អត់​ចាំ​បាច់​តែ​ទឹកអប់​ជាប់​ខ្លួន នេះ​របស់​សាមញ្ញ ៤ ជួយ​ឲ្យ​រាងកាយ​ក្រអូប​ចេញ​ពី​ខាង​ក្នុង – Kalib9 ជីវិតកម្សាន្ត យល់ដឹង សម្រស់និងសុខភាព | Pelklas

អត់​ចាំ​បាច់​តែ​ទឹកអប់​ជាប់​ខ្លួន នេះ​របស់​សាមញ្ញ ៤ ជួយ​ឲ្យ​រាងកាយ​ក្រអូប​ចេញ​ពី​ខាង​ក្នុង

ប្រសិន​អ្នក​មាន​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ដែល​ត្រូវ​ធ្វើ​ដំណើរ​ច្រើន មិន​សូវ​បាន​ងូត​ទឹក​ជាប់លាប់ ដូច្នេះ​ក្លិន​ខ្លួន​ក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ដែរ។ ខាង​ក្រោម Knongsrok ណែនាំ​ពី​វិធី​ធ្វើ​ឲ្យ​ក្លិន​ខ្លួន​នៅ​តែ​ល្អ ដោយ​មិន​ចាំ​បាច់​ស្ពាយ​ទឹក​អប់​តាម ជាមួយ​ការ​ប្រើប្រាស់​របស់​សាមញ្ញ​ទាំង ៤ ខាង​ក្រោម៖

៤) ក្រូចឆ្មារ

1

វា​អាច​សម្លាប់​បាក់តេរី​ធម្មជាតិ​ដែល​មាន​ក្នុង​រាងកាយ ជួយ​ឲ្យ​គ្រប់គ្រង​ក្លិន​ដង្ហើម​ និង​ក្លិន​ខ្លួន​របស់​អ្នក​ឲ្យ​នៅ​ល្អ។ វា​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីដ វីតាមីន C ហើយ​ការ​ដែល​វា​កាត់​បន្ថយ​មេរោគ បាក់តេរី​ កម្ចាត់​ជាតិ​ពុល ទាំង​នោះ​ហើយ​ជា​កត្តា​សំខាន់​ក្នុង​ការ​កំណត់​ក្លិន​រាងកាយ។

ចូរ​ទទួល​ទាន​ទឹកក្រូចឆ្មារ​ក្តៅ​មួយ​កែវ ឬ​ប្រើប្រាស់​ក្រូច​ឆ្មារ​មក​ជូត​លើ​តំបន់​ងាយ​បង្ក​ក្លិន​ដូច​ជា​ជើង ក្លៀក នៅ​ពេល​ព្រឹក​ព្រលឹម។ រង់ចាំ​រហូត​ដល់​វា​ស្ងួត សឹម​លាង​ទឹក​សម្អាត ហើយ​ធានា​ថា​តំបន់​នោះ នឹង​មិន​ងាយ​បង្ក​ក្លិន​អាក្រក់​មក​ឡើយ បើ​ទោះ​បី​អ្នក​ដើរ​បែក​ញើស​ខ្លាំង​ក៏​ដោយ។

៣) ទទួល​ទាន​បន្លែ​ច្រើន

2

ចង់​បាន​រាងកាយ​មាន​ក្លិន​ល្អ ក៏​គួរ​ជ្រើសរើស​របប​អាហារ​ឲ្យ​ត្រឹមត្រូវ​ផង​ដែរ។ វា​សំខាន់​ណាស់​ក្នុង​ការ​ទទួល​ទាន​បន្លែ ច្រើន​ជាង​សាច់ ព្រោះ​វា​មាន​សមត្ថភាព​បន្សុទ្ធ​រាងកាយ បញ្ចេញ​ក្លិន​ក្រអូប​បែប​ធម្មជាតិ​ពី​ខាង​ក្នុង។

តែ​យ៉ាង​ណា​សម្រាប់​បន្លែ​ដូច​ជា​ខ្ទឹម​ស ខ្ទឹម​បារាំង អាហារ​ហឹរ គួរ​ដាក់​កំហិត​វិញ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ។ បន្លែ​ ផ្លែ​ឈើ រុក្ខជាតិ ដែល​ល្អ​សម្រាប់​លើក​ក្លិន​រាងកាយ​ដូច​ជា​ផ្លែ​ក្រូច ក្រូចឆ្មារ តែ​បៃតង Cinamon ជា​ដើម។

២) ការ​ត្រាំ​ជើង

3

ក្លិន​ខ្លួន ពេល​ខ្លះ​ភាយ​ចេញ​ពី​ផ្នែក​នៃ​ប្រអប់​ជើង ក៏​ពិបាក​ទទួល​យក​ដែរ។ ត្រូវ​ទម្លាប់​កុំ​ឲ្យ​ជើង​របស់​អ្នក​សើម ហើយ​ផ្អាប់​វា​ចោល ដោយ​មិន​បាន​លាង​សម្អាត​ឲ្យ​ស្ងួត។ ឧទាហរណ៍៖​ ពេល​ដើរ​ចេញ​ពី​បន្ទប់​ទឹក ត្រូវ​ជូត​ជើង​ឲ្យ​ស្ងួត ហើយ​មុន​ពាក់​ស្រោម​ជើង​ក៏​ត្រូវ​សម្ងួត​ជើង​សិន​ដែរ ព្រោះ​បើ​វា​បង្ក​បាក់តេរី​នោះ​នឹង​មាន​ក្លិន​មិន​ល្អ​កើត​ឡើង​មក​ហើយ។

លើស​ពី​នេះ​ វិធី​សាមញ្ញ​មួយ គឺ​លាយ​ល្បាយ​នៃ​ស្លឹក​តែ ទៅ​ក្នុង​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​យក​ជើង​ទៅ​ត្រាំ​ក្នុង​នោះ នៅ​ពេល​ល្ងាច ឬ​ពេល​ព្រឹក ដើម្បី​អាច​ជួយ​កម្ចាត់​ក្លិន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​ពេញ​មួយ​ថ្ងៃ​ទៀត​ផង។

១) ផឹក​ទឹក​ឲ្យ​បាន​ច្រើន

4

ទឹក​ជួយ​បន្សាប​ជាតិ​ពុល និង​បន្សុទ្ធ​រាងកាយ​របស់​អ្នក វា​ក៏​ជួយ​កម្ចាត់​សារធាតុ​ដែល​បណ្តាល​ឲ្យ​មាន​ក្លិន​មិន​ល្អ​នៅ​ក្នុង​ខ្លួន​របស់​អ្នក តាម​រយៈ​ការ​បញ្ចេញ​ជាតិ​ពុល។ អាស្រ័យ​លើ​ទម្ងន់​រាងកាយ​នៃ​មនុស្ស​ម្នាក់ៗ ដូច្នេះ​បរិមាណ​នៃ​ការ​ទទួល​ទាន​ទឹក​ក៏​ខុស​គ្នា​ទៅ​តាម​នោះ តែ​យ៉ាង​ណា​ទឹក​គឺ​ចាំ​បាច់​បំផុត សម្រាប់​ការ​ភាយ​ក្លិន​ល្អ​ចេញ​ពី​ខាង​ក្នុង​មក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក