ចិន៖ លោកយាយវ័យចំណាស់ជនជាតិចិនម្នាក់ ត្រូវបានគេស្គាល់ឈ្មោះថា Liu រស់នៅក្នុងតំបន់ស្វយ័ត Gunagxi ប្រទេសចិន បានធ្វើឲ្យមហាជនជាច្រើនហាក់សម្តែងការសោកស្តាយ និងអាណិតដល់គាត់ជាពន់ពេក ក្រោយលុយសន្សំជាច្រើនឆ្នាំរបស់លោកយាយដែលបានទុកនៅក្នុងទូ (ទូឈើសម្រាប់ដាក់អីវ៉ាន់) ក្នុងផ្ទះត្រូវបានសត្វកណ្ដៀរចង្រៃស៊ីរហែកអស់មិនចេះតិច ខណៈរូបគាត់គិតថាការទុកដាក់លុយនៅកន្លែងនោះ គឺមានសុវត្ថិភាពបំផុត។
ប្រភពបានឱ្យដឹងថា ដំបូងឡើយ លោកយាយ Liu បានបើកទ្វារទូនោះរើមើល និងបានឃើញថា លុយកាក់របស់គាត់ដែលបានទុកដាក់នោះ ហាក់មានសុវត្ថិភាពល្អ ប៉ុន្តែក៏មានសត្វកណ្ដៀរជាច្រើនក្បាលនៅពីលើ និងរញ៉េរញ៉ៃពេញក្នុងទូផងដែរ។ ក្រោយឃើញដូច្នេះ លោកយាយក៏បានរើយកលុយយកចេញមកមើល ស្រាប់ពេលភ្លាមនោះគាត់ស្ទើរតែចង់គាំងបេះដូងទៅហលយ ដោយសារតែលុយនោះភាគច្រើនត្រូវបានកណ្ដៀរកាត់ ឬស៊ីសឹងតែទាំងអស់តែម្តង។ លុយខ្លះបានខូចខាតតិចតួច រីឯលុយខ្លះទៀតក៏បានខូចខាតទាំងស្រុង។
យ៉ាងណាមិញ លុយរបស់លោកយាយ Liu ត្រូវបានគេប៉ាន់ប្រមាណបានថា មានប្រហែលជា ១០,០០០យ័ន (ឬប្រហែល ១,៤២១ដុល្លារអាមេរិក) នៅក្នុងទូឈើដាក់អីវ៉ាន់នោះ។ ក្រោយជួបរឿងស៊យធំបែបនេះ លោកយាយ Liu ក៏បានសម្រេចចិត្តទៅធនាគារដើម្បីសុំជំនួយ ដោយធ្វើការដូរលុយដែលបានខូចខាតទាំងនោះ យកលុយថ្មីវិញ។
ក្រោយពី ក្រុមបុគ្គលិកធនាគារបានធ្វើការពិនិត្យរួចរាល់ ពួកគេក៏បានប្រាប់លោកយាយវិញថា លុយរបស់គាត់ត្រឹមតែ ៦,៩០០យ័ន (ឬប្រហែល ៩៨០ដុល្លារអាមេរិក) ប៉ុណ្ណោះ ដែលហាក់នៅមានសភាពល្អត្រឹមត្រូវ ដែលនឹងអាចធ្វើការប្តូរយកលុយថ្មីវិញបាន។
គួរឲ្យដឹងផងដែរថា នេះមិនមែនទើបតែជាលើកទីមួយនោះទេ ដែលកើតមានករណីបែបនេះកើតឡើង ពោលគឺកាលពីពេលកន្លងទៅ បានមានបុរសវ័យចំណាស់ជនជាតិចិនម្នាក់ រស់នៅក្នុងខេត្ត Guangdong ក៏ធ្លាប់ត្រូវបានបាត់បង់លុយខ្ទង់ ៤០,០០០យ័ន (ឬប្រហែល ៥,៦០០០ដុល្លារអាមេរិក ដោយសាតែត្រូវសត្វកណ្ដៀរនេះផងដែរ។ ខណៈក៏មានលោកយាយម្នាក់ទៀត ក៏ធ្លាប់បានបាត់បង់លុយដែលខំប្រឹងសន្សំទុក ស្ទើរតែមួយជីវិតរបស់គាត់ ប្រមាណជា ៦០,០០០យ័ន (ឬប្រហែល ៨,៥០០ដុល្លារអាមេរិក) ត្រូវបានអន្តរាយដោយសារកណ្ដៀរកាត់ដូចគ្នានេះផងដែរ៕
អត្ថបទដោយ៖ ស្រីសោភ័ណ