ចម្លែកម្ល៉េះ! លោកតារូបនេះបានដុះស្នែងចេញពីកណ្តាលក្បាល ដោយសារតែ…

ឥណ្ឌា៖ បុរសវ័យចំណាស់ជនជាតិឥណ្ឌាម្នាក់ បានធ្វើឲ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងជំងឺដ៏កម្រនិងចម្លែក ដុះស្នែងចេញពីកណ្តាលក្បាល យ៉ាងគួរឲ្យខ្លាច។

លោកតា Shyam Lal Yadav មានអាយុ ៧៤ឆ្នាំ ជាកសិករម្នាក់ រស់នៅក្នុងភូមិ Rahli រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានកើតមានជំងឺដ៏ចម្លែកនេះ ក្រោយរូបគាត់បានជួបឧបទ្ទវហេតុមួយ រងរបួសផ្នែកក្បាលកាលពីកំឡុងឆ្នាំ២០១៤។

IMG_20220420_181421

ជំងឺនេះកាន់តែវិវឌ្ឍន៍ធ្ងន់ធ្ងរ ក៏ដោយសារតែ លោកតា Yadav ហាក់ព្រងើយកន្តើយនឹងការព្យាបាល រហូតបង្កទៅជាមេរោគដុះសាច់ ប្រៀបបីដូចជាគល់ឈើងាប់ ឬស្នែងសត្វ ដុះរីករាលដាលកាន់តែធំឡើងៗ នៅកណ្តាលក្បាលរបស់គាត់ទាំងបែបនេះតែម្តង ដែលមានប្រវែងជា ១០សង់ទីម៉ែត្រ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជំងឺដ៏កម្រនេះគឺកើតចេញពីមេរោគស្បែកងាប់ ដែលត្រូវបានគេរកឃើញមាននៅក្នុងម្រាមជើង និងសក់ក្បាលរបស់មនុស្ស ហើយភាគច្រើនវាតែងកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយការតស៊ូនឹងជំងឺដ៏កម្រនេះអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតលោកតា Yadav ក៏បានរកជំនួយពីគ្រូពេទ្យ ដោយទទួលបានការវះកាត់ដោយជោគជ័យកាលពីពេលថ្មីៗនេះផងដែរ។


IMG_20220420_181440

វេជ្ជបណ្ឌិតឈ្មោះ Vishal Gajbhiye បានមានប្រសាសន៍លើកឡើងថា៖ អស់រយៈពេលជាង៥ឆ្នាំមកនេះ អ្នកជំងឺមានអាការឈឺក្បាលយ៉ាងខ្លាំង ក្រោយកើតមានដុំសាច់មេរោគ ដុះកាន់តែធំនៅចំកណ្តាលលលាដ៍ក្បាលរបស់គាត់។ ដំបូងឡើយ គាត់មិនអើពើក្នុងការព្យាបាលនោះទេ ដោយសារតែគិតថា វាគឺជារឿងតូចតាច។ ផ្ទុយទៅវិញ រយៈពេលជាច្រើនមកនេះ គាត់តែងតែឲ្យជាងកាត់សក់ កាត់វាចោលនៅពេលដែលវាដុះបានរាងវែង។ ប៉ុន្តែក្រោយមក នៅពេលដែលដុំសាច់មេរោគនេះ បានដុះពកកាន់តែខ្លាំងនឹងរឹងមាំនោះ ទើបធ្វើឲ្យគាត់មានការភ័យខ្លាច និងមកកាន់មន្ទីរពេទ្យសុំជំនួយតែម្តង។

វេជ្ជបណ្ឌិតខាងលើនេះ បានបន្តទៀតថា៖ស្នែងដុះនេះ កើតចេញពីមេរោគស្បែកងាប់ (ដូចជាក្រចកស្អុយជាដើម) ដែលជាធម្មតាអាចកោរវាចេញបានដោយផ្លែឡាម។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លក្ខខណ្ឌនៃជំងឺនេះ ក៏នៅតែត្រូវទាមទារឲ្យមានការព្យាបាលផងដែរ។

IMG_20220420_181348

គួរបញ្ជាក់ថា បើទោះបីជាមានការលើកឡើងបែបណាក្តី ប៉ុន្តែមូលហេតុនៃស្នែងដុះនេះ ក៏នៅមិនទាន់ដឹងច្បាស់ពីមូលហេតុពិតប្រាកដនៅឡើយនោះទេ។ ប៉ុន្តែគេជឿជាក់ថា វាអាចបណ្តាលមកពីការប៉ះពាល់នឹងជាតិវិទ្យុសកម្ម ឬពន្លឺព្រះអាទិត្យខ្លាំង ក៏អាចបង្កទៅជាលក្ខខណ្ឌនៃបញ្ហានេះផងដែរ៕

IMG_20220420_181403