ថ្មីៗនេះ ប្រជាជនខ្មែរជាច្រើនបានផ្ទុះការរិះគន់ និងមានប្រតិកម្មយ៉ាងខ្លាំងពាក់ព័ន្ធនឹងប៉ុស្តិ៍ទូរទស្សន៍ថៃមួយ បានប្រើប្រាស់រចនាបថខ្មែរនៃចម្លាក់ប្រាសាទអង្គរវត្ត និងការរំលោភសិទ្ធប្រើប្រាស់ឆាយាល័ក្ខណ៍នៃព្រះរៀមបុប្ផាទេវី ក្នុងភាពយន្តថៃមានចំណងជើង អសូរភីត อสรพิษ (អាសិរពិស) ព្រមទាំងទាមទារឱ្យថៃចេញមុខសុំទោសកម្ពុជាជាបន្ទាន់ផងដែរ។
ក្រោយការរិះគន់ផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុកកម្ពុជារួចមក ពេលនេះខាងភាគីថៃ ក៏បានដឹងកំហុសរបស់ខ្លួន និងបានចេញមុខសុំទោសកម្ពុជាជាផ្លូវការ ដោយបានសរសេរលិខិតមួយផ្ញើមកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ហើយនឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីសម្តែងនូវកំហុសឆ្គងរបស់ខ្លួន។
បើយោងតាមរយៈផេកជាផ្លូវការរបស់ទូរទស្សន៍ PNN បានឱ្យដឹងថា៖ « ក្រុមហ៊ុន One31 Company Limited សុំទោសចំពោះការយកព្រះឆាយលក្ខ័ណ៍របស់សម្តេចរាជបុត្រីព្រះរាមបុប្ផាទេវី ទៅប្រើដោយពុំមានការអនុញ្ញាត។
ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃបានផ្ញើលិខិតមួយច្បាប់មកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។
ជាមួយគ្នានេះ ក្រុមហ៊ុននឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ចំពោះកំហុសឆ្គងដោយអចេតនានេះ និងស្នើសុំការព្រះរាជទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុុជាទូទៅផងដែរ »៕