការណ៍បែបនេះ អ្នកត្រូវរៀនចេះទប់ចិត្ត ទប់អារម្មណ៍ឱ្យបានល្អ ព្រមទាំងមានគំនិតវិជ្ជមានឱ្យបានច្រើន ដើម្បីសុខភាពផ្លូវចិត្តរបស់អ្នក។

៩. ស្ងៀមស្ងាត់ខុសពីធម្មតា៖ មិនខុសពីចំណុចខាងលើ រឿងបញ្ហាបែកបាក់ស្នេហានេះ អាចធ្វើឱ្យអារម្មណ៍របស់អ្នកប្រែប្រួលខ្លាំង ម្តងមួរម៉ៅឆេវឆាវខ្លាំង និងម្តងទៀតថែមទាំងអាចនៅស្ងៀមស្ងាត់បាត់មាត់បាត់-កមិននិយាយរកអ្នកណាដូចជាម៉ាក់ប៉ា សាច់ញាតិ បងប្អូន មិត្តភក្តិខុសពីធម្មតាផងដែរ ដោយសារទំហំនៃការឈឺចាប់ខ្លាំងពេក។

១០.អាចត្រលប់ទៅធ្វើរឿងមិនល្អវិញ៖ អ្នកអាចងាកត្រលប់ទៅធ្វើអ្វីដែលអ្នកធ្លាប់ព្យាយាមបញ្ឈប់ កាលពីមុនដោយសារតែអារម្មណ៍ឈឺចាប់រឿងស្នេហាមានទំហំធំពេក ដូចជា ត្រលប់ទៅផឹកគ្រឿងស្រវឹង ជក់បារី ញ៉ាំអាហារច្រើនៗឡើងវិញ និងអ្វីៗជាច្រើនផ្សេងទៀត ដែលទាំងនេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកផងដែរ។

១១. វដ្តរដូវមិនទៀង៖ រឿងមួយនេះអាចកើតឡើងចំពោះស្ត្រីភាគច្រើន ដោយសារតែរឿងឈឺចាប់បែកបាក់ស្នេហាធ្វើឱ្យអរម៉ូនស្ត្រេសរបស់អ្នកកើនឡើងខ្លាំង ប៉ះពាល់ដល់វដ្តរដូវប្រចាំខែ និងធ្វើឱ្យរដូវរអាក់រអួលមកមិនទៀង ឬបាត់តែម្តងក៏មាន។

១២. ប្រព័ន្ធការពារចុះខ្សោយ៖ នេះជារឿងដែលនឹកស្មានមិនដល់មួយដែលថា គ្រាន់តែរឿងឈឺចាប់ស្នេហា និងអារម្មណ៍តានតឹងសោះ អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំនៃរាងកាយ ឬគេហៅថាប្រព័ន្ធការពាររាងកាយនេះ ចុះខ្សោយបាន។ នៅពេលដែលប្រព័ន្ធការពាររាងកាយរបស់អ្នកខ្សោយដោយសារតែភាពតានតឹងទាំងនេះ វានឹងធ្វើឱ្យរាងកាយរបស់អ្នកងាយនឹងឆ្លងមេរោគបាក់តេរី និងកើតជំងឺផ្សេងៗបានជាច្រើនមុខ។​ ជាពិសេសឧស្សាហ៍ឈឺ និង មិនងាយជាសះស្បើយជាដើម។

១៣.ជ្រុះសក់៖ ធ្លាប់តែឮគេថា គិតច្រើនអាចជ្រុះសក់ តែសូម្បីតែអារម្មណ៍ខូចចិត្តរឿងស្នេហាក៏ធ្វើឱ្យអ្នកជ្រុះសក់បានដែរ។ នោះក៏ដោយសារតែរឿងឈឺចាប់នេះ ក៏បានធ្វើឱ្យអ្នកគិតច្រើន ស្មុគស្មាញ ច្របូកច្របល់ និងតានតឹងដែរ ដែលនេះហើយជាបញ្ហាចម្បងដែលធ្វើឱ្យអ្នកជ្រុះសក់នោះ។

១៤.រមួលក្រពើ៖ បញ្ហារមួលក្រពើនេះ ក៏អាចបណ្តាលមកពីអារម្មណ៍ឈឺចាប់រឿងស្នេហាបានដែរ ជាពិសេសគឺវាកើតឡើងចំពោះស្ត្រីតែម្តង ដោយសារតែអារម្មណ៍ឈឺចាប់ខាងអារម្មណ៍ វារាលដាល និងប៉ះពាល់ដល់ផ្នែកមួយចំនួននៃរាងកាយ។

តែចំពោះស្ត្រីដែលមករដូវ ក៏អាចធ្វើឱ្យមានបញ្ហារមួលក្រពើបានផងដែរ ដោយសារតែការកើនឡើងនូវអរម៉ូនស្ត្រេស។

១៥.មិនទុកចិត្តលើខ្លួនឯង៖ អារម្មណ៍ឈឺចាប់់រឿងស្នេហានេះ អាចធ្វើឱ្យទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងបាត់បង់។ ហើយវាក៏បានធ្វើឱ្យគិតថា ខ្លួនឯងជាមនុស្សគ្មានតម្លៃចំពោះអ្នកណាម្នាក់ ហើយយល់ថាខ្លួនឯងជាមនុស្សអត់បានការ និងគ្មានអ្នកណាត្រូវការជាដើម។

ដូច្នេះបើអ្នកកំពុងតែធ្លាក់ចុះទៅក្នុងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរបែបនេះហើយ មានតែអ្នកខ្លួនឯងទេដែលត្រូវតែរៀនងើបឈរឡើងវិញប្រឈមមុខនឹងបញ្ហាដោយខ្លួនឯងជាមុនសិន បន្ទាប់មកអ្នកអាចនៅជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិបន្ថែមដើម្បីផ្តល់កម្លាំងចិត្ត ព្រមទាំងយោបល់ល្អៗដើម្បីការប្រឈមមុខ និងទទួលស្គាល់ការពិត៕