ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ការខ្ពុរមាត់ទឹកក្ដៅឧណ្ហៗលាយទឹកអំបិលជាវិធីបង្ការរោគផ្លូវដង្ហើមដ៏ល្អបំផុត

វីរុសកូវីដ-១៩ នៅតែវាយលុកយ៉ាង ដោយចំនួនអ្នកឆ្លងជុំវិញសកលលោកនៅតែមានការកើនឡើង។ វីរុសនេះគឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវដង្ហើមដោយវានឹងធ្វើឲ្យយើងពិបាកក្នុងការដកដង្ហើមហើយប៉ះពាល់សួតថែមទៀតផង។ វិធីការពារគឺមានច្រើនរបៀបដោយមានការណែនាំពីអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជា ក្រសួងសុខាភិបាលប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងឪកាសនេះផងដែរ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានណែនាំនូវវិធីសាស្រ្តមួយផងដែរដែលអាចជួយបង្ការរោគផ្លូវដង្ហើមដ៏ល្អបំផុតដែលយើងត្រូវខ្ពុរមាត់ជាមួយទឹកក្ដៅឧណ្ហៗលាយទឹកអំបិល។

91308639_2801372166626570_9001675222423699456_n

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរណែនាំនេះតាមរយៈហ្វេសប៊ុកផេករបស់លោកដែលមានឈ្មោះថា MJQ University Press​ ដោយលោកបានសរសេរថា៖

"ក្រៅពីធ្វើឱ្យអញ្ចាញធ្មេញស្រស់ស្អាត និងមាត់ធ្មេញគ្មានក្លិនស្អុយ ការខ្ពុរមាត់និងបំពង់ក នឹងទឹកក្ដៅឧណ្ហៗលាយជាមួយទឹកអំបិលប្រៃឡែមៗ ឬដុសធ្មេញជាមួយនឹងទឹកអំបិល ក៏ជួយបង្ការរោគផ្លូវដង្ហើមដ៏មានប្រសិទ្ធភាពផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាច​ជួយ​កាត់បន្ថយ​ជំងឺពងបែកក្នុងមាត់ រលាកបំពង់ក ដំបៅទងស៊ុល ផ្ដាសាយ ផ្ដាសាយធំ ជំងឺរើម ជ្រាំងអណ្ដាត និងរោគឆ្លងផ្សេងៗ​ជាច្រើន​ទៀត។ មែនទែនទៅ ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗលាយជាមួយទឹកអំបិល វាអាចជួយកាត់បន្ថយរោគឆ្លងបានរហូតដល់ ៥០% ឯណោះ ប្រសិនបើយើងខ្ពុរឱ្យបាន​៤ទៅ៥ដងក្នុងមួយថ្ងៃ។ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា នៅពេលខ្ពុរមាត់និងបំពង់ករួចហើយ យើងត្រូវខ្ជាក់ទឹកខ្ពុរមាត់នោះចេញវិញ កុំលេបចូលទៅក្នុងពោះ។ ម្យ៉ាង បន្ទាប់​ពីខ្ពុរមាត់ទឹកក្ដៅឧណ្ហៗលាយជាមួយទឹកអំបិលរួចហើយ យើងត្រូវពិសាទឹកមួយកែវធំដើម្បីបញ្ជូនមេរោគពីបំពង់កទៅក្រពះ ដើម្បី​ឱ្យអាស៊ីតនៅក្នុងក្រពះសម្លាប់មេរោគនោះ។ ហើយបើអាចទេ ក្នុងមួយថ្ងៃត្រូវពិសាទឹកឱ្យបានចន្លោះពី១លីត្រកន្លះទៅ២លីត្រ ព្រោះវាជួយកាត់បន្ថយជំងឺបានច្រើនមែនទែន។

Sky23 7

រឿងមួយទៀតដែលយើងគួរធ្វើដែរនោះ គឺយើងត្រូវលាងដៃនឹងសាប៊ូ​ឱ្យបានញឹកញាប់ គ្រប់ពេលមុនទទួលទានចំណីអាហារ និងក្រោយពេល​ចាប់កាន់ឬប៉ះពាល់របស់អ្វីមួយដែលយើងគិតថាគ្មានសុវត្ថិ​ភាព​។ មិនតែប៉ុណ្ណោះ សម្ភារៈប្រើប្រាស់មាន ចាន ឆ្នាំង ស្លាបព្រា ផ្តិល​ទឹក និងកែវផឹកទឹកជាដើម យើងត្រូវលាងសម្អាត​នឹង​សាប៊ូឱ្យស្អាតជាប្រចាំ រាល់ពេលប្រើប្រាស់។ ហើយគ្រប់ពេលចេញទៅក្រៅ និងរាល់​ពេលសន្ទនាគ្នា ទោះមនុស្សជិតស្និតធ្លាប់ស្គាល់ប្រវត្តិគ្នា ឬមិនស្គាល់ប្រវត្តិគ្នាក៏​ដោយ យើងត្រូវពាក់ម៉ាស់ការពារជានិច្ច។ មួយវិញទៀត នៅពេលជួបនិយាយសន្ទនាគ្នា យើងត្រូវ​រក្សារចម្ងាយឱ្យបានឃ្លាតឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រ ឬកាន់តែឆ្ងាយកាន់តែល្អ។ យើងគួរ​បញ្ឈប់ការចាប់ដៃ​គ្នា និង​ឱបកៀកកគ្នា ដោយគ្រាន់តែលើកដៃសំពះសួរសុខទុក្ខគ្នាតាមបែប​ប្រពៃណីខ្មែរ។

Health 3

ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ដើម្បីមានសុខភាពល្អ និងបង្ការការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ យើងត្រូវខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗដែលលាយទឹកអំបិលប្រៃឡែមៗឱ្យបានញឹកញាប់ និងត្រូវដុស​សម្អាត​ធ្មេញឱ្យបាន៣ដងក្នុងមួយ គឺពេលព្រលឹមឡើង (ភ្ញាក់ពីគេង​) ពេលថ្ងៃ (ញ៉ាំអាហាររួច) និងពេលយប់មុនចូលគេង (ក្រោយពេល​ញ៉ាំអាហាររួច)។ ជាពិសេស យើងត្រូវរស់នៅស្អាត ហូបស្អាត និង​ផឹកស្អាត៕"

Screenshot (295)

ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការ​ប្រុងប្រយ័ត្ន ព្រមទាំងចូលរួមថែរក្សាអនាម័យទាំងអស់គ្នា ហើយបើមិនចាំបាច់នោះ សូមនៅផ្ទះទាំងអស់គ្នា កុំចេញទៅក្រៅឲ្យសោះ៕