សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គន្លឹះ

ទាយចរិតនិស្ស័យ អ្នកកើតខែទាំង១២ តើអ្នកកើតខែណាដែរ?

By Shield

November 19, 2021

តាមពិតទៅ ចង់ដឹងអត្តចរិត និស្ស័យរបស់មនុស្សម្នាក់ៗមិនពិបាកនោះឡើយ ព្រោះថាមានរបៀបនៃការមើល និងទស្សន៍ទាយដែលអាចឱ្យយើងបានដឹងយ៉ាងច្បាស់។ ដ្បិតថា ការទស្សន៍ទាយ វាមិនត្រូវ១០០% តែចំណុចខ្លះ អាចឱ្យយើងច្បាស់ថា វាក៏ត្រូវ ៩៩.៩៩%ដែរ។ ដូច្នេះ ការទស្សន៍អត្តចរិតរបស់មនុស្សៗ តាមរយៈខែកំណើតរបស់អ្នកខាងក្រោមនេះ តើអ្នកគិតថា វាត្រូវបានប៉ុន្មានភាគរយដែរទៅ?

១. ខែមករា

ចំពោះអ្នកកើតខែមករា ពួកគេជាមនុស្សផ្អែមល្អែម មានភាពរ៉ូមែនទិក ឆាប់រំជើបរំជួលចិត្ត ហើយបើនិយាយចំពោះក្ដីស្រលាញ់របស់ក្រុមមនុស្សកើតខែនេះគឺ ងាយស្រឡាញ់ តែក៏ងាយជិនណាយ ហត់នឿយនឹងស្នេហាដែរ មនុស្សក្រុមនេះ អាចនឹងផ្លាស់ប្ដូរគូស្នេហ៍ជាញឹកញាប់ រហូតដល់ពួកគេរៀបការ មានគ្រួសារ ទើបអាចបញ្ឈប់ចិត្តរេរារបស់គេបាន។

២. ខែកុម្ភៈ

ចំណែកក្រុមមនុស្សដែលកើតខែកុម្ភៈ ពួកគេជាមនុស្សដែលមានអារម្មណ៍ និងមនោសញ្ចេតនាជ្រាលជ្រៅខ្លាំង ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងមនុស្សដែលនៅជិត និងស្និទ្ធស្នាល ងាយដាក់ការស្រឡាញ់ ឱ្យតែមានអ្នកណាធ្វើល្អ យកចិត្តទុកដាក់នឹងគេខ្លាំង។ មនុស្សក្នុងក្រុមនេះ ក៏មានភាពរ៉ូមែនទិក ផ្អែមល្ហែម តែចំពោះតែមនុស្សដែលគាត់ស្រឡាញ់ពិតប្រាកដតែប៉ុណ្ណោះ។

៣. ខែមីនា

មនុស្សដែលកើតខែមីនា គឺជាក្រុមមនុស្សដែលមានភាពរម្យទម សុភាពរាបសារ ហើយក៏ចិត្តទន់ ងាយជឿលើសម្ដីអ្នកដទៃ ហើយក៏ងាយនឹងខឹង ងាយអន់ចិត្តជាមួយនឹងទង្វើរបស់មនុស្សជុំវិញខ្លួនដែរ តែពួកគេចូលចិត្តលាក់ មិននិយាយស្ដីអ្វីទេ ព្រោះខ្លាចប៉ះពាល់ដល់ទំនាក់ទំនង។

៤. ខែមេសា

ពួកគេជាមនុស្សដែលស្រលាញ់ខ្លាំង លះបង់គ្រប់បែបយ៉ាងដើម្បីមនុស្សខ្លួនស្រឡាញ់ ចូលចិត្តភាពស្ងប់ស្ងាត់ តែមានចិត្តក្តៅ ឆេវឆាវ ចូលចិត្តយកខ្លួនទៅប្រៀបធៀបនឹងអ្នកដទៃ តែបើចំពោះស្នេហា មនុស្សទាំងនេះស្មោះខ្លាំងណាស់។

៥. ខែឧសភា

មានចិត្តងាយ ឆាប់តូចចិត្ត ងាយសប្បាយ តែក៏ងាយនឹងកើតទុក្ខដោយគ្មានមូលហេតុដែរ។ ក្រុមមនុស្សដែលកើតខែនេះ​ ចិត្តមិនសូវជានឹងនប៉ុន្មានទេ បើនិយាយចំពោះស្នេហា មនុស្សក្រុមនេះ បើមិនត្រូវគេបោក ក៏ខ្លួនឯងបោកប្រាស់ក្ដីស្រឡាញ់របស់គេដែរ។

៦. ខែមិថុនា

សម្រាប់អ្នកកើតខែមិថុនា គឺជាមនុស្សដែលងាយនឹងបោះបង់ខ្លាំងណាស់ ជាពិសេសចំពោះរឿងស្នេហា ប្រសិនបើត្រូវបានគូស្នេហ៍ក្បត់ចិត្ត គេនឹងចាកចេញទាំងឈឺចាប់ តែបើសិនគូស្នេហ៍ ទៅលួងលោមតែបន្តិច មនុស្សនេះក៏ចិត្តទន់ ងាយនឹងអភ័យ ហើយក៏ត្រឡប់មកត្រូវរ៉ូវគ្នាដូចដើមវិញដដែល។

៧. ខែកក្កដា

អ្នកកើតខែកក្កដា ជាមនុស្សចិត្តរឹង នឹងន ពួកគេជាមនុស្សមិនងាយទុកចិត្ដអ្នកណាម្នាក់ផ្ដេសផ្ដាសឡើយ ហើយក្រុមមនុស្សកើតខែនេះ ក៏តែងតែត្រៀមចិត្តសម្រាប់ឈឺចាប់ រួចជាស្រេចផងដែរ និយាយឱ្យក្ដី ពួកគេជាមនុស្សដែលត្រៀមគ្រប់យ៉ាងទុកមុន សូម្បីតែពេលសប្បាយចិត្ត ក៏មិនដែលសប្បាយឱ្យអស់ដែរ តែងតែគិតប្រុងប្រយ័ត្នជានិច្ច។

៨. ខែសីហា

រីឯអ្នកកើតខែសីហា គឺជាក្រុមមនុស្សដែលមិនធម្មតាឡើយ ប៉ុន្តែពួកគេពេលដែលមានបញ្ហា ចូលចិត្តលាក់កំបាំងណាស់ ដ្បិតថាពួកគេជាមនុស្សដែលចូលចិត្តដើរជាក្រុម ស្រឡាញ់មិត្តភក្តិ តែបញ្ហាផ្ទាល់ខ្លួន ពួកគេមិនដែលចេះបង្ហាញ បញ្ចេញឱ្យអ្នកណាបានដឹងងាយៗឡើយ សូម្បីតែស្នេហា ក៏មិនងាយនឹងបញ្ចេញឱ្យដៃគូបានដឹងដែរ។

៩. ខែកញ្ញា

អ្នកកើតខែកញ្ញា ជាមនុស្សដែលមានចិត្តរឹងប៉ឹង តែពេលខ្លះភាពស្មោះត្រង់ ចិត្តល្អ ចិត្តទន់ ងាយនឹងរងគ្រោះ​ត្រូវគេបោកប្រាស់មនោសញ្ចេតនាបានយ៉ាងងាយ។ យ៉ាងណាមិញ មនុស្សក្រុមនេះ ពេលដែលខឹង ឬស្អប់នរណាម្នាក់ ពួកគេគុំទុកអាក្រក់ណាស់ មិនងាយលើកលែង ឬអភ័យនោះឡើយ។

១០. ខែតុលា

អ្នកកើតខែតុលា គឺជាមនុស្សប្រកាន់ខ្ជាប់ខ្លាំង ព្រោះតែភាពប្រកាន់នេះហើយ ដែលធ្វើឱ្យក្រុមមនុស្សទាំងនេះ តែងតែត្រូវនៅឯកាតែម្នាក់ឯង។ ម្យ៉ាងវិញទៀត មនុស្សទាំងនេះ ក៏មិនងាយនឹងទុកចិត្តអ្នកណាផ្ដេសផ្ដាសដែរ ព្រោះធ្លាប់ត្រូវគេក្បត់ ធ្វើបាបចិត្ត ទើបក្លាយជាមនុស្សដែលចិត្តដាច់ លែងមានមនោសញ្ចេតនាបែបហ្នឹង។

១១. ខែវិច្ឆិកា

អ្នកកើតខែវិច្ឆិកា ជាមនុស្សដែលច្បាស់លាស់ ស្អប់គឺស្អប់ អត់ចេះសម្ដែងឡើយ មិនមែនជាមនុស្សចិត្តអាក្រក់ទេ តែគេជាមនុស្សដែលមានទៅមានមក មិនចេះចង់បានរបស់អ្នកដទៃ ហើយរបស់ខ្លួន ក៏មិនឱ្យគេងាយៗដែរ។ តែបើមានអ្នកណាល្អនឹងគេអស់ពីចិត្ត ស្មោះត្រង់ពិតប្រាកដ គេក៏តបទៅវិញឱ្យស្មើភាពគ្នា។

១២. ខែធ្នូ

អ្នកកើតខែធ្នូ គឺជាមនុស្សដែលចូលចិត្តគិតច្រើនតែម្នាក់ឯង មិនងាយទុកចិត្តអ្នកដទៃ តែបើពេលដែលទុកចិត្តគេហើយ ច្រើ​នតែត្រូវគេធ្វើបាបចិត្តដោយងាយ ដូច្នេះ ចូរអ្នកប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះទំនុកចិត្តខ្លួនឯងទៅលើនរណាម្នាក់៕

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Knongsrok