រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល និងមិនគួរឱ្យជឿមួយរបស់អ្នកសាក់រូបម្នាក់នៅប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីគាត់បានទម្លាយអាថ៌កំបាំងចែករំលែកពីបទពិសោធន៍ដែលគាត់អាចយកប្រពន្ធវ័យក្មេងដល់ទៅ៨នាក់ និងអាចរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ។
ប្រពន្ធដំបូងរបស់លោក ដាមសុរ័ត្ន មានឈ្មោះ ណង សិត ដែលគាត់បានស្គាល់គ្នានៅក្នុងពិធីមង្គលការមិត្តភក្ដិរបស់គាត់ ហើយប្រពន្ធទី២ឈ្មោះ ណង អិល, ទី៣ឈ្មោះ ណង ណាន, ទី៤ ទី ៥ ទី ៦ ឈ្មោះដូចគ្នា (រ័ត្ន) ទី៧ឈ្មោះ នង ហ្វីម និងទី៨ឈ្មោះ នង ម៉ៃ។ ពួកគេសុទ្ធតែរួមរស់ក្រោមដំបូលផ្ទះតែមួយយ៉ាងមានក្ដីសុខ ហើយស្ត្រីជាប្រពន្ធទាំងប្រាំបីនាក់បាននិយាយថា ប្តីរបស់ពួកគេជាបុរសដែលមានចិត្តល្អនិងយកចិត្តទុកដាក់ដល់ពួកគេបំផុត។ បច្ចុប្បន្នលោក ដាមសុរ័ត្ន មានកូន ៣ នាក់ ដែលកូនដំបូងគឺជាកូនរបស់ប្រពន្ធទី១ ខណៈដែលពីរនាក់ទៀតកំពុងតែពពោះនៅឡើយ។
ប្រពន្ធទាំង៨នាក់របស់លោក ដាមសុរ័ត្ន ត្រូវបានបែងចែកឱ្យគេងក្នុងបន្ទប់ ៤ ផ្សេងគ្នា (មួយបន្ទប់២នាក់) ហើយលោក ដាមសុរ័ត្ន តែងតែឆ្លាស់វេនទៅគេងតាមបន្ទប់នីមួយៗជារៀងរាល់ថ្ងៃ ខណៈដែលប្រពន្ធរបស់គាត់គ្មាននរណាម្នាក់មានបញ្ហាជាមួយនឹងការរៀបចំនេះឡើយ ហើយបើយោងតាមប្រពន្ធចុងទាំង៧នាក់បានឱ្យដឹងថា ពួកគេយល់ព្រមរៀបការជាមួយលោក ដាមសុរ័ត្ន ទោះជាបានដឹងថាគាត់រៀបការរួចហើយក៏ដោយ ហើយពួកគេពិតជាមានក្ដីសុខចិត្ត និងសប្បាយរីករាយនឹងគ្រួសារបែបនេះ៕
ប្រភព៖ Oddity Central / ប្រែសម្រួលដោយ៖ មុន្នីសាគរ