ស្មានមិនដល់! បុរសម្នាក់មានផ្ទះវីឡាមួយខ្នង តែស្ថិតនៅក្នុងប្រទេសដល់ទៅពីរ

សារព័ត៌មាន CBS News បានធ្វើការសម្ភាសន៍លោក Brian DuMoulin វ័យ ៧១ ឆ្នាំ ដែលបានទទួលកេរមរតកដីផ្ទះមួយកន្លែងពីម្តាយមីងរបស់គាត់ជាង ៤០ ឆ្នាំកន្លងមកហើយ ហើយផ្ទះវីឡាមួយខ្នងនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៧៨២ ដោយមានបន្ទប់គេងចំនួន ៩ និងបន្ទប់ទឹក ៣ ហើយត្រូវបានគេស្គាល់ថាជាអគារប្រវត្តិសាស្រ្តឈ្មោះថា “Old Stone House” ដែលស្ថិតនៅចំលើព្រំប្រទល់សហរដ្ឋអាមេរិក និងប្រទេសកាណាដា។

4

លោក Brian DuMoulin បានថ្លែងថា គាត់បានព្យាយាមលក់ផ្ទះទុកចោលនេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែយោងតាមច្បាប់ ម្ចាស់ផ្ទះមានសិទ្ធិក្នុងការធ្វើអាជីវកម្មនៅផ្នែកទាំងសងខាងនៃអគារនោះ ដែលជាការផ្តល់សិទ្ធិអនុញ្ញាតិដល់ម្តាយមីងរបស់គាត់កាលពីបានកាន់កាប់ដីផ្ទះនេះនៅទសវត្សឆ្នាំ ១៩៥០ ។ បើយោងតាមអ្នកជំនាញវាយតម្លៃអចលនទ្រព្យឈ្មោះ Rosemary Lalime បានឱ្យដឹងថា ផ្ទះនេះអាចលក់ចេញបានក្នុងតម្លៃជាង ១០ ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែរឿងតម្លៃផ្ទះគឺជារឿងមួយផ្នែក ហើយមួយផ្នែកដែលសំខាន់ជាងនេះនោះគឺកត្តាសន្តិសុខ ដោយសារនៅជុំវិញផ្ទះនេះតែងតែមានកម្លាំងមន្ត្រីការពារព្រំដែន ប្រដាប់ដោយអាវុធឈរល្បាតទាំងសងខាង ២៤ ម៉ោងតែម្ដងក្នុងមួយថ្ងៃ។

2


លោក Troy Rabideau ជំនួយការប្រធានសហគមន៍ Derby Line បានមានប្រសាសន៍ថា ដោយសារតែផ្ទះនេះស្ថិតក្នុងទីតាំងមួយដែលខុសពីគេ អញ្ចឹងហើយកត្តាសុវត្ថិភាពគឺជារឿងសំខាន់បំផុតនៅក្នុងតំបន់នោះ ហើយមន្រ្តីល្បាតព្រំដែននៅភាគីខាងសហរដ្ឋអាមេរិកចាំបាច់ត្រូវធានាថាត្រូវតែមានការការពារឱ្យបានហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់មួយនេះ។ លោក DuMoulin បានបញ្ហជាក់រឿងមួយឱ្យដឹងថា ទ្វារមួយនៅប៉ែកខាងកាណាដា មិនត្រូវបានអនុញ្ញាតឱ្យបើកនោះទេ (បិទជិតតែម្ដង) ហើយបើម្ចាស់ហ៊ានតែបើកដើរចេញពីផ្ទះ នោះនឹងត្រូវបានក្រុមការពារព្រំដែនដែលកំពុងយាមល្បាត នឹងធ្វើការចាប់ខ្លួនតែម្ដង៕

៣

ប្រភព៖ CBS News

ប្រែសម្រួលដោយ៖ មុន្នីសាគរ