ចំណុចទាំង ១០ ចាស់បុរាណតែងតែហាមសម្រាប់ការសាងសង់ផ្ទះសម្បែង

១. ហាមសាងសង់ផ្ទះនៅដីលើដីដែលមានឬសឈើ គល់ឈើឬក៏បង្គោលឈើកប់នៅពីក្រោម។ ប្រសិនបើសង់ផ្ទះលើទីបែបនេះ នឹងកើតមានទោសឈឺពោះ ដូចជាមានអ្វីមកចាក់ដោតក្នុងពោះអញ្ចឹង។ ចាំបាច់ត្រូវជីកយករបស់អស់នោះចេញឲ្យអស់សិន សឹមសាងសង់។

២. ហាមសង់ផ្ទះលើឬសសីមាចាស់ វត្តចាស់ ឬក៏មានគេបញ្ចុះអាថ័នទុករួចហើយ។ ប្រសិនបើចង់សាងសង់ ត្រូវនិមន្តព្រះសង្ឃទៅសូត្រដកសីមាសិន។

៣. ហាមសង់ផ្ទះលើផ្លូវចាស់, ផ្លូវទឹកហូរចាស់ៗ ឬហាមសង់នៅក្នុងលក្ខណៈដែលតួផ្ទះមានភ្លឺស្រែសឹករិចរឹល, បង្គោលរបងកំបុត, ផ្លូវដើរ, ឬក៏ថ្នល់ចាស់បុកមកចំ ព្រោះនឹងកើតទុក្ខភ័យរកមូលហតុមិនឃើញ។ ប្រសិនបើចង់សាងសង់ ត្រូវដោះស្រាយដោយដាំដើមទាល់ចំត្រង់ពីលើចុងបង្គោល ឬចំផ្លូវ

នោះ ដើម្បីកុំឲ្យកម្លាំងអាថ៌កំបាំងធ្វើអ្វីយើងបាន (ចំណុចនេះចំពោះជនជាតិចិនវិញ គេនិយមដាក់កញ្ចក់ឆ្លុះស្រមោល ឬដាក់រូបសឹង្ហពាំដាវនៅត្រង់កន្លែងនោះ ដើម្បីកែខៃ។

១

៤. ហាមស្រះខាងត្បូងអណ្តូងខាងលិច បានន័យថា មិនឲ្យជីកស្រះនៅខាងត្បូងផ្ទះ និងជីកអណ្តូងនៅពីខាងលិចផ្ទះ(គម្ពីរខ្លះថា ហាមដាំដើមអំពិលនៅខាងត្បូង អណ្តូងនៅខាងលិចផ្ទះ) ព្រោះជាអពមង្គល រាសីដាក់ រកស៊ីមិនឡើង។ ដូនតាយើង បានផ្តល់ហេតុផលថា ស្រះទឹកគឺជាអាងទឹកជ្រៅ ដែលមានន័យថា កំបុតក។ ខាងត្បូងមានន័យម្យ៉ាងថា ក្បាល(ត្បូងចិញ្ចៀន, ត្បូងចប...)។ ក្បាលត្រូវតែខ្ពស់នៅលើផុតទើបល្អ។ ឯអណ្តូងទឹកនៅពីលិចវិញបានន័យថា មិនអណ្តែតវានឹងចុះទៅក្នុងអណ្តូង នឹងរកស៊ីអ្វីក៏មិនឡើងដែរ។

៥. ហាមយកឈើដែលគេធ្វើជង្រុកស្រូវ ឬក៏វត្តអារាមមកសង់ផ្ទះ ព្រោះវានឹងនាំអោយមានរឿងក្តៅក្រហាយមិនចេះអស់មិនចេះហើយ។

៦. ការធ្វើទ្វារផ្ទះ បើសិនជាមានទ្វារក្រោយ កុំឲ្យទ្វារមុខ និងទ្វារក្រោយនៅត្រង់គ្នា។ បើនៅត្រង់គ្នានឹងរក្សាទ្រព្យមិនគង់ឡើយ បានន័យថា រកបានដៃស្តាំ ចំណាយដៃឆ្វេង។

៧. ចំពោះសសរផ្ទះ ប្រសិនបើមានផ្ទះនៅជិតខាងគ្នាបញ្ច្រាសគ្នា សុំកុំឲ្យសសរផ្ទះរត់ត្រង់បន្ទាត់ជាមួយគ្នា ពីព្រោះនឹងមានរឿងទាស់ចិត្តទាស់គំនិតគ្នា ឬកើតរឿងឈ្លោះគ្នា។

៨. ជណ្តើរផ្ទះ កុំធ្វើកាំជណ្តើររាប់ទៅគត់គូ ព្រោះនឹងនាំមកនូវភ័យវិបត្តិដល់ម្ចាស់ផ្ទះ។

៩. ជណ្តើរផ្ទះហាមកុំឲ្យចុងសំយុងចុះទៅទិសខាងលិច ព្រោះនឹងនាំឲ្យអាប់ឱនយសសក្តិ ធ្លាក់ដុនដាប។ ប្រសិនបើធ្វើជណ្តើរជារង្វេលឡើង កុំធ្វើរង្វេលព័ទ្ធទៅខាងឆ្វេង។ ជណ្តើរបែបនោះដូនតាយើងចាត់ទុកថា ជាជណ្តើរខ្មោច ដែលនឹងនាំអោយកើតរោគាព្យាធិរហូតដល់ស្លាប់។

១០. សសរផ្ទះត្រូវត្រង់ហើយស្មើៗគ្នា កុំឲ្យមានសសរខ្លះតូចខ្លះធំ ពីព្រោះវានឹងនាំអោយរស់នៅពុំសុខសប្បាយ។ ចំពោះរឿងសសរនេះ ដូនតាយើងហាមប្រើសសរដែលមានភ្នែកឈើ ៤ ប្រភេទ៖

១០-១ ភ្នែកឈើត្រង់កម្រិតមាន់កកាយបាននៅជាប់ដី ហៅថា ភ្នែកឈើមាន់កកាយ ។ ទោសរបស់ភ្នែកឈើមាន់កកាយ គឺទ្រព្យសម្បត្តិនឹងខ្ចាត់ខ្ចាយជួបវិបត្តិផ្សេងៗ។

១០-២ ភ្នែកឈើត្រង់កម្រិតជ្រូកកកិតចំហៀងបាន ហៅថាភ្នែកឈើជ្រូកត្រដុស។ ទោសរបស់ភ្នែកឈើជ្រូកត្រដុសនឹងធ្វើឲ្យកើតរឿងជាប់គុកជាប់ច្រវ៉ាក់ មានរឿងក្តីមនុស្សដទៃមួលបង្កាច់។

១០-៣ ភ្នែកឈើត្រង់ចំណុចបញ្ឈរដែលគេដាក់រ៉ត ហៅថាភ្នែកឈើទល់រ៉ត។ ភ្នែកឈើបែបនេះនឹងធ្វើឲ្យភ្លើងឆេះផ្ទះឬក៏ឈឺគ្រុន ហើយរក្សាព្យាបាលមិនជាឡើយ។

១០-៤ ភ្នែកឈើនៅត្រង់ចំណុចដែលគេវាយដែកគោល ឬចំណុចដែលគេដាក់គន្លឹះខ្លាស់រ៉ត ដែលដូចជាចោះលើភ្នែកឈើនោះតែម្តង។ ភ្នែកឈើបែបនេះគេហៅថា ភ្នែកឈើស្លាក់ឡត (ខ្ទាស់បំពង់) ដែលនឹងធ្វើឲ្យពិបាកសម្រាលកូន។

នៅមានរបស់ដែលផ្តល់ទោសម្យ៉ាងទៀត ដែលខ្មែរហៅថាពាំសម្បក បានន័យថា មានស្នាមភ្នែកជារាងទ្រវែង ហើយមានសំបកនៅជាប់ក្នុងស្នាមដំបៅនៃសាច់ឈើនោះ។ ដូនតាយើងប្រកាន់ជឿថា នឹងឲ្យទោសយ៉ាងខ្លាំងជាទីបំផុត។ បើតាមការដំណាលប្រាប់ពីលោកគ្រូធំ ម្ចាស់ផ្ទះដែលមានកូនប្រុសនឹងធ្វើអោយកូនច្រើនកើតមកមិនគ្រប់ទឹក។ សូមបញ្ជាក់ថាសសរពាំសម្បកនេះ ជួនកាលមើលពីខាងក្រៅមិនឃើញទេពីព្រោះអាចមានសម្បកនៅរុំពទ្ធ័ក៏មានដែរ។

២

ទាក់ទងនឹងភ្នែកសសរនេះ ទាស់តែអារឡើងខាងលើផុតឬកាត់ចេញ ទើបមិនផ្តល់ទុក្ខទោស។

គម្ពីរខ្លះបានចែងថា សសរដែលមានភ្នែកជាលេខសេស(១,៣,៥,៧,៩) ចាត់ទុកថាល្អ បើសិនជាលេខគូ (២,៤,៦,៨)គឺមិនល្អទេ។ បើចង់រម្ងាប់រំងាប់ពិសទោសរបស់សសរផ្ទះត្រូវតែសូត្រមន្តគាថា ដាក់នឹងដែកគោល វាយត្រង់ភ្នែកសរសរសង្កត់ជំនាងឈើទុក ដោយសូត្រមន្តគាថា ធរណីសារ៕