នារីជនជាតិម៉ាឡេស៊ី មួយរូបមានឈ្មោះថា Rozmiza Rozman អាយុ ២៥ បច្ចុប្បន្នបានក្លាយទៅជានារីដ៏ជោគជ័យខ្លាំងក្នុងការងារ ថែមទាំងអាចរកលុយទិញផ្ទះទិញឡានបានចិត្តប្រាថ្នាគួរជាទីមោទកភាពបំផុត ដោយជោកជ័យមួយនេះកើតឡើងដោយសារតែសម្តីមើលងាយមួយមុខគត់។
Rozmiza Rozman និងសង្សារប្រុសរបស់នាងដែលមិនបានបញ្ចេញឈ្មោះឱ្យដឹង បានស្រលាញ់ទាក់ទងគ្នាបែបច្បាស់លាស់តាំងពីពួកគេមានអាយុ ១៦ឆ្នាំមកម្ល៉េះ ដោយកាលនោះពួកគេថែមទាំងរៀនសាលាមធម្យមសិក្សាជាមួយគ្នាទៀតផង។
ក្រោយចូលសាកលវិទ្យាល័យ ដោយសារតែគ្រួសារក្រក្រី នាងបានប្រកបរបរលក់អីវ៉ាន់តាមចិញ្ចើមផ្លូវបន្ថែមដើម្បីរកប្រាក់ ហើយក្រោយពីនាងទៅលេងគ្រួសារសង្សាររបស់នាងហើយដឹងថានាងមានជីវភាពបែបនេះពួកគេមើលងាយនាងយ៉ាងខ្លាំង ថែមទាំងសួរឌឺដងថា ប្រសិនជាពួកគេរៀបការជាមួយគ្នាតើគេនឹងមានផែនការយ៉ាងណា។
នាងបានឆ្លើយយ៉ាងរីករាយថា នាងនឹងទិញផ្ទះ ទិញឡាន ដើម្បីរស់នៅជាមួយសង្សាររបស់នាងប្រកបដោយក្តីសុខបំផុត តែពេលនោះសមាជិកគ្រួសារសង្សារនាងអស់សំណើចជាខ្លាំង ឯសង្សារនាងបានមើលងាយនាងថាជីវភាពនាងបែបនេះប្រឹងយ៉ាងណាក៏បានត្រឹមតែកូនឡានកញ្ចាស់ប៉ុណ្ណោះ។
បើទោះបីជាត្រូវគ្រួសារខាងប្រុស និងមនុស្សជាទីស្រលាញ់មើលងាយយ៉ាងណានាងនៅតែអត់ទ្រាំខាំមាត់ បង្ហាញទឹកមុខញញឹម ហើយក៏នៅតែថែរក្សាក្តីស្រលាញ់មួយនេះ តែក្រោយមកបុរសជាសង្សារបានលួចយកលុយនាងទៅចិញ្ចឹមសង្សារថ្មី ទើបនាងបានបែកគ្នាតែម្តងទៅ។
បើទោះបីជាឈឺចាប់នឹងការបោកប្រាស់យ៉ាងណាក៏ដោយ ក៏នាងនៅតែជម្នះឧបសគ្គជីវិត និងមិនអស់សង្ឃឹមឡើយ ផ្ទុយទៅវិញនឹងបានរៀនជំនាញបន្ថែម ថែមទាំងមានការងារល្អក្នុងក្រុមហ៊ុន រួចសាងអ្វីៗគ្រប់យ៉ាងពីបាតដៃទទេររហូតសល់លុយទិញផ្ទះ ទិញឡាន មានជីវភាពសមរម្យគួរឱ្យសរសើរត្រឹមតែរយៈពេល៥ឆ្នាំប៉ុណ្ណោះ។
នាងបាននិយាយថា នាងមិនដែលខឹង ឬគុំគួនស្អប់សង្សារនឹងឡើយ រហូតដល់សព្វថ្ងៃនាងមានកូនចិត្តលួចអរគុណគាត់ដែលបានពោលពាក្យសម្តីមើលងាយ និងបោកប្រាស់នាង រហូតធ្វើឱ្យនាងក្លាយជាមនុស្សរឹងមាំ ហើយប្រែខ្លួនជាមនុស្សស្រីជោគជ័យដល់សព្វថ្ងៃ៕