ស៊យធំ!​ គោលបំណងថាចូលលួចគាស់ផ្ទះគេ តែបែរជាភ្លេចខ្លួនបើកម៉ាស៊ីនត្រជាក់ដេកលក់ក្នុងបន្ទប់កូនស្រីគេ ចុងក្រោយ…

ប្រទេសថៃ៖ នេះពិតជារឿងដ៏គួរឱ្យអស់សំណើចមួយ តែក៏ជារឿងភ័យតក់ស្លុតផងដែរសម្រាប់ម្ចាស់ផ្ទះ ដែលមានចោរស្ទើភ្លើងម្នាក់ស្រាប់តែកំពុងដេកយ៉ាងស្កប់ស្កល់នៅលើគ្រែកូនស្រីរបស់ម្ចាស់ផ្ទះ បន្ទាប់ពីបានធ្វើសកម្មភាពលួចរួចរាល់។ ប៉ុន្តែបែរជាស៊យធំទៅវិញ ដោយសារតែផ្ទះនោះគឺជាកម្មសិទ្ធិរបស់មន្រ្តីប៉ូលីសម្នាក់ ហើយពេលនោះម្ចាស់ផ្ទះដែលជាប៉ូលីសនោះបានដាស់លោកចោរឱ្យភ្ញាក់ឡើងដើម្បីចាប់ខ្លួន ដែលវីដេអូនេះបានចែករំលែកជាច្រើន ព្រោះវាជារឿងហួសចិត្តខ្លាំងពេក។

2

យោងតាមការបញ្ជាក់ពីលោក Thaiger បានឱ្យដឹងថា នៅម៉ោងប្រហែល២ព្រឹក ចោរជើងល្អរូបនេះបានលួចចូលក្នុងផ្ទះបុរសម្នាក់ឈ្មោះ Jiam Prasert មានមុខងារជាមន្ត្រីនគរបាលស្រុក Wichian Buri ខេត្ត Phetchabun ដោយជននេះបានប្រើឧបករណ៍បំបែកសោដើម្បីចូលក្នុងផ្ទះ ស្របពេលដែលម្ចាស់ផ្ទះកំពុងគេងលង់លក់។ បើតាមសារព័ត៌មាន ThaiCh8 បានរាយការណ៍ថា បុរសឈ្មោះ Athit Kin Khunthud វ័យ ២២ ឆ្នាំរូបនោះ បានអស់កម្លាំងយ៉ាងខ្លាំង បន្ទាប់ពីព្យាយាមចូលលបៗរកលួចរបស់របរមានតម្លៃក្នុងផ្ទះ។ ដោយសារនឿយហត់ខ្លាំងពេក ចោររូបនេះក៏បានបើកម៉ាស៊ីនត្រជាក់បន្ទប់កូនស្រីរបស់ម្ចាស់ផ្ទះ រួចក៏ប្រះខ្នងដេកទៅមួយស្របក់។

1


ជាអកុសល ដោយសារឥទ្ធិពលម៉ាស៊ីនត្រជាក់ ចោររូបនេះបានដេកដល់ថ្ងៃរះ ហើយម្ចាស់ផ្ទះក៏បានប្រទះបុរសរូបនេះនៅក្នុងបន្ទប់កូនស្រីរបស់ខ្លួន ក្រោយពីចម្លែកក្នុងចិត្តឃើញមានអគ្គិសនីកំពុងដំណើរការនៅក្នុងបន្ទប់កូនស្រីខ្លួន ទាំងដែលកូនស្រីមិនបាននៅផ្ទះផង។ មន្ដ្រីប៉ូលីសខាងលើបានហៅកម្លាំងប៉ូលីសបន្ថែមភ្លាមៗ និងបានថតវីដេអូពេលកំពុងតែដាស់ចោររូបនេះ។ ចង់ដឹងថាវីដេអូនេះគួរឱ្យអស់សំណើចប៉ុណ្ណា សូមប្រិយមិត្តទាំងអស់គ្នាទស្សនាវីដេអូខាងក្រោមនេះ៖

https://youtu.be/ZTogKWy_O_A

ប្រភព៖ Thai Visa