កាលពីម្សិលមិញនេះក្រសួងសុខាភិបាលកម្ពុជាបានប្រកាសជាផ្លូវការថា បុរសជនជាតិខ្មែរមួយរូបដែលមានភាពជិតស្និទ្ធនឹងជនជាតិជប៉ុនដែលផ្ទុកវីរុស Covid-19 ពេលចាកចេញពីកម្ពុជា បានរកឃើញថាឆ្លងវីរុសនេះផងដែរ។
ព័ត៌មាននេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភខ្លាំង ថាបុរសរូបនេះអាចនឹងចម្លងទៅអ្នកដទៃ ឬក្រុមគ្រួសារជាដើម ដូច្នេះហើយក្រសួងក៏បានយកតេស្តពីក្រុមគ្រួសារបុរសដែលផ្ទុកវីរុសនេះមកវិភាគដើម្បីឱ្យបានដឹងច្បាស់ងាយស្រួលទប់ស្កាត់។
តែជា ដំណឹងល្អ នៅវេលាម៉ោង ២រសៀលនេះ តាមរយៈការផ្តល់ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា លទ្ធផលនៃការធ្វើសំណាកនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ បានបញ្ជាក់ថា គ្រួសាររបស់ជនជាតិខ្មែរម្នាក់ដែលឆ្លងមេរោគ Covid-19 ចំនួន៣នាក់ មានប្រពន្ធ ប្អូនថ្លៃ និងប្អូនបង្កើត គឺជាលទ្ធផល ពិនិត្យអវិជ្ជមាន បានន័យថាមិនមានការឆ្លងវីរុសកូវីត១៩ពីបុរសជនជាតិខ្មែរឡើយ។
ដូច្នេះសូមបងប្អុនកុំព្រួយបារម្ភ ក្រសួងមានវិធានការទប់ស្កាត់ និងដោស្រាយបញ្ហាមួយនេះហើយ៕