ឥណ្ឌា៖ ស្ត្រីជាម្ដាយម្នាក់បានរត់ចម្ងាយជិតមួយគីឡូម៉ែត្រ ដើម្បីដេញតាមខ្លារខិនមួយក្បាលដែលបានឆក់យកកូនប្រុសអាយុប្រាំមួយឆ្នាំរបស់នាង។ ដោយឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងតំបន់ Sanjay Tiger Buffer ភូមិ Barijharia រដ្ឋ Madhya Pradesh ដែលជាតំបន់ហ៊ុំព័ទ្ធដោយព្រៃឈើ និងតំបន់ភ្នំ។
តួយ៉ាង ស្ត្រីជាម្តាយរូបនេះមានឈ្មោះ Kiran Bega បានប្រាប់ឱ្យដឹងថា នៅម៉ោងប្រហែល ៧ល្ងាច ខណៈនាងកំពុងធ្វើការ រីឯប្តីរបស់នាងឈ្មោះ Shankar Bega កំពុងចេញពីធ្វើការ ស្រាប់តែមានខ្លារខិនមួយក្បាលបានវាយប្រហារនាង ហើយក៏បានពាំយកកូនប្រុសអាយុ ៦ឆ្នាំរបស់នាងដែលអង្គុយក្បែរនាងនោះទៅ។
ដោយឡែក នៅក្នុងក្នុងសេចក្តីថ្លែងការទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Kiran បាននិយាយថា ខ្ញុំបានឃើញខ្លារខិនវាយឆ្មក់ កូនប្រុសរបស់ខ្ញុំ។ ខណៈមនុស្សជាច្រើនចេញពីផ្ទះ បន្ទាប់ពីឮសំឡេងខ្ញុំ។ ខ្ញុំរត់តាមខ្លារខិនយ៉ាងលឿន ហើយដេញតាមរហូតដល់ទៅចម្ងាយប្រហែលជាង ១.៦គីឡូម៉ែត្រ។ នៅពេលនោះខ្លារខិនកំពុងពាំកូនប្រុសរបស់ខ្ញុំនៅក្នុងមាត់។ ខ្ញុំចាប់ផ្តើមគប់ដំបងទៅលើខ្លារខិន ពេលកំពុងដេញ។ ចុងក្រោយខ្លាខ្លិននោះ បានដាក់កូនខ្ញុំចុះ ហើយវាក៏រត់គេចខ្លួនទៅ។ ក្រៅពីនេះ នាងបានបន្ថែមទៀតថា រំពេចន៍នោះ ខ្ញុំត្រូវតែបង្ហាញភាពក្លាហាន បើមិនដូច្នោះទេ ខ្ញុំនឹងមិនបានកូនខ្ញុំវិញទេ។
វាពិតជារឿងដែលគួរឱ្យកោតសរសើរណាស់ ចំពោះភាពក្លាហានរបស់ Kiran Bega និងការមិនព្រមចុះចាញ់ពីការវាយឆ្មក់នេះ ព្រមទាំងបានសម្រេចចិត្តភ្លាមៗរត់តាមពីក្រោយខ្លារខិន រហូតដល់វាព្រមដាក់កូនប្រុសរបស់នាងចុះ និងអាចជួយសង្គ្រោះជីវិតខ្លួនឯងពីការវាយប្រហារនេះផងដែរ។
គួរដឹងបន្តិចថា ក្រោយពីការប្រហារនេះបញ្ចប់ស្ត្រីជាម្តាយ និងកូនបានរងរបួស និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Kusmi Government ដើម្បីទទួលបានការព្យាបាលភ្លាមៗផងដែរ៕