សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រស់និងសុខភាព

នៅចាំផ្លែសំរង បានទេ? ​ទទួលទានហើយជំនួយសុខភាពបានច្រើនយ៉ាងណាស់ ពិសេសជំងឺទាក់ទងផ្លូវដង្ហើម

By Shield

February 27, 2020

ផ្លែសំរង គឺជាផ្លែម្យ៉ាងដែលដុះចេញពីដើមឈើព្រៃដ៏ធំមួយ ហើយត្រូវបានប្រជាជនខ្មែរនិយមទទួលទានវាជាចំណីលាយគ្រឿងភេសជ្ជៈសម្រាប់ទទួលទាន ដោយការត្រាំទឹកឱ្យរីកជាមុនសិន ជាពិសេសគឺលាយជាមួយគ្រាប់ជីរតែម្តង។

មនុស្សភាគច្រើនដឹងត្រឹមថា វាមានគុណតម្លៃពិសេសធ្វើជាថ្នាំត្រជាក់សម្រួលសុខភាពរាងកាយ តែប៉ុណ្ណោះ តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការទទួលទានផ្លែសំរងជាប្រចាំ ក៏ត្រូវបានគេដឹងអាចកបនឹងជំងឺជាច្រើនមុខផងដែរ។

ដូច្នេះមកតាមដានប្រយោជន៍ខាងសុខភាពរបស់ផ្លែសំរង ៖

១. ជួយឱ្យត្រជាក់រាងកាយ និងព្យាបាលជំងឺផ្លូវដង្ហើម៖  ផ្លែសំរងអាចយកធ្វើជាថ្នាំត្រជាក់ ជាពិសេសគឺសម្រាប់ការទទួលទាននៅក្នុងរដូវក្តៅ និងពេលស្ត្រីមករដូវជាដើម។

នៅក្នុងនោះ វាថែមទាំងជាឱសថសម្រាប់កបនឹងជំងឺមួយចំនួន ដែលកើតឡើងដោយសារតែរាងកាយឡើងកម្តៅខុសពីធម្មតាផងដែរដូចជា៖

– ជំងឺគ្រុនក្តៅ

– ក្អក

– ផ្តាសាយ

– កម្ចាត់កំហាក និងស្លេស្ម៍

– ការឈឺចាប់ ឬជំងឺទាក់ទងនឹងប្រហោងឆ្អឹងច្រមុះ(Sinus)

– ជំងឺហឺត

– ជំងឺរលាកទងសួត

– រលាកសាច់បំពង់ក (Tonsillitis)

– ឈឺបំពង់-ក

– រលាកបំពង់ក (Pharyngitis) និងឆ្លងមេរោគនៅក្នុងបំពង់-ក

– ភ្នែកឡើងក្រហម ឬក្តៅដោយសារតែក្តៅខ្លួន

– ស្នាមកន្ទួល ឬរមាស់

– បញ្ហារបត់នៃពោះវៀន

– រដូវមិនទៀង

– ឈឺក្បាល និងវិលមុខ

– ជួយបង្កើនឱកាសនៃការមានកូន

– អាការគេងមិនលក់ និងជំងឺទាក់ទងនឹងការកើនឡើងនៃកម្តៅរាងកាយជាច្រើនមុខទៀត។

២. ព្យាបាលជំងឺទាក់ទងនឹងការរលាក និងសម្អាតជាតិពុលចេញពីរាងកាយ៖ ក្រៅពីជួយព្យាបាល និងសម្រាលការឈឺចាប់នៃអាការជំងឺទាក់ទងនឹងការឡើងកម្តៅរាងកាយ ការទទួលទានផ្លែសំរង ក៏អាចជួយព្យាបាលជំងឺ និងអាការផ្សងៗទាក់ទងនឹងការរលាកផ្សេងៗ ព្រមទាំងជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរ រួមមានដូចជា៖

– អាចព្យាបាល និងសម្រាលបញ្ហាការកើតមុនផ្សេងៗទាំងលើផ្ទៃមុខ និងលើរាងកាយ

– ព្យាបាលជំងឺសើស្បែកបានជាច្រើនមុខដូចជា៖ កន្ទួល រមាស់ស្បែក ជំងឺត្រអក ឬប្រទាលត្រអាក ជំងឺឃ្លង់ និងជំងឺលើស្បែកផ្សេងៗទៀត

– ជួយសម្អាត បណ្តេញជាតិពុល និងការពារមេរោគឆ្លងតាមផ្លូវទឹកនោម ដូចជានៅតំបន់ ប្លោកនោម និងតម្រងនោមជាដើម

– ជួយបណ្តេញជាតិទឹកដែលលើសក្នុងខ្លួន ដែលជាហេតុធ្វើឱ្យហើមតាមរាងកាយ

– បណ្តេញជាតិពុល ដែលធ្វើឱ្យមានបញ្ហារបត់នៃចលនាពោះវៀន

– ជួយព្យាបាលជំងឺទល់លាមក និងបន្ទោរបង់មកចេញឈាមតាមផ្លូវលាមក (ដោយសារក្តៅក្នុង)

– បន្ថយជាតិហ្គាស (ឧស្ម័ន) ដែលមាននៅក្នុងរាងកាយ ហើយជួយព្យាបាលអាការ ហើម ប៉ោង និងតឹងពោះ ព្រមទាំងធ្វើឱ្យបញ្ហាពាក់ព័ន្ធក្រពះដូចជា៖ ជំងឺដំបៅក្រពះពោះវៀន និងជំងឺដំបៅក្រពះជាដើមឱ្យបានធូរស្រាល ឆាប់ជាសះស្បើយ

– ជួយធ្វើឱ្យអាការឈឺចាប់នៅត្រង់សន្លាក់ដោយសារជាតិទឹក ឆាប់ធូរស្រាលជាងមុន

– បន្ថយអាការក្រហាយ និងចុកឆ្អល់នៅត្រង់ដើមទ្រូង

– វាថែមទាំងមានលក្ខណៈបែបគីមីវិទ្យាសាស្ត្រ ដែលអាចប្រើប្រាស់សម្រាប់ការព្យាបាលជំងឺមហារីកបានផងដែរ។

៣.  ជួយដល់ការសម្រកទម្ងន់៖ ក្រៅពីគុណប្រយោជន៍សុខភាពជាច្រើន របស់ផ្លែសំរង គេបានដឹងថាវាក៏សម្បូរទៅដោយជាតិកាកសរសៃហ្វៃបឺដ៏ច្រើនលើសលប់ ព្រមទាំងមានជាតិកាឡូរីទាប ដែលល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ ជាពិសេសការទទួលទានផ្លែសំរង ជួយធ្វើឱ្យអ្នកឆាប់ឆ្អែត មិនសូវឃ្លានអាហារដូចមុន ថែមទាំងឆ្អែតបានយូរផងដែរ។

# វិធីទទួលទានផ្លែសំរង

– ផ្លែសំរងមុននឹងទទួលទានបាន គឺត្រូវត្រាំផ្លែវាឱ្យរីកនៅក្នុងទឹកស្អាតប្រមាណជា ១៥នាទីទៅ ៣០នាទីជាមុនសិន។

– បន្ទាប់មកអ្នកអាចបកសម្បកវាចេញ រួចទទួលទានផ្លែសំរងនេះ លាយជាមួយគ្រាប់ជីរក៏បាន លាយជាមួយភេសជ្ជៈសុខភាពផ្សេងៗក៏បានដូចជា៖ ទឹកដូង ទឹកផ្លែឈើ ទឹកបន្លែក្រឡុក ឬទឹកក្រូចឆ្មារ ទឹកតែបៃតង និងភេសជ្ជៈដែលជំនួយសុខភាពជាច្រើនមុខទៀតតាមដែលអ្នកចូលចិត្តបានដោយគ្មានបញ្ហា។

– ដើម្បីបង្កើនរសជាតិ អ្នកក៏អាចលាយជាមួយនឹងស្ករស ឬទឹកឃ្មុំបន្ថែមលើភេសជ្ជៈក៏បាន។

ចំណាំ៖

– សម្រាប់ការព្យាបាលជំងឺទាក់ទងក្រពះពោះវៀន និងអាការទល់លាមក អ្នកគួរតែទទួលទានផ្លែសំរងទាំងសម្បកវា ដោយមិនបាច់យកចេញ។

– សម្រាប់ការព្យាបាលជំងឺទាក់ទងនឹងបំពង់-ក ឈឺ-ក ការឆ្លងមេរោគទាក់ទងនឹងផ្លូវដង្ហើម និងឆ្អឹងខ្ទង់ច្រមុះ អ្នកអាចទទួលទានវាដោយបកសម្បកសំរងចេញ ឬទទួលទានទាំងសម្បកក៏បាន៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព