ជាការពិតណាស់វីរុសថ្មីដែលមានឈ្មោះថា កូរ៉ូណាវីរុស ដែលបានផ្ទុះចេញពីទីក្រុង Wuhan បានធ្វើឱ្យប្រជាជនលើពិភពលោកខ្លាចរអារ រហូតប្រជាជន Wuhan ត្រូវបានគេហាមឃាត់ហោះហើរចេញពីទីក្រុងតាមគ្រប់ច្រក ហើយប្រទេសមួយចំនួនក៏បានបិទជើងហោះហើរយន្តហោះចេញពីទីក្រុងមួយនេះទៀតផង។
ជាក់ស្តែងថ្មីៗនេះផងដែរ កម្ពុជាក៏បានប្រកាសពីការរកឃើញករណីវីរុសនេះដំបូង ដោយអ្នកជំងឺមួយរូបនេះជាជនជាតិវ័យ៦០ឆ្នាំ មកពីទីក្រុង Wuhan បាននឹងកំពុងតែធ្វើការសម្រាកព្យាបាលយ៉ាងដិតដល់នៅខេត្តព្រះសីហនុ រហូតធ្វើឱ្យប្រជាជនខ្មែរនៅខេត្តព្រះសីហនុបង្កើនការការពារខ្លួនផងដែរ។
បន្ថែមពីនេះសូម្បីតែខេត្តសៀមរាប ក៏ត្រូវបានជនអគតិមួយចំនួនបានប្រកាសដំណឹងក្លែងក្លាយពីការរកឃើញអ្នកផ្ទុកនូវវីរុសថ្មីនេះទៀតផង ដោយអ្នកដែលបង្កព័ត៌មាននេះត្រូវបានគេស្គាល់ថាជាអ្នកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ចិនមួយរូប បានប្រកាសឱ្យគ្រប់គ្នាការពារខ្លួនដោយមានជនជាតិចិន៤នាក់កំពុងស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប បានឆ្លងជំងឺនេះ។ ដោយសារតែឃើញសារបំផុសខុសពីការពិតបែបនេះហើយ ទើបក្រុមសមត្ថកិច្ចក៏បានប្រកាសស្វែងរកអ្នកបំប៉ោងព័ត៌មាននេះមកសាកសួរទៀតផង។
ជាក់ស្តែងក្រោយការតាមរករបស់ សមត្ថកិច្ច អ្នកដែលបំប៉ោងព័ត៌មានរូបនេះបានចេញមុខមកសារភាពទោសកំហុសរបស់ខ្លួនហើយ ថែមទាំងត្រូវសមត្ថកិច្ចឱ្យធ្វើកិច្ចសន្យា និងអប់រំមិនឱ្យធ្វើបែបនេះទៀតនៅពេលក្រោយ។
គួរឱ្យដឹងផងដែរថា ករណីបំព៉ោងព័ត៌មានបែបនេះបានធ្វើឱ្យភ្ញៀវទេសចរណ៍ដែលមានបំណងមកលេងខេត្តសៀមរាបមានការខ្លាចរអារ ដោយព័ត៌មានមិនពិតនេះធ្វើឱ្យប៉ះពាល់ខ្លាំងនៃចំនួនទេសចរណ៍ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះទៀតផង។
សូមបញ្ជាក់ផងដែរថា សម្រាប់បងប្អូនអ្នកលេងបណ្តាញសង្កម សូមមេត្តាតាមដានព័ត៌មានឱ្យបានដិតដល់ កុំជឿព័ត៌មានអកុសល និងគ្មានប្រភពច្បាស់លាស់ឱ្យសោះ ជាពិសេសមិនត្រូវស៊ែរចែកចំលែកបន្តព័ត៌មានផ្តេសផ្តាសនោះឡើយ ព្រោះតែវាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់ខេត្ត ឬសេដ្ឋកិច្ចតំបន់ដែលត្រូវគេបំភ្លៃព័ត៌មាន ជាពិសេសក៏បានធ្វើឱ្យមហាជនទទួលព៏ត៌មានខុសការពិតទាំងស្រុងផងដែរ។
សូមតាមដាន និងជឿជាក់លើព័ត៌មានច្បាស់ការ ឬចេញផ្សាយពីក្រសួងពាក់ព័ន្ធប៉ុណ្ណោះបានហើយ៕