ហេតុការណ៍មិនគួរឱ្យជឿមួយបានធ្វើឱ្យមហាជនមានការហួសចិត្តជាខ្លាំង តែក៏អាណិតអ៊ុំស្រីម្នាក់ជាខ្លាំង ដោយគាត់បានវង្វេងដើរជាង ៦០០ គីឡូម៉ែត្រ ព្រោះតែចង់ជួបកូនប្រុសរបស់គាត់ ដែលរស់នៅក្បែរផ្ទះគ្នានោះ តែដោយសារជម្ងឺវង្វេងរបស់គាត់ បាននាំឱ្យគាត់ដើររហូតដល់ប្រទេសចិន បណ្ដាលឱ្យអ្នកផ្ទះភ័យគ្រប់គ្នា ព្រោះបានដើររកគាត់គ្រប់ទីកន្លែងនៅមិនឃើញ រហូតដល់ទៅ ៨ ខែទើបបានដំណឹងថាគាត់បែរជានៅប្រទេសចិនឯណោះ។
អ៊ុំស្រីខាងលើមានឈ្មោះ កែវម៉ានី អាចា (Kaeomanee Arjaw) ជនជាតិថៃ អាយុ ៥៩ ឆ្នាំ រស់នៅក្នុងខេត្ដឈាងរ៉ៃ ដែលជាខេត្តមួយសម្បូរទៅដោយភ្នំក្នុងប្រទេសថៃ។ អ៊ុំស្រីត្រូវបានគេប្រទះឃើញនៅទីក្រុង Kunming ប្រទេសចិន ខណៈដែលគាត់កំពុងដើរតាមផ្លូវ និងមានកាន់អត្តសញ្ញាណប័ណ្ណជនជាតិថៃជាប់នឹងដៃផងដែរ។ ក្រោយពីមន្រ្តីចិនបានកំណត់អត្តសញ្ញាណរបស់អ៊ុំស្រីរួចរាល់ កូនស្រីរបស់គាត់ឈ្មោះ កែវម៉ានី សុចាដា (Kaeomanee Suchada) អាយុ ៣៥ ឆ្នាំ បានជិះយន្ដហោះជាមួយមន្រ្តីថៃទៅយកម្ដាយត្រឡប់មកផ្ទះវិញ។
ពួកគេបានជួបជុំគ្នាវិញទាំងទឹកភ្នែក និងរំភើបចិត្តជាខ្លាំង ព្រោះបែកម្តាយទាំងមិនដឹងថាគាត់ទៅណាអស់រយៈពេលជាង៨ខែ។ នៅក្នុងបទសម្ភាសន៍ជាមួយអ៊ុំស្រីរូបនេះ គាត់បានប្រាប់ថា គាត់ចង់ទៅជួបកូនប្រុសរបស់គាត់រស់នៅក្បែរគ្នានោះ ប៉ុន្តែចេះតែដើរទៅរហូតដោយមិនដឹងថាគាត់កំពុងទៅណាឱ្យប្រាកដទេ ហើយគាត់ក៏បាននិយាយថានៅតាមផ្លូវគ្មានមនុស្ស គ្មានឡាននោះទេ ដែលនេះបានបញ្ជាក់ថាគាត់បានដើរឆ្លងកាត់ព្រៃភ្នំយូរថ្ងៃ យូរខែ ទម្រាំដល់ប្រទេសចិន ថែមទាំងអាចឆ្លងកាត់ប្រទេសភូមា ឬប្រទេសឡាវក៏ថាបាន។
ប៉ូលិសអន្តោប្រវេសន៍របស់ខេត្តឈៀងរ៉ៃលោក អាខន ប៊ុតសាបាបូឌីន (Aekkorn Butsabarbodin) បានប្រាប់សារព័ត៌មាន Daily Mail ថា អ៊ុំស្រីបានរស់រានមានជីវិតពីការធ្វើដំណើរដ៏វែងឆ្ងាយនេះ គឺដោយសារគាត់បានសុំចំណីអាហារគេហូបតាមផ្លូវ រហូតដល់គាត់អាចដើរបានរាប់រយគីឡូម៉ែត្រដល់ប្រទេសចិនបែបនេះ។ លោកបានបន្តថា អ៊ុំស្រីបានទៅដល់ទឹកដីចិនដោយថ្មើជើង មិនបានសុំមធ្យោបាយគេជិះនោះទេ។ បើយោងតាមកូនស្រីរបស់អ្នកស្រី នាងបាននិយាយថា ម្តាយរបស់នាងស្រកទម្ងន់អស់ជាង ២០ គីឡូក្រាម ចាប់តាំងពីគាត់ចាប់ផ្តើមធ្វើដំណើរផ្សងព្រេងទាំងវង្វេងដ៏ឆ្ងាយនេះ។ នាងបានបន្ថែមថា គ្រួសារយើងពិតជារីករាយណាស់ ដែលបានជួបជុំម៉ែវិញ ហើយនាងបានផ្តាំទៅបងប្អូនដែលមានឪពុកម្តាយសុខភាពធម្មតាក្តី ឬមានរោគាក្នុងខ្លួនក្តី សូមមេត្តាថែរក្សាពួកគាត់ដោយយកចិត្តទុកដាក់ខ្ពស់បំផុត៕
ប្រភព៖ Daily Mail / ប្រែសម្រួល៖ មុន្នីសាគរ