ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ ស្រ្តីដែលមានកម្ពស់ត្រឹមតែ ១១៨សង់ទីម៉ែត្រម្នាក់ បានបង្កើតឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីពីនាងទទួលបានកូនម្នាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍។
ស្រ្តីខាងលើមានឈ្មោះថា Syakila Norazma Amira បច្ចុប្បន្ននេះមានអាយុ ២៨ឆ្នាំ មានកម្ពស់ត្រឹមតែ ១១៨សង់ទីម៉ែត្រតែប៉ុណ្ណោះ។ អ្វីដែលផ្អែមល្ហែមបំផុតគឺស្វាមីរបស់នាងបានទទួលយកនាងទាំងស្រុងតាមរបៀបដែលនាងមាន រួមទាំងរូបរាងកាយផងដែរ។ បន្ថែមពីលើនេះ វាពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ ព្រោះថា Norazma បានផ្ដល់កំណើតឱ្យកូនប្រុសដោយជោគជ័យនៅក្នុងមន្ទីរពេទ្យ Sultanah Nur Zahirah រដ្ឋ Terengganu។
ជុំវិញរឿងរ៉ាវនេះ Norazma ផ្ទាល់ បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា ការមានគភ៌របស់នាងនេះគឺពិតជារឿងដ៏ភ្ញាក់ផ្អើលមួយ សូម្បីតែខ្លួននាងក៏មិននឹកស្មានថានឹងមានឱកាសមានកូននឹងគេដែរ ខណៈនាងបានមានការលូតលាស់រាងកាយខុសពីប្រក្រតី ពោលគឺខុសប្លែកពីអ្នកដទៃ ស្របពេលដែលមានមតិរបស់មហាជនជាច្រើនបាននិយាយថា នាងប្រហែលជាមិនអាចមានកូននោះទេ។ ប៉ុន្តែ Norazma មិនបានបះបង់ក្តីសង្ឃឹមនេះចោលត្រឹមនឹងទេ ដោយនាងគឺមានជំនឿលើខ្លួនឯង និងជោគវាសនា រហូតដល់ថ្ងៃដែលនាងបានដឹងថានាងកំពុងមានកូនហើយ។
សូមបញ្ជាក់បន្តិចថា Norazma បានជួបស្វាមីរបស់នាងឈ្មោះ Muhammad Azri Zaidi ដែលមានអាយុប្អូននាង ៨ឆ្នាំ តាមរយៈហ្គេមទូរស័ព្ទ PUBG ក្នុងអំឡុងឆ្នាំ២០២០ មុនពេលពួកគេរៀបការជាមួយគ្នានៅថ្ងៃទី១៨ ខែមីនា ២០២១។ លោក Azri ដែលត្រូវជាស្វាមីរបស់នាងបាននិយាយថា បុគ្គលិកលក្ខណៈ និងទំនុកចិត្តរបស់ប្រពន្ធខ្ញុំបានទាញខ្ញុំមករកនាង នាងពិតជាមនុស្សល្អម្នាក់ដែលអាចរស់នៅជាមួយខ្ញុំអស់មួយជីវិតបាន។ នាងមិនដូចអ្នកដទៃទេ ប៉ុន្តែនាងល្អឥតខ្ចោះនៅក្នុងភ្នែករបស់ខ្ញុំ យើងបានបំពេញចន្លោះប្រហោងរបស់គ្នាទៅវិញទៅមក ហើយជារឿយៗខ្ញុំគ្រាន់តែមិនអើពើនឹងអ្វីដែលមនុស្សនិយាយអំពីយើង អ្វីដែលសំខាន់នោះគឺយើងទាំងពីរសប្បាយចិត្តទៅបានហើយ៕
ប្រភព៖ World Of Buzz
អត្ថបទដោយ៖ ស្រីសោភ័ណ