លោក Ben Davis ត្រូវបានគ្រប់គ្នាស្គាល់ថា ជាជនជាតិបរទេសមួយរូប ដែលមានចិត្តស្រលាញ់ និងការពារព្រៃឈើ ដោយលោកសុខចិត្តនាំទាំងគ្រួសារមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំហើយ។
លោក Ben រមែងតែងតែផ្លាស់លំនៅដ្ឋានជាញឹកញាប់ នៅតាមបណ្តាខេត្ត និងតំបនមានបញ្ហា ដេីម្បីកិច្ចការងារជួយអភិរក្សទៅដល់សត្វព្រៃ និងការពារព្រៃឈើដែលកំពុងតែទទួលរងនូវការកាប់បំផ្លាញ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកនិងក្រុមគ្រួសារបាននឹងកំពុងតែរស់នៅក្នុងព្រៃជ្រៅមួយក្នុងខេត្តព្រះវិហារ។
តែដោយសារតែអ្នកចូលរួមការពារមានតិច អ្នកបំផ្លាញមានច្រើន បានធ្វើឱ្យលោក Ben បានសម្រក់ទឹកភ្នែកឈឺចាប់ ដែលលោកមិនអាចជួយព្រៃឈើកម្ពុជាបានច្រើនតាមលទ្ធភាពដែលលោកមាន ដោយបែបនេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការអាណិត និងកោតសរសើរលោកជាខ្លាំងដែលលោកត្រឹមតែជាជនបរទេសតែស្រលាញ់ខ្មែរ ជាងម្ចាស់ប្រទេសមួយចំនួនតូច។
ដោយសារតែឃើញលោក Ben បាក់ទឹកចិត្ត និងមានការលំបាកនៅក្នុងការងារប្រចាំថ្ងៃនោះ លោកឱកញ៉ា ស្រី ចាន់ថន ដែលគ្រប់គ្នាស្គាល់ថាជាឧកញ៉ាចិត្តសប្បុរសធម៌ បានចេញមុខផ្តល់ជំនួយមួយចំនួនដល់លោក Ben ដែលជារឿងមួយគួរឱ្យរំភើបខ្លាំង។
យោងតាមរយៈគណនីផេកហ្វេសប៊ុករបស់លោក តាន់ គីម សួរ បានរៀបរាប់ថា៖ «សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់បងប្រុស ស្រី ចាន់ថន ដែលបានចូលរួមឈឺឆ្អាលក្នុងកិច្ចការងារអភិរក្សព្រៃឈើរបស់លោកបេន ដោយឧបត្ថម្ភជាថវិកាចំនួន២លានរៀល ហើយបងប្រុសសន្យាថានឹងចុះទៅសួរសុខលោកបេននិងក្រុមគ្រួសារដោយផ្តល់ និងបន្តជួយពួកគាត់ទៀត។
សូមបញ្ជក់៖ បេននិងខ្ញុំមិនបានប្រកាសស្វែងរកមូលនិធិអ្វីទាំងអស់ ប៉ុន្តែការផ្តល់ជូនដោយសប្បុរសជននានាគឺជាការបង្ហាញអំពីទឹកចិត្តនិងសេចក្តីស្រលាញ់ធនធានធម្មជាតិ និងផ្តល់កំលាំងចិត្តដល់បេនក្នុងការបន្តថែរក្សាសួតរបស់ពួកយើងទាំងអស់គ្នានេះ សូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះជាមួយពួកយើង » ៕