ម៉ាឡេស៊ី៖ តាមប្រភពបានឱ្យដឹងថា មានហេតុការណ៍មួយបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ីបានធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីបុរសម្នាក់បានយកប្រាក់ប្រមាណ ៣០ ០០០ រីងហ្គីត គិតជាលុយដុល្លារប្រមាណ USD ៧,៦៣០ ទៅដាក់ក្នុងមឈូសរបស់ឪពុក។ មូលហេតុ គឺព្រោះចង់សងគុណឪពុកដែលទើបតែស្លាប់ទៅ។ បុរសខាងលើរូបនេះ (មិនបញ្ចេញឈ្មោះ) ត្រូវគេស្គាល់ថា ជាជនជាតិឥណ្ឌា និងជាអ្នករស់នៅប្រទេសម៉ាឡេស៊ី។
ជាក់ស្តែង ឪពុករបស់បុរសខាងលើ បានកើតជំងឺជាច្រើនមុខ មុនពេលគាត់ស្លាប់។ ដោយសពរបស់គាត់ត្រូវបានបញ្ចុះកាលពីពេលកន្លងទៅថ្មីៗនេះ នៅឯភាគខាងត្បូងរដ្ឋ Selangor ដោយនៅក្នុងមឈូសនោះ គេឃើញមានក្រដាសប្រាក់តម្លៃ ៥០ រីងហ្គីតចំនួន ៦០០ សន្លឹក សរុប ៣០,០០០ រីងហ្គីត ហើយមានផ្កាស្រស់ៗ ត្រូវបានគេកប់ជាមួយគ្នាផងដែរ។
យ៉ាងណាមិញ ប្រភពបានឱ្យដឹងទៀតថា កាលដែលឪពុកនៅរស់ បុរសជាកូនរូបនេះត្រូវអ្នកផងទទួលស្គាល់ថា ជាកូនប្រុសចេះដឹងគុណតបស្នងឪពុក សូម្បីឪពុកស្លាប់ទៅហើយក៏ដោយ ក៏លោកនៅបំពេញភាពកតញ្ញូធម៌ដដែល។ មួយវិញទៀតអ្វីដែលប្លែកជាងនេះទៅទៀត រាល់ពេលឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនម្តងៗ លោកថែមទាំងសែនទាំងសម្លៀកបំពាក់ និងក្រដាសប្រាក់ពិតៗតែម្តង។ រឿងរ៉ាវនេះត្រូវបានគេចែកចាយតៗគ្នា នៅលើបណ្តាញសង្គមនៅម៉ាឡេស៊ី ខណៈអ្នកខ្លះបារម្ភខ្លាចមឈូសនោះអាចត្រូវគេគាស់យកលុយផងដែរ៕
អត្ថបទដោយ៖ ស្រីសោភ័ណ