សាយ (Sai) ម្ចាស់ពាន «បុគ្គលល្អឯក» លើកទឹកចិត្តឱ្យយុវជនក្លាហានក្នុងការចាប់យកក្តីស្រមៃជារបស់ខ្លួន – Kalib9 ជីវិតកម្សាន្ត | Pelklas

សាយ (Sai) ម្ចាស់ពាន «បុគ្គលល្អឯក» លើកទឹកចិត្តឱ្យយុវជនក្លាហានក្នុងការចាប់យកក្តីស្រមៃជារបស់ខ្លួន

សិល្បករផ្នែកចម្រៀងសម័យដ៏មានទេពកោសល្យមួយរូបនៅកម្ពុជា លោក សាយ (Sai) គឺម្ចាស់ពានរង្វាន់កម្មវិធី «បុគ្គលល្អឯក» ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត បានបង្ហាញភាពសុទិដ្ឋិនិយមដោយលើកទឹកចិត្តឱ្យយុវជនក្លាហានក្នុងការចាប់យកក្តីស្រមៃដែលខ្លួនស្រលាញ់ ព្រមទាំងកុំរុញរា និងត្រូវជម្នះនូវឧបសគ្គនានា ដើម្បីសម្រេចក្តីបំណងទាំងនោះ។

Screen Shot 2021 10 25 At 8.57.57 AM

Screen Shot 2021 10 25 At 9.04.29 AM

លោក សាយ (Sai) ដែលត្រូវបានគេស្គាល់ថាជាយុវជនដ៏លេចធ្លោម្នាក់លើការងារសប្បុរសធម៌ ជាពិសេសលើសកម្មភាពនៃការរត់ជុំវិញប្រទេសកម្ពុជាដើម្បីប្រមូលថវិកាសប្បុរសធម៌ ហើយមិនយូរប៉ុន្មានយុវជនរូបនេះបានក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី «បុគ្គលល្អឯក» កាលពីអំឡុងពាក់កណ្តាលខែតុលា ឆ្នាំ ២០២១ ដោយមានចំណុចលេចធ្លោជាច្រើនក្នុងកម្មវិធីសប្បុរសធម៌ផង និងការបណ្តុះឆន្ទៈយុវជនខ្មែរផងដែរ។

ក្រោមបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្លាប់បោះបង់វិថីសិល្បៈព្រោះតែបញ្ហាគ្រួសារ និងការមិនជឿជាក់លើខ្លួនឯង រហូតអាចត្រលប់មកវិថីសិល្បៈ ក្នុងគោលបំណងចាប់ផ្តើមការងារជាក្តីស្រមៃរបស់ខ្លួនឡើងវិញ លោក សាយ បានលើកទឹកចិត្តឱ្យយុវជនគួរតែមានក្តីស្រមៃជាក់លាក់ ស្គាល់ខ្លួនឯងឱ្យបានច្បាស់ ដើម្បីចាប់យកកិច្ចការ ឬសកម្មភាពដែលខ្លួនឯងពេញចិត្ត ដើម្បីអនាគតខ្លួនឯង និងក្នុងន័យបម្រើផលប្រយោជន៍សង្គម ដោយចៀសវាងបង្កភាពអវិជ្ជមានដែលជាបន្ទុកដល់សង្គមវិញ ទាំងដែលមិនបានជួយអ្វីដល់ប្រទេសជាតិសោះ។

Screen Shot 2021 10 25 At 8.59.50 AM

242091292_4313192988717016_8431944422514842106_n

លោកថ្លែងថា៖«មនុស្សម្នាក់ៗយើងគួរតែមានក្តីស្រមៃរបស់ខ្លួនឯងឱ្យច្បាស់លាស់។ យើងស្គាល់ខ្លួនឯងឱ្យច្បាស់លាស់ ហើយយើងខិតខំប្រែងធ្វើកិច្ចការងារនៅក្នុងជីវិតរបស់យើងហ្នឹង គឺដើម្បីទទួលបាននូវអ្វីដែលយើងចង់បាន ឬក៏ឈោងចាប់នូវក្តីស្រមៃខ្លួនឯង ហើយនឹងក្លាយខ្លួនទៅជាមនុស្សម្នាក់ស្គាល់ខ្លួនឯងច្បាស់លាស់ ហើយស្គាល់ក្តីសុខរបស់ខ្លួនឯងនៅកន្លែងណា?» «ខ្ញុំសម្រេចចិត្តថា ជីវិតមួយនេះគឺជារបស់យើង ហើយប្រសិនបើយើងអាចមានឱកាសសម្រេចចិត្តខ្លួនឯងបានសម្រាប់ជីវិតមួយនេះ ខ្ញុំសូមសម្រេចចិត្តប្រថុយឈោងចាប់នូវក្តីស្រមៃរបស់ខ្លួនឯង។ អញ្ចឹងហើយបានខ្ញុំត្រឡប់មកចូលរួមជាមួយអ្នកតែងនិពន្ធបទចម្រៀងថ្មី ក៏បានបន្តដំណើរជាអ្នកចម្រៀង ក៏ដូចជាអ្នកតែងនិពន្ធចម្រៀងតាំងពីពេលនោះមក»។

 

ជាការកត់សម្គាល់ ប្រជាប្រិយភាពរបស់លោកក៏កាន់តែកើនឡើងតាមរយៈបទចម្រៀងបែបមនោសញ្ចេតនា វីដេអូភាពយន្ត និងសកម្មភាពសប្បុរសធម៌។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្រពេញចិត្ត និងស្គាល់លោកកាន់តែច្បាស់ គឺនៅខែតុលាឆ្នាំ ២០២០ កន្លងទៅ លោកបានរៀបចំកម្មវិធីសប្បុរសធម៌មួយដែលមានឈ្មោះថា «Run With Sai ឬក៏ រត់ជាមួយសាយ» ដោយកម្មវិធីសប្បុរសធម៌នេះ គឺលោកបានរត់ទៅជុំវិញប្រទេសកម្ពុជា ក្នុងន័យស្វែងរកថវិកាសប្បុរសធម៌ទៅជួយមន្ទីរពេទ្យមួយនៅក្នុងខេត្តសៀមរាប។

Logo_profile

បន្ទាប់ពីបញ្ចប់កម្មវិធីសប្បុរសធម៌មួយនេះ តារាចម្រៀងលោកសាយ ត្រូវបានគណៈកម្មការកម្មវិធី «បុគ្គលល្អឯក»នៃក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត ជ្រើសរើសជាម្ចាស់ពាននៃកម្មវិធីមួយនេះ ដោយទទួលបានទឹកប្រាក់២០,០០០ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរ ម្ចាស់ពានរង្វាន់រូបនេះ បានឱ្យដឹងថា លោកនឹងយកថវិកាដែលជាប្រាក់រង្វាន់នេះចំនួន១០,០០០ដុល្លារ ទៅចែករំលែកដល់អង្គការចំនួន៣នៅក្នុងប្រទេសកម្ពុជា ដោយលោកមិនទាន់អាចបញ្ជាក់ពីឈ្មោះរបស់អង្គការទាំងនោះនៅឡើយទេ។

Screen Shot 2021 10 25 At 9.11.34 AM

លោក សាយ និយាយថាកម្មវិធី «បុគ្គលល្អឯក» ជាកម្មវិធីដ៏ល្អមួយ ដែលបានផ្តល់តម្លៃ និងជំរុញទឹកចិត្តដល់បុគ្គលដែលបានធ្វើសកម្មភាពដើម្បីសង្គមនានា ឱ្យមានកម្លាំងចិត្តធ្វើបន្តទៀត ជាពិសេស គឺបានបង្ហាញនូវកិច្ចការសប្បុរសធម៌ដែលបុគ្គលបានធ្វើ ឱ្យកាន់តែទូលំទូលាយ និងជាគំរូដល់បុគ្គលដទៃទៀត។

ម្ចាស់ពានរង្វាន់រូបនេះបញ្ជាក់ថា៖ «ចំពោះកម្មវិធីបុគ្គលល្អឯក ខ្ញុំគិតថាជាកម្មវិធីមួយដែលល្អ បានជំរុញទឹកចិត្តដល់បុគ្គលផ្សេងៗដែលគាត់បានប្រឹងប្រែងធ្វើការងារពួកគាត់ហ្នឹង ដើម្បីជួយដល់អ្នកដទៃ ឬក៏បានធ្វើសកម្មភាពល្អៗ ដែលអាចកើតមកជាភាពលេចធ្លោមួយនៅក្នុងសង្គម ព្រមទាំងជាគំរូដល់អ្នកដទៃ»។

ម្ចាស់ពានរង្វាន់ «បុគ្គលល្អឯក» រូបនេះ បានដាក់ក្តីសង្ឃឹមថា តាមរយៈកិច្ចការងារសង្គមនានា ក៏ដូចជាបទចម្រៀងរបស់លោក នឹងអាចចូលរួមជួយជំរុញទឹកចិត្តយុវជនខ្មែរឱ្យក្លាហានក្នុងការឈោងចាប់ក្តីស្រមៃដែលខ្លួនពេញចិត្ត៕

Screen Shot 2021 10 25 At 9.03.58 AM

Screen Shot 2021 10 25 At 9.04.21 AM