នេះពិតជារឿងនឹកស្មានមិនដល់ទាល់តែសោះ ដោយបុរសជនជាតិទួរគីម្នាក់ ឈ្មោះ Muzaffer Kayasan អាយុ ៥៦ ឆ្នាំដែលខ្លួនមានជំងឺមហារីកឈាម ស្រាប់តែបានធ្វើតេស្តវិជ្ជមានកូវីដ រហូតដល់ទៅ ៧៨លើកជាប់ៗគ្នា ក្នុងរយៈបេល ១៤ ខែ ដែលនេះគឺជាឯកទគ្គកម្មពិភពលោកមួយដែលឆ្លងយូរបំផុត។
បុរសខាងលើបានចំណាយពេល ៤៤១ ថ្ងៃនៅដាច់ដោយឡែកពីគ្រួសាររបស់គាត់ រួមទាំងចៅស្រីរបស់គាត់ឈ្មោះ Azra ផងដែរ ដែលពួកគេត្រូវស្នាក់នៅក្នុងសួនច្បារ ពេលទៅលេងផ្ទះរបស់គាត់នៅទីក្រុងអ៊ីស្តង់ប៊ុល។ ជាធម្មតា អ្នកដែលមានរោគសញ្ញាកូវីដ អាចធ្វើតេស្តិ៍អវិជ្ជមានបន្ទាប់ពីព្យាបាលរយៈពេលប្រហែល៥ថ្ងៃ ប៉ុន្តែសម្រាប់លោក Kayasan គាត់បានចំណាយពេល ១៤ ខែធ្វើតេស្តិ៍វិជ្ជមានជាប់គ្នារហូត។ វេជ្ជបណ្ឌិតមួយរូបជឿថាគាត់បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដជាបន្តបន្ទាប់ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់គាត់ចុះខ្សោយ ដោយសារតែជំងឺមហារីក។
លោកបានចូលមន្ទីរពេទ្យតាំងពីខែវិច្ឆិកាឆ្នាំ ២០២០ មកម្ល៉េះ តែទោះជាយ៉ាងណាស្មារតីរបស់លោកនៅមានកម្រិតខ្ពស់ ហើយគាត់នៅតែបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដស្របពេលកំពុងតស៊ូនឹងជំងឺមហារីកឈាមផងដែរ។ នៅពេលដែលគាត់បានដឹងថាការធ្វើតេស្ត PCR ចុងក្រោយរបស់គាត់វិជ្ជមានម្តងទៀត លោកបាននិយាយកំប្លែងលេងសើចថា “ខ្ញុំគិតថានេះគឺកូវីដស្រីបម្លែងថ្មីហើយមើលទៅ។ នាងច្បាស់ជាឈ្លក់វង្វេងនឹងខ្ញុំហើយ”។
លោក Kayasan ដែលរស់នៅតែម្នាក់ឯងក្នុងផ្ទះល្វែងរបស់គាត់អស់រយៈពេលជាច្រើនខែ ត្រូវបានក្រុមគ្រួសារមកសួរសុខទុក្ខជាប្រចាំ ដោយគាត់អាចនិយាយទៅកាន់ពួកគេបានតែតាមទ្វារកញ្ចក់របស់គាត់ប៉ុណ្ណោះ ហើយលោក Kayasan ទៀតសោតបានប្រាប់ចៅស្រីរបស់គាត់ឈ្មោះ Azra ថា “តានឹងលេងជាមួយចៅ នៅពេលដែលតាជាពីជំងឺនេះ”៕
ប្រភព៖ Daily Mail / ដោយ៖ មុន្នីសាគរ