ហ្វេសប៊ុក៖ មហាជននៅក្នុងបណ្ដាញសង្គមបាននាំគ្នាសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេក ក្រោយពីបានទទួលជ្រាបនូវរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ ដែលត្រូវសត្វឆ្កែ និង ឆ្មាខ្វាចបានបួនប្រាំថ្ងៃ ទើបបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។ តាមការបញ្ជាក់ពីបងជីដូនមួយរបស់សព ដែលមានគណនីឈ្មោះ Ah Theara បានរៀបរាប់ទាំងក្ដុកក្ដួលថា ៖ «ប្អូនជីដូនមួយខ្ញុំ គាត់បានស្លាប់ដោយសារឆ្កែ និង ឆ្មាខ្វាច បួនប្រាំថ្ងៃហើយ អ្នកផ្ទះគិតថាមិនអី ព្រោះសើរស្បែកមិនបានយកទៅចាក់វ៉ាក់សាំង តែទើបតែចាប់ផ្ដើមមានអាការធ្ងន់ធ្ងរ ២ថ្ងៃ ទើបគ្នាផុតដង្ហើមទាំងវេទនា»។
ម្ចាស់គណនីមួយនេះបានបន្តថា «សែនខ្លោចចិត្តណាស់ ចេញអាការដូចសត្វទាំងវេទនា ទាំងនិយាយ ទាំងកាយវិការ គឺដូចឆ្មាណាស់គាត់ថាមិនចង់ធ្វើអ៊ីចឹងទេ តែសសៃទាញឱ្យដូចជាសត្វឆ្មា ខណៈមុនស្លាប់គាត់ថាគាត់ពិបាកដកដង្ហើមណាស់ ពិបាកក្នុងខ្លួនណាស់។ ចែដឹងថាអូនឈឺចាប់ពេញខ្លួន តែមិនអាចជួយអីបានទេ សូម្បីតែដង្ហើមប្អូន»។
ក្រោយជួបរឿងបែបនេះ ស្ត្រីខាងលើបានផ្ញើសារឱ្យបងប្អូន សូមប្រយ័ត្នកូនតូចៗ កុំឱ្យនៅជិតឆ្កែឆ្មាឱ្យសោះ ហើយបើមានស្នាមក្រចកសត្វត្រូវយកទៅចាក់វាក់សាំងឱ្យលឿន កុំឱ្យអ្វីៗហួសពេលដូចប្អូនប្រុសរបស់ខ្លួន៕
សូមទស្សនាវីដេអូខាងក្រោម៖
រូបភាព និងប្រភព៖ Ah Theara
អត្ថបទដោយ៖ បុប្ផា ភួង