សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គន្លឹះ

មនុស្សស្រី ត្រូវចេះប្រដៅខ្លួនឯងសិន មុននឹងសម្រេចចិត្តចង់រៀបការជាមួយនឹងបុរសណាម្នាក់

By Shield

November 19, 2021

មនុស្សស្រី ត្រូវចេះប្រដៅខ្លួនឯងឱ្យបានល្អ ដរាបណា អ្នកនៅតែមិនទាន់អាចស្រឡាញ់ខ្លួនឯង មិនទាន់អាចមើលថែខ្លួនឯង ហើយក៏មិនទាន់ចេះធ្វើការរកលុយ ចិញ្ចឹមខ្លួនឯងបានទេ សូមកុំទៅរៀបការជាមួយនឹងបុរសណាម្នាក់ដោយងាយៗអី។

មនុស្សស្រី អ្នកត្រូវដឹងថា មនុស្សប្រុសទាំងអស់ មានគំនិត និងទស្សនៈមិនដូចគ្នាទេ។ យើងគិតថា មនុស្សប្រុសត្រូវតែជាសសរទ្រូងសម្រាប់គ្រួសារ ជាមេគ្រួសារ ជាអ្នកធ្វើការ រកលុយ ចិញ្ចឹម ផ្គត់ផ្គង់ និងថែរក្សាប្រពន្ធកូន មនុស្សក្នុងគ្រួសារឱ្យបានល្អ។ មែនហើយ មនុស្សប្រុសដែលជាប្ដី ជាឪពុក គឺត្រូវតែបែបហ្នឹង។

ប៉ុន្តែអ្នកមានដឹងទេថា មនុស្សប្រុសខ្លះ មិនដឹងទាំងថាខ្លួនឯងមានតួនាទីជាអ្វីផង គ្មានទំនួលខុសត្រូវ គ្មានសមត្ថភាពធ្វើការរកលុយ មិនចេះមើលថែក្រុមគ្រួសារ មិនដែលចេះផ្ដល់របស់ល្អៗដល់ប្រពន្ធកូន សូម្បីតែក្ដីសុខ សុភមង្គលមនុស្សស្រីដែលគេស្រឡាញ់ គេមិនអាចនឹងផ្ដល់ឱ្យបានផង … ចុះបើអ្នកជាមនុស្សស្រី មិនចេះធ្វើការរកលុយ មិនអាចចិញ្ចឹមខ្លួនឯងបាន តើអ្នកនឹងធ្វើបែបណា បើជាអកុសល អ្នកសំណាងអាក្រក់ ទៅរៀបការប៉ះមនុស្សប្រុសបែបហ្នឹង?

ដូច្នេះហើយ មនុស្សស្រី មុននឹងអ្នកសម្រេចចិត្តរៀបការ ជាមួយនឹងមនុស្សប្រុសណាម្នាក់ មិនមែនថាអ្នកត្រូវមើលលើមនុស្សប្រុសនោះឱ្យបានល្អិតល្អន់ប៉ុណ្ណោះទេ អ្នកត្រូវដឹងថា អ្នកមិនអាចមើលចិត្តមនុស្សប្រុសធ្លុះបានឡើយ ចរិតមនុស្សរមែងប្រែប្រួលជាបន្តបន្ទាប់ ដំបូងដែលអ្នកបានជួបគេ និងក្រោយមក អាចនឹងមិនដូចគ្នាឡើយ។

មុននឹងអ្នកសម្រេចចិត្តរៀបការ សាងគ្រួសារ ឬជ្រើសយកបុរសណាម្នាក់ អ្នកដែលអ្នកត្រូវមើលដំបូងបំផុតមិនមែនដៃគូទេ គឺអ្នកខ្លួនឯងផ្ទាល់ អ្នកត្រូវតែដឹងពីកម្រិតនៃខ្លួនឯង ទាំងការរស់នៅ ការយល់ដឹង និងការប្រើប្រាស់ជីវិតទាំងនៅលីវ និងពេលមានគូ។ អ្នកត្រូវតែកំណត់ ដាក់កំហិតលើខ្លួនឯង ហើយត្រូវច្បាស់ថា អ្នកបានត្រៀមខ្លួនរួចរាល់នឹងមានដៃគូជីវិតហើយ។

មនុស្សស្រី ​មុននឹងសម្រេចចិត្តរៀបការ អ្នកត្រូវចេះប្រដៅ អប់រំ ទូន្មានខ្លួនឯងឱ្យបានល្អ ៖

១. អ្នកត្រូវតែមានឯករាជ្យភាព ទាំងការប្រើជីវិត ផ្នែកសេដ្ឋកិច្ច មានការងារ មានចំណូល អាចរកលុយចិញ្ចឹមខ្លួនឯងបាន។ ២. អ្នកត្រូវប្រាកដចិត្តថា អ្នកជាមនុស្សដែលចេះបម្រែបម្រួល ទទួលយក ជាពិសេសគឺ ការយល់ច្បាស់ពីដៃគូ (ចេះអត់ធ្មត់ ចិត្តធ្ងន់ ចេះអភ័យ លើកលែង…)។ ៣. មានចិត្តទូលាយ មិនថាចំពោះដៃគូ ឬក្រុមគ្រួសារខាងគេនោះឡើយ។ ៤. យល់ច្បាស់ពីជីវិត និងស្ថានភាព បញ្ហាដែលជីវិតនឹងត្រូវជួបប្រទះ។ ៥. អ្នកត្រូវច្បាស់ថា ខ្លួនអ្នកអាចរ៉ាប់រងការងារជាច្រើន មិនមែនធ្វើតែការងារក្រៅ ឬធ្វើតែការងារផ្ទះនោះឡើយ។ ៦​. ចំណេះដឹង និងការយល់ដឹង មិនអាចគ្មាននោះឡើយ…។ ៧. អ្នកត្រូវប្រាកដថា ខ្លួនអ្នកចេះស្រឡាញ់ខ្លួនឯង អាចមើលថែខ្លួនឯង ហើយក៏អាចស្រឡាញ់ និងមើលថែក្រុមគ្រួសារបានផងដែរ។

នៅមានចំណុចជាច្រើនផ្សេងទៀត ដែលអ្នកត្រូវដឹង តែពេលដែលអ្នកចាប់ផ្ដើម អ្នកនឹងយល់កាន់តែច្បាស់។ មនុស្សស្រី មិនបាច់ខ្លាចក្នុងការមានគូស្រករនោះឡើយ ហើយក៏កុំបាច់ខា្លច ថានឹងត្រូវនៅម្នាក់ឯងអស់មួយជីវិតដែរ។

ជីវិតមិនថាមានគូ ឬនៅម្នាក់ឯងទេ គឺសុទ្ធតែជួបការលំបាក និងស្រណុកបែបផ្សេងៗគ្នា សំខាន់ អ្នកខ្លួនឯងអាចចុះសម្រុងនឹងដៃគូជីវិត ឬទម្លាប់នឹងការរស់នៅតែម្នាក់ឯង។ ជីវិតបែបណាក៏មានទុក្ខដែរ មិនថានៅម្នាក់ឯង ឬមានគូ គឺសុទ្ធតែចៀសមិនផុតពីទុក្ខព្រួយ។​ តែអ្វីដែលសំខាន់ បើមានគូ ត្រូវតែរកឱ្យបានមនុស្សដែលចូលមកដើម្បីសម្រាលបន្ទុកគ្នា … បើនៅម្នាក់ឯង ត្រូវតែច្បាស់ថា ខ្លួនឯង អាចមើលថែខ្លួនឯងបានល្អហើយ …៕

ប្រភព ៖ pHknongsrok / Knongsrok