បរទេស៖ ដោយយោងតាម សារព័ត៌មាន Times of India លោក Shankar Shanmukh Gombi អាយុ ២៧ឆ្នាំ រស់នៅទីក្រុង Mahalingapur រដ្ឋ Karnataka ប្រទេសឥណ្ឌា ត្រូវបានប្រកាសថាស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែត្រូវបានរកឃើញនៅមានជីវិតវិតខណៈពេលក្រុមគ្រូពេទ្យកំពុងកាន់ស្បែកក្បាល ដើម្បីអនុវត្តការធ្វើកោសល្យវិច័យ ភ្លាមៗនោះស្រាប់តែវេជ្ជបណ្ឌិតបានកត់សម្គាល់ឃើញថា មាសញ្ញានៃការធ្វើចលនាដៃ និងជើងរបស់មនុស្សស្លាប់។
តួយ៉ាង ហេតុការណ៍នេះបានស្តែងឡើងដោយ ម៉ូតូរបស់លោក Shanmukh Gombi បានបើកទៅបុកទង្គិចគ្នាយ៉ាងខ្លាំងជាមួយនឹងរថយន្តមួយគ្រឿងទៀតនៅលើដងផ្លូវ។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងរួច គាត់ក៏ត្រូវបានគេដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនមួយ សម្រាប់ជនក្រីក្រ។ នៅពេលបានបញ្ជូនទៅដល់មន្ទីរពេទ្យ ស្រាប់តែគ្រូពេទ្យនៅទីនោះបានប្រកាសថាលោក Shanmukh Gombi បានស្លាប់ហើយ រួចក៏បានបិទឧបករណ៍ដកដង្ហើមរបស់គាត់តែម្តង។
នៅថ្ងៃបន្ទាប់ សាកសពរបស់លោក Shanmukh Gombi ក៏ត្រូវបានគេនាំយកទៅមន្ទីរពេទ្យរដ្ឋមួយ ដើម្បីធ្វើកោសល្យវិច័យ និងធ្វើការស៊ើបអង្កេត។
អ្វីដែលនឹកស្មានមិនដល់បានកើតឡើង ដោយនៅពេលដែលលោក Shanmukh Gombi ត្រូវបានគេដាក់នៅលើតុប្រតិបត្ដិការកោសល្យវិច្ច័យ ហើយគ្រូពេទ្យហៀបនឹងធ្វើកោសល្យវិច័យទៅហើយ ស្រាប់តែគេសង្កេតឃើញថា សាកសព បានកម្រើកដៃ និងជើងរបស់គាត់បន្តិច។ រំពេចនោះ មនុស្សស្លាប់នេះ ក៏ត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ហើយក៏បានអះអាងថាគាត់ គឺនៅមានជីវិត។
ឧប្បត្តិហេតុដ៏កម្រនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាមិនអាចឈប់ឆ្ងល់បានទេថាហេតុអ្វីបានជាមនុស្សដែលនៅរស់ អាចត្រូវបានប្រកាសថាស្លាប់ និងត្រូវបានគ្រូពេទ្យទាញបំពង់ដកដង្ហើមគាត់ចេញ ព្រមទាំងបានយកគាត់ទៅដាក់លើតុធ្វើកោសល្យវិច័យទៀត។ ប្រសិនបើអ្នកជំងឺមិនមានសញ្ញានៃចលនា និងមិនមានការសំគាល់ឃើញពីអ្នកកោសល្យវិច័យទេនោះ តើវានឹងមានផលវិបាកអាចកើតឡើង វាពិតជាមិនគួរទាយទុកជាមុនបានទេ។ ទោះយ៉ាងណាខាងមន្ទីរពេទ្យឯកជនបានត្រឹមតែឆ្លើយតបយ៉ាងខ្លីថាក្រុមគ្រូពេទ្យនៅទីនេះ បានធ្វើការវិនិច្ឆ័យខុសអំពីស្ថានភាពរបស់អ្នកជំងឺ ហើយគ្មានការពន្យល់ ឬការសុំទោសអ្វីឡើយ។ អាកប្បកិរិយាព្រងើយកន្តើយរបស់មន្ទីរពេទ្យ និងកង្វះវិជ្ជាជីវៈ រួមទាំងការមិនទទួលខុសត្រូវរបស់វេជ្ជបណ្ឌិតបានធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍មិនសប្បាយចិត្ត និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។
សូមបញ្ជាក់បន្តិច បច្ចុប្បន្នលោក Shanmukh Gombi វ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានគេបានផ្ទេរទៅមន្ទីរពេទ្យមួយទៀត ដើម្បីទទួលបានការព្យាបាលបន្តរួចចរាល់ហើយ។ មួយវិញទៀត ក្រុមគ្រួសាររបស់អ្នកជំងឺមិនបានចែករំលែកអ្វីអំពីអារម្មណ៍ និងព័ត៌មានអ្វីបន្ថែមចំពោះឧប្បត្តិហេតុនេះលើកនេះទេ៕