មហោស្រពសៀកអន្តរជាតិទីនេះទីនោះត្រឡប់មកវិញហើយ!

សមាគមហ្វារពន្លឺសិល្បៈមានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងថា មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ លើកទី១១ នឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា។

Image 3

សមាគមហ្វារពន្លឺសិល្បៈ មានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងថា មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ លើកទី១១នឹងត្រលប់មកវិញម្តងទៀតដោយប្រព្រឹត្តិទៅនៅក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ មហោស្រពអន្តរជាតិទីនេះ ទីនោះ គឺជាមហោស្រពសៀកអន្តរជាតិដែលនាំយកសិល្បករ សិល្បការិនីជាច្រើននៅជុំវិញពិភពលោក មកបង្ហាញសមត្ថភាពនៃការសម្តែងសៀករបស់ពួកគេនៅតាមដងផ្លូវ និងទីប្រជុំជននានានៅក្នុងប្រទេសកម្ពុជា។ មហោស្រពទីនេះទីនោះឆ្នាំនេះ រួមមានសិល្បករ សិល្បការិនី មកពីប្រទេសកម្ពុជា ថៃ តៃវ៉ាន់ និងប្រទេសបារាំង ដែលនឹងមកប្រមូលផ្តុំគ្នានៅទីក្រុងបាត់ដំបងដើម្បីធ្វើការសម្តែង ចែករំលែកបទពិសោធន៍ ចំណេះដឹងជាមួយនឹងសិស្សសៀករបស់យើង បំផុសគំនិតពួកគេឲ្យដើរតាមក្តីស្រម៉ៃរបស់ខ្លួននៅក្នុងវិថីសិល្បៈ។

Image 2

កម្មវិធីរយៈពេល ៦ថ្ងៃនៃមហោស្រពនេះនឹងនាំយកមកនូវការសម្តែងសៀកខុសប្លែកគ្នាថ្មីៗរៀងរាល់ល្ងាចនៅក្នុងតង់សម្តែងនៃសមាគមហ្វារពន្លឺសិល្បៈ។ អ្វីដែលពិសេសនោះគឺលោកអ្នកអាចចូលរួមជាមួយសកម្មភាពសិល្បៈ ទស្សនាការសម្តែងខ្លីៗដោយឥតគិតថ្លៃ និងភ្លក់រសជាតិអាហារក្នុងស្រុកឆ្ងាញ់ៗផងដែរ។ មហោស្រពទីនេះទីនោះនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី ២៩ ខែឧសភា ជាមួយនឹងក្បួនដង្ហែរតុក្កតាយក្ស និងសៀក នៅតាមដងផ្លូវនៃទីក្រុងបាត់ដំបង។ នៅថ្ងៃសុក្រ ទី ៣ ខែមិថុនា គឺជាថ្ងៃបង្ហើយនៃកម្មវិធីដោយមានការប្រគុំតន្ត្រីចុងក្រោយដោយក្រុមតន្ត្រីហ៊ីបហប “ក្លាបយ៉ាហ៊ែន” ។

Image 1

គោលបំណងនៃមហោស្រពទីនេះទីនោះគឺនាំឲ្យមានការបំផុសគំនិតដល់យុវជន ជំរុញឲ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន លើកកម្ពស់សិល្បៈក្នុងសង្គមកម្ពុជា នាំមកនូវការរួបរួម និងការយល់ដឹងពីតម្លៃរួមរបស់គ្នា។

“ការនាំយក និងរៀបចំមហោស្រពសិល្បៈគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ហ្វារ ដើម្បីនាំយកសិល្បៈទៅកាន់ប្រជាជន និងចូលរួមជាមួយសហគមន៍ដើម្បីកសាងអត្តសញ្ញាណវប្បធម៌បេតិកភណ្ឌរួមគ្នា។ យើងសង្ឃឹមថាការនាំមកនូវមហោស្រពសិល្បៈនឹងជួយលើកមុខមាត់់ខេត្តបាត់ដំបង ជាខេត្តនៃមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ច្នៃប្រឌិតរបស់ប្រទេសកម្ពុជា” លោកអូស្មាន់ ខាវ៉ាចា បានមានប្រសាសន៍។ “យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលយើងបានទទួលការគាំទ្រពីអភិបាលខេត្តបាត់ដំបងដើម្បីឲ្យយើងអាចធ្វើជាម្ចាស់ផ្ទះនៃមហោស្រពសៀកទីនេះទីនោះនៅឆ្នាំនេះ ក្រោយពីមានការលុបចោលព្រឹត្តិការណ៍នេះម្តងកាលពីឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត។ ចាប់តាំងពីមានការបើកច្រកព្រំដែនឡើងវិញនៅក្នុងប្រទេសកម្ពុជាមក យើងច្បាស់ណាស់ថាព្រឹត្តិការណ៍មហោស្រពទីនេះទីនោះឆ្នាំនេះនឹងនាំឲ្យមានភាពសប្បាយរីករាយកើតឡើងសម្រាប់គ្រប់គ្នា  ទោះបីជាយើងមានរយៈពេលខ្លីក្នុងការរៀបចំក៏ដោយ។

Image 4

មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ ត្រូវបានឧបត្ថម្ភដោយ La Region Occitanie Organisation Internationale de la Francophonie ក្រសួងវប្បធម៌តៃវ៉ាន់ និងសហការរៀបចំកម្មវិធីដោយល្ខោនសៀកកម្ពុជាហ្វារ។ ការកើតមានឡើងនៃមហោស្រពនេះគឺជាឱកាសដ៏ល្អមួយដើម្បីនាំយកសិល្បករ សិល្បការិនីអន្តរជាតិ ក៏ដូចជាលើកទឹកចិត្តភ្ញៀវទេសចរណ៍ឲ្យត្រឡប់មកលេងខេត្តបាត់ដំបងជាថ្មីម្តងទៀត។

អំពីហ្វារៈ

ហ្វារពន្លឺសិល្បៈ គឺជាសាលាសិល្បៈមិនរកប្រាក់ចំណេញកម្ពុជា មានទីតាំងនៅខេត្ដបាត់ដំបង ដែលធ្វើការផ្តល់សិទ្ធិអំណាចដល់កុមារ យុវជននិងសហគមន៍ តាមរយៈកម្មវិធីសិល្បៈ អប់រំ សង្គម និង ការចុះសហគមន៍ តាំងពីឆ្នាំ១៩៩៤។

ដោយទទួលបានការបំផុសគំនិតពីថ្នាក់គំនូរនៅជំរុំជនភៀសខ្លួនសាយធូនៅជាប់ព្រំដែនខ្មែរ-ថៃ សិស្សគំនូរដែលបានរៀនកាលពីនៅជំរុំចំនួន ៨ នាក់បានត្រឡប់មកមាតុភូមិវិញហើយបង្កើតអង្គការ “ហ្វារពន្លឺសិល្បៈ” នៅឆ្នាំ ១៩៩៤ ដែលមានទីតាំងនៅភូមិអញ្ចាញ ក្រុងបាត់ដំបង។

គោលបំណងរបស់ហ្វារពន្លឺសិល្បៈ គឺដើម្បីកែលម្អការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ ហ្វារស្វាគមន៍សិស្សជាង ១០០០ នាក់ឲ្យចូលរៀនថ្នាក់សិល្បៈ និងសិក្ខាសាលាផ្សេងៗ។

ហ្វារពន្លឺសិល្បៈផ្តល់នូវវិធីសាស្រ្តរួមមួយចំពោះតម្រូវការរបស់កុមារនៅក្នុងផ្នែកនៃសកម្មភាពសង្គម ការអប់រំ ការអនុវត្តសិល្បៈ និងវប្បធម៌។ សកម្មភាពសង្គមរបស់ហ្វាររួមមានកម្មវិធីគាំពារកុមារ (មជ្ឈមណ្ឌលថែទាំកុមារ) និងសាលាមត្តេយ្យ (មជ្ឈមណ្ឌលកម្សាន្ត)។ កម្មវិធីអប់រំហ្វាររួមមាន កម្មវិធីអប់រំផ្លូវការ៖ ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ និងកម្មវិធីអប់រំក្រៅផ្លូវការមួយចំនួនរួមមាន អក្ខរកម្ម គណិតវិទ្យា បំណិនជីវិត និងថ្នាក់ភាសាបរទេស។

សិល្បៈត្រូវបានគេស្គាល់ថាជាគន្លឹះមួយដើម្បីផ្តល់អំណាចដល់បុគ្គលម្នាក់ៗដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ពួកគេ។ ថ្នាក់រៀន សកម្មភាពសិល្បៈ និងវប្បធម៌ជាច្រើនត្រូវបានអនុវត្តជារៀងរាល់ថ្ងៃដោយមិនគិតថ្លៃទៅកាន់សិស្សជាង ៥០០  នាក់។ ការបណ្តុះបណ្តាលរួមមាន៖ តន្ត្រី របាំសហសម័យ របាំបុរាណ របាំប្រពៃណី សិល្បៈសូនរូប ល្ខោន សៀក គំនូរជីវចល ការរចនាក្រាហ្វិក និងគំនូរ។

សិស្សានុសិស្សមកពីសាលាសិល្បៈទស្សនីយភាព និងសាលាជំនាញសិល្បៈសូនរូបសុទ្ធតែមានឱកាសក្នុងការទទួលបានចំណេះជំនាញពិតប្រាកដដើម្បីរៀបចំខ្លួនជាស្រេចក្នុងការបម្រើការងារជាសិល្បករអាជីពទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ឱកាសទាំងនេះនឹងលើកកម្ពស់អាជីពវិជ្ជាជីវៈរបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ទំនាក់ទំនង៖

លេខទូរសព្ចៈ +៨៥៥ ៩៦ ២៩១ ១១០៨

www.phareps.org

ធ្វើការកក់សំបុត្រៈ

[email protected]

០៧៧/៩៣ ៥៥៤ ៤១៣