បរទេស៖ ថ្មីៗនេះស្ត្រីម្នាក់ដែលមានឈ្មោះថា Michella Meier-Morsi បានសម្រាលបានកូនភ្លោះបីនាក់ ដោយធ្វើការវះកាត់ បន្ទាប់ពី ៣៥សប្តាហ៍នៃការមានផ្ទៃពោះ។ ការណ៍ដែលមានកូនភ្លោះបីមិនមែនជារឿងថ្មី ឬប្លែកនោះទេ ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺ វីដេអូមួយដែលបង្ហាញពីការពពោះរបស់ Michella ដោយនៅកំឡុងពេលនៃការពពោះរបស់ Michella គឺពោះរបស់នាងមិនបានរីកធំ និងរំកិលឡើងលើ ឬចុះក្រោមដូចស្រ្តីមានផ្ទៃពោះផ្សេងទៀតទេ ប៉ុន្តែវាបែរជាលូតវែងត្រង់ទៅមុខទៅវិញ។
តាមប្រភពបានឱ្យដឹងថា ស្បូនរបស់ Michella បានលូតលាស់ខុសប្រក្រតី ខុសពីស្ត្រីមានផ្ទៃពោះដទៃទៀត ដូច្នេះទើបបានជាបណ្តាលឱ្យពោះរបស់នាងមិនបានប្រែរូបរាងដូចទៅនឹងអ្នកដទៃ ប៉ុន្តែវាបែរជាលូតត្រង់។ ក្នុងនោះដែរ Michella ក៏បាននិយាយយ៉ាងដូច្នេះថា ដំបូងឡើយនាងក៏ភ័យដែរ ចំពោះការដែលមានកូនភ្លោះ ៣នាក់បន្ថែមទៀតដែលជាសមាជិកថ្មី ខណៈដែលនាងបានមានកូនពីរនាក់រួចហើយ។
បើទោះបីជា ការមានផ្ទៃពោះរបស់ Michella អាចនឹងចម្លែកបន្តិចក្តី ប៉ុន្តែនាងបានផ្តល់កំណើតដល់កូនទាំង ៣នាក់បានដោយជោគជ័យ។ ហើយកាន់តែពិសេសទៀតនោះគឺក្រោយពេលសម្រាលរួច កូនទាំង ៣នាក់បានធ្វើឱ្យ Michella សប្បាយចិត្ត និងមានស្នាមញញឹម ព្រមទាំងសុភមង្គលកាន់តែខ្លាំងឡើងផងដែរ ដែលមិនអាចបរិយាយបាន ខណៈកូនទាំង ៣នាក់នោះឈ្មោះដូចជា Charles , Theodore និង Gabriel៕
ប្រភព៖ ladbibleg
អត្ថបទដោយ៖ ស្រីសោភ័ណ