ឌូបៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ត្បូងពេជ្រមួយដែលមានរហស្សនាមថា The Rock បានដាក់តាំងបង្ហាញជាលើកដំបូងនៅឯ Christie's Dubai របស់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម មុនពេលដេញថ្លៃ និងត្រូវបានគេរំពឹងថា វានឹងអាចប្រមូលបានប្រាក់រហូតដល់ទៅ ៣០លានដុល្លារអាមេរិកឯណោះ។
ជាក់ស្តែង ត្បូងពេជ្រនេះមានទម្ងន់រហូតដល់ទៅ ២២៨.៣១ការ៉ាត់ ដែលត្រូវបានគេជីកយករ៉ែ និងបូលានៅអាហ្វ្រិកខាងត្បូងកាលពីជាង២០ឆ្នាំមុន និងជាពេជ្រពណ៌សដ៏ធំបំផុតមិនធ្លាប់មានមកដាក់ដេញថ្លៃ។
រយៈពេលបីថ្ងៃប៉ុណ្ណោះ ដែលវាដាក់តាំងបង្ហាញនៅទីក្រុងឌូបៃ គិតចាប់ពីថ្ងៃទី២៦ ដល់ទី២៩ ខែមីនានេះ និងបន្ទាប់មកទៀត វានឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក តៃប៉ិ និងហ្សឺណែវ។
លោក Rahul Kadakia ប្រធានផ្នែកគ្រឿងអលង្ការអន្តរជាតិនៅ Christie's បានប្រាប់ AFP ឲ្យដឹងដែរថា៖ មជ្ឈឹមបូព៌ាតែងតែមានការកោតសរសើរយ៉ាងខ្លាំងចំពោះគ្រឿងអលង្ការ និងត្បូងសំខាន់ៗ ហើយយើងគិតថាវាជាការល្អសម្រាប់យើងក្នុងការដាក់លក់ត្បូងពេជ្រនៅ តំបន់ ដែលមានអ្នកប្រមូលត្បូងដ៏អស្ចារ្យជាច្រើនសម្រាប់ត្បូងសំខាន់ៗនៃធម្មជាតិនេះ។
ចំពោះការដេញថ្លៃនឹងធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ខណៈកំណត់ត្រាដេញថ្លៃពីមុនសម្រាប់ត្បូងពេជ្រគ្មានពណ៌ដ៏ធំបំផុត១៦៣.៤១ការ៉ាត់ បានដាក់ដេញថ្លៃកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងតម្លៃ៣៣.៧លានដុល្លារអាមេរិក៕
ប្រភព៖ Bangkok Post