នេះពិតជាដំណឹងដ៏សែនរីករាយបំផុត ដែលបងស្រីម្នាក់នៅខេត្តកំពង់ឆ្នាំង បានប្រសូត្របានកូនភ្លោះស្រីដល់ទៅបីនាក់ដោយសុវត្ថិភាព និងមានការចូលរួមសាទរពីមហាជនលើបណ្ដាញសង្គម ជាពិសេសថ្នាក់ដឹកនាំក្នុងមូលដ្ឋានផងដែរ ដែលបានចុះសួរសុខទុក្ខ និងពាំនាំនូវអំណោយដល់ក្រុមគ្រួសារកូនភ្លោះនេះ។
យោងតាមគណីហ្វេសប៊ុកបងប្រុសម្នាក់ឈ្មោះ ធឿន ប៊ុន បានរៀបរាប់ឱ្យដឹងថា៖ “នៅថ្ងៃទី ០៣.០២.២០២២ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន ស.យ.ស.ស ខេត្តពង់ឆ្នាំង, ឯកឧត្តមឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធាន ស.យ.ស.ស ខេត្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូបទៀត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខប្រជាពលរដ្ឋ សម្រាលកូនភ្លោះស្រីបីនាក់ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយបានពាំនាំយកគ្រឿងឧបភោគ បរិភោគ ថវិកាចំនួន ៦៥ ម៉ឺនរៀល ជូនដល់គាត់ផងដែរ។”
យើងខ្ញុំគ្មានអ្វីក្រៅពីបួងសួង សូមឱ្យវត្ថុស័ក្ដិសិទ្ធតាមជួយថែរក្សាកូនភ្លោះទាំងបី និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ និងសូមឱ្យកូនៗទាំងបីនាក់នាំលាភសំណាងដល់ឪពុកម្ដាយផងដែរ៕
ប្រភព៖ ហ្វេសប៊ុក / ដោយ៖ មុន្នីសាគរ