សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

បើដឹងថាគេមានសង្សារ ឬម្ចាស់ចិត្តហើយ តើគួរបន្ត ឬក៏បញ្ឈប់ចិត្តស្រឡាញ់គេត្រឹមហ្នឹង?

By Shield

February 25, 2020

ឱ្យស្រឡាញ់វាងាយណាស់ តែបើឱ្យកាត់ចិត្ត ឈប់ស្រឡាញ់វិញ វាជារឿងមួយដែលពិបាកធ្វើបំផុត ព្រោះចិត្តដែលស្រឡាញ់ហួសហើយ គឺមិនងាយនឹងកាត់ចិត្តបានងាយៗនោះឡើយ។

គ្មានអ្នកណាប្រាប់ឱ្យខ្លួនឯង ទៅស្រឡាញ់អ្នកដែលគេមានម្ចាស់ ឬមានសង្សារហើយនោះទេ តែពេលខ្លះ ជ្រុលចិត្តស្រឡាញ់ហើយ ទើបដឹងថា ការពិតគេនោះ មានម្ចាស់ មានសង្សាររួចទៅហើយ ហើយពេលខ្លះទៀត ដឹងហើយឮហើយថាគេមានសង្សារ មានដៃគូ តែចិត្តដែលលង់ស្រឡាញ់ភ្លាមៗ ប្រាកដជាមិនបានត្រៀមទុកមុនទេ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែពាក្យគេច្រើននិយាយថា ប្ដីប្រពន្ធការហើយមានកូន នៅអាចលែងគ្នា គូដណ្ដឹងភ្ជាប់ពាក្យហើយ នៅអាចផ្ដាច់ពាក្យបាន ចុះត្រឹមជាសង្សារ រឿងអីបែកគ្នាមិនបាននោះ អ៊ីចឹង ប្រាកដជាត្រូវបន្តស្រឡាញ់ ដើម្បីរង់ចាំថ្ងៃគេបែកគ្នាមែនទេ? មិនអាចទេ ចាំគេបែកគ្នា ដូចកាប់បំពង់រង់ចាំទឹកភ្លៀង មិនស្រួលមានទាំងចិត្តបន់ឱ្យគេបែកគ្នាទៀត បាបណាស់ កុំធ្វើជាមនុស្សចាំតែបំបែកបាក់អ្នកដទៃអី។

ប៉ុន្តែ បើឱ្យកាត់ចិត្តឈប់ស្រឡាញ់ ហើយដើរចេញនោះ សួរថា ធ្វើបានទេ បើស្រឡាញ់តិចៗ ឬក៏គ្រាន់តែជាអារម្មណ៍មួយឆាវ ប្រហែលជាមិនពិបាកឡើយ តែបើជ្រុលស្រឡាញ់ខ្លាំងហើយ ហើយឱ្យកាត់ចិត្តនោះ វាពិតជាពិបាក សួរថាតើមានមនុស្សប៉ុន្មាននាក់អាចធ្វើបាន?

ចង់បន្ត ឬក៏បញ្ឈប់ គិតមើលខ្លួនឯងទៅ ជួនកាលកាលៈទេសៈ កាំជំពាក់ចិត្តវាស្ថិតក្នុងពេលផ្សេងគ្នា ដូច្នេះ ការសម្រេចចិត្តរបស់មនុស្សយើង ក៏មិនដូចគ្នាដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក កាលីប៩រក្សាសិទ្ធ