ប្រទេសថៃ៖ ថ្មីៗនេះរឿងរ៉ាវប្រវត្តិតស៊ូដ៏កម្រមួយរបស់និស្សិតមួយរូប ដែលប្រឹងប្រែងរៀនសូត្រ និងរកលុយដោយខ្លួនឯងដើម្បីបានរៀននឹងគេ រហូតទទួលបានភាពជោគជ័យកំពុងតែក្លាយទៅជារឿងមួយដែលគ្រប់គ្នាសម្តែងនូវក្តីអបអរ និងកោតសរសើរជាខ្លាំង។
និស្សិតមួយរូបនៅក្នុងប្រទេសថៃរូបនេះ ដែលមិនត្រូវបានគេស្គាល់ឈ្មោះ គឺជាមនុស្សមួយរូបដែលមានការតស៊ូខ្ពស់ណាស់ បើទោះបីជាខ្លួនកើតនៅត្រកូលក្រីក្រម្តាយឪពុកគ្មានលទ្ធភាពឱ្យសិក្សារៀនសូត្របន្តយ៉ាងណាក៏ដោយ តែបានប្រឹងប្រែងជម្នះឡើងមកទីក្រុងរកកន្លែងសិក្សាដោយខ្លួនឯង។
ត្បិតការសិក្សាតម្រូវឱ្យបង់ប្រាក់ និងការស្នាក់នៅហូបចុកជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ សម្រាប់និស្សិតរូបនេះក៏ពិតមែន តែគាត់មិនសង្ឃឹមឡើយ ដោយលោកសុខចិត្តដើររើសសំរាម និងលាងចានឱ្យគេដើម្បីទទួលបានប្រាក់កម្រៃបង់សាលាដោយខ្លួនឯង។
តាមការរៀបរាប់ និស្សិតម្នាក់នេះបានឱ្យដឹងថា បើទោះបីជាកើតមកក្នុងគ្រួសារក្រីក្រ ហើយការសិក្សាលំបាក តែលោកមិនចង់លំបាកនៅថ្ងៃអនាគតបន្តទៀតទេ បានជាលោកត្រូវស្រវាស្រទាញរៀនសូត្រដើម្បីងើបចេញពីភាពក្រីក្រនាពេលអនាគត ជាពិសេសលោកចង់ឱ្យម្តាយឪពុកលោកមានមោទកភាពចំពោះលោកផងដែរ។
ការតស៊ូពិតជាទទួលបានផ្លែផ្កាគួរឱ្យសរសើរ ទីបំផុតលោកក៏បានតស៊ូរៀនចប់ថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ។ ហើយ ការខំប្រឹងមួយនេះបានធ្វើឱ្យមនុស្សជាច្រើនចូលរួមអបអរ និងមានមោទកភាពជំនួសគ្រួសារលោកជាខ្លាំងនៅក្នុងការប្តជ្ញាចិត្តហែលឆ្លងការលំបាកគួរឱ្យសរសើរមួយនេះ៕