ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដាក់ដំណើរការកម្មវិធីធនាគារចល័តថ្មីឈ្មោះ “FTB Mobile”

នៅថ្ងៃទី២ ខែឧសភាព ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី ដែលមានឈ្មោះថា FTB Mobile សំរាប់អតិថិជនបុគ្គល និងដើម្បីជំនួសកម្មវិធីធនាគារចល័តតាមទូរស័ព្ទចាស់ ដែលមានឈ្មោះថាមហាបុត្រ (MohaBot)។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មីនេះគឺជាការឆ្លើយតបនឹងតម្រូវការកើនឡើង នៃសេវាកម្មធនាគារឌីជីថល ពោលគឺសេវាធនាគារចល័តតាមទូរស័ព្ទ។ ឥឡូវនេះ កម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី FTB Mobile មាននៅលើ Google Play Store និង App Store

FTB Mobile Telegram 02

“ភាពច្នៃប្រឌិតគឺជាផ្នែកមួយដ៍សំខាន់នៅក្នុងបេសកកម្មរបស់ធនាគារFTB ហើយដែលបានជួយជំរុញឱ្យធនាគារបន្តវិវត្តន៍ប្រកបដោយជោគជ័យ និងទទួលបានការពេញចិត្តពីសំណាក់អតិថិជនគ្រប់រូប និងគ្រប់ជំនាន់“ លោកសយ សត្យា នាយកសេវាធនាគារឌីជីថលរបស់ធនាគារ FTB បានមានប្រសាសន៍ថា FTB Mobile ត្រូវបានបង្កើតឡើងដោយផ្អែកលើធាតុស្នូលបី៖ សុវត្ថិភាព ងាយស្រួល និងរហ័ស។ ជាមួយនឹង FTB Mobile ធនាគារFTBមានគោលដៅបំពេញតាមតម្រូវការរបស់អតិថិជន   អោយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រួលដល់ការប្រើប្រាស់ និងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ​ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងប្រកបដោយទំនុកចិត្ត ក្នុងយុគសម័យឌីជីថលនេះ។“

នៅឆ្នាំ២០១៧ ធនាគារFTB បានដាក់ឱ្យដំណើរការមហាបុត្រ (MohaBot) ជាកម្មវិធីធនាគារចល័តមួយក្នុងចំណោមកម្មវិធីដំបូងគេមួយចំនួន ដែលបានចាប់ផ្តើមនៅក្នុងទីផ្សារកម្ពុជានាពេលនោះ ។ ក្នុងកំឡុងពេល៥ ឆ្នាំកន្លងទៅនេះ កម្មវិធី MohaBot បានផ្តល់ជូន​អតិថិជននូវនឹងមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ឥឡូវនេះ MohaBot ត្រូវបានជំនួសដោយកម្មវិធីទំនើបថ្មី " FTB Mobile " ដែលត្រូវបានបង្កើតឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត រួមទាំងមុខងារប្រើប្រាស់សំបូរបែបច្រើនបន្ថែមទៀត លើសពីនេះក៏មានរចនារូបរាងថ្មីទាំងស្រុង ប៉ុន្តែនៅតែតំណាងឱ្យអត្តសញ្ញាណ និងម៉ាកសញ្ញាអាជីវកម្មរបស់ធនាគារFTB 

Screen Shot 2022 05 04 At 4.33.46 PM

លោកសត្យាបានបន្តទៀតថា៖ “ធនាគារFTB សម្រេចបាននូវភាពច្នៃប្រឌិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់លើការ​បំពេញតាមតម្រូវការរបស់អតិថិជន។ នៅពីក្រោយភាពច្នៃប្រឌិតនេះ ក្រុមការងារទទួលបន្ទុកគំរោងរបស់ធនាគារបានបំពេញភារកិច្ចយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងអ្នកប្រើប្រាស់។ មូលហេតុទាំងនេះហើយដែលជាមួយនឹងFTB Mobile ធនាគារFTB ប្តេជ្ញាផ្តល់សេវាជូនអតិថិជនដោយមានការយកចិត្តទុកដាក់ខ្ពស់ ហើយព្រមទាំងមានបុគ្គលិកផ្នែកថែទាំអតិថិជននៅរង់ចាំគំាទ្រ និងផ្តល់សេវាជូន២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។​“

សេវាកម្មជាច្រើនសំបូរបែបដែលផ្តល់ជូនដោយ FTB Mobile ហើយអតិថិជនអាចធ្វើការពិនិត្យសមតុល្យ ផ្ទេរប្រាក់រវាងគណនីនៅក្នុងធនាគារFTB ផ្ទេរប្រាក់ទៅគណនីនៅធនាគារក្នុងស្រុក ធ្វើកាលវិភាគទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ទៅក្រៅប្រទេស បង់ថ្លៃទំនិញ សេវាតាមរយៈការស្កេន QR និងការស្នើសុំកម្ចីនៅលើកម្មវិធី​ FTB Mobile ផងដែរ។

អំពី FTB

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ​ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។​ ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៍រឹងមាំ និងសក្តានុពលនៃការអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ធនាគារFTBបានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។